ក្រុម​ស៊ើប​អង្កេត​​កំពុង​​ត្រួតពិនិត្យ​​ទីតាំង​​ធ្លាក់​យន្ដហោះ​​រុស្ស៊ី​​ខណៈ​​ព្រិល​ធ្លាក់​ខ្លាំង

12-02-2018 4:59 pm 556
  ស្តាប់
បុរសម្នាក់​កំពុងស្ថិត​នៅកន្លែងធ្លាក់យន្ដហោះ
ស្តាប់ជាសំឡេង

ក្រុម​ស៊ើបអង្កេត​នៅ​ថ្ងៃទី​១២​កុម្ភៈ​នេះ បានចាប់ផ្ដើម​រុករក​នៅ​ទីតាំង​ធ្លាក់​យន្ដហោះ​រុស្ស៊ី ដើម្បី​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​។ ទីតាំង​កើតហេតុ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ព្រិល ដូច្នេះ​ជា​ឧបសគ្គ​ខ្លាំង​សម្រាប់​ក្រុម​ស៊ើបអង្កេត​។ ពួកគេ​ពិបាក​ក្នុង​ការធ្វើដំណើរ ដូច្នេះ​ត្រូវ​ប្រើ​ឧបករណ៍​ជំនួយ ទើប​អាចធ្វើ​ប្រតិ​ប​ត្ដិ​ការស្វែងរក​បំណែ​ក​យន្ដហោះ​បាន​។ មនុស្ស​ជាង​៩០០​នាក់​កំពុង​ធ្វើ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ក្នុង​ការស្វែងរក ក្នុងនោះ​មាន​យន្ដហោះ​គ្មាន​មនុស្ស​បើក​ផងដែរ​។​

​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​បាន​និយាយថា នឹង​ពិចារណា​ពិភាក្សា​បន្ថែម ពី​ការពន្យល់​ហេតុផល​នៃ​ការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ ទៅដល់​សាធារណជន​ពិសេស​ក្រុមគ្រួសារ​ជនរងគ្រោះ​។ អ្វីដែល​ក្រុម​ស៊ើបអង្កេត​កំពុង​សន្និដ្ឋាន​បឋម​មា​ន កត្ដា​អាកាសធាតុ ដោយសារ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ មាន​ព្រិល​ធ្លាក់​ខ្លាំង​នៅ​រុស្ស៊ី​។ ក្រៅពីនេះ​មាន​កត្ដា​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន រួមទាំង​បញ្ហា​អ្នកបើកបរ​ជាដើម​។​

​សូមបញ្ជាក់ថា យន្ដហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​រុស្ស៊ី​ប្រភេទ​Antonov An-148 ផ្ទុក​មនុស្ស​សរុប​៧១​នាក់ ក្នុងនោះ​អ្នកដំណើរ​៦៥​នាក់​និង​បុគ្គលិក​៦​នាក់ បាន​ធ្លាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១១​កុម្ភៈ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ចាកចេញ​ពី​អាកាសយានដ្ឋាន​។ យន្ដហោះ​ខាងលើ​ជា​យន្ដហោះ​ដឹក​អ្នកដំណើរ​ក្នុងស្រុក ចាកចេញ​ពី​អាកាសយានដ្ឋាន​Domodedovo​ឆ្ពោះទៅ​ទីក្រុង​Orsk តែ​ជា​អកុសល​ក៏​ធ្លាក់​នៅ​ជាយក្រុង​ម៉ូស្គូ​៕

ព័ត៌មានផ្សេងទៀត