មេធាវី​៖​​លោក​កឹម សុខា ​អាច​នឹង​ស្លាប់​​បើ​មិន​​ទទួលបាន​​ការព្យាបាល​​ត្រឹមត្រូវ​​

12-02-2018 4:41 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុម​មេធាវី​លោក​កឹម សុខា នឹងដាក់​លិខិត​ស្នើសុំ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​នាំយក​លោក​កឹម សុខា មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​តាម​ការបញ្ជាក់​ពី​លោក​មេធាវី​ជួង ជូ​ងី ថា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​រូបនេះ កំពុង​ហ៊ុម​ព័ទ្ធដោយ​ជំងឺ​ផ្សេងៗ ដែល​ត្រូវ​ការតាមដាន និង​ព្យាបាល​ដោយ​យកចិត្តទុកដាក់​បំផុត​។ លោក​ជួង ជូ​ងី អះអាងថា បើទោះជា​ពេលនេះ​គ្រូពេទ្យ​ប្រចាំ​នៅ​ពន្ធនាគារ​កំពុង​តាមដាន​និង​ព្យាបាល​ក៏ដោយ ក៏​មិនទាន់​គ្រប់គ្រាន់​ដែល​ធានា​ឲ្យ​លោក​កឹម សុខា​មាន​សុខភាព​ល្អ​ឡើងវិញ​ដែរ​។ 

​តាម​ការបញ្ជាក់ នៅពេលនេះ លោក​កឹម សុខា កំពុងមាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ សំពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ជាពិសេស​នោះ គឺ​លោក​កំពុង​រង​នូវ​ការឈឺចាប់​ដោយ​ជំងឺ​គាប​សរសៃ​នៅ​ស្មា​ខាងឆ្វេង ដែល​ធ្វើឲ្យ​លោក​សម្រាក​មិនសូវ​បានដូ​ច​មុន​។ 

​លោក​ជួង ជូ​ងី អះអាងថា ការទាមទារ​នេះ មិនមែនជា​វោហារ​សាស្ត្រ​នយោបាយ ឬ​ជា​លេស​ដើម្បី ឲ្យ លោក​កឹម សុខា​បាន​នៅក្រៅ​ឃុំ​នោះទេ​។​លោក​បញ្ជាក់ថា សភាព​ជំងឺ​លោក​កឹម សុខា ពិតជា​ធ្ងន់ធ្ងរ ណាស់ ដែល​គ្រូពេទ្យ​នៅ​ពន្ធនាគារ មិនមាន​សម្ភារ​គ្រប់គ្រាន់ ក្នុង​ការព្យាបាល​ទេ​។​លោក​បន្ថែមថា បើ គ្មាន​ការព្យាបាល​ត្រឹមត្រូវ លោក​កឹម សុខា អាច​នឹង​ស្លាប់​នៅក្នុង​ពន្ធនាគារ ........

​សំឡេង​លោក​ជួង ជូ​ងី​៖

​យ៉ាងណាក៏ដោយ ក្រុម​លោក​មេធាវី​លោក​កឹម សុខា នៅ​មិនទាន់បាន​កំណត់​ពេលវេលា​ឲ្យ​ជាក់លាក់ ថា​តើ​នឹងដាក់​លិខិត​ទៅកាន់​តុលាការ​នៅពេល​ណាមួយ​នោះទេ តែ​គ្រាន់តែ​អះអាងថា​នឹងធ្វើ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន ព្រមាន​ថា កុំ​យក​អាយុជីវិត​លោក​កឹម សុខា​ម្នាក់​មក​ធៀប​នឹង​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​អី​។ លោក​ថា នេះ គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ​ចង់បាន​ការដោះលែង​កូនក្តី​របស់ខ្លួន​ឲ្យនៅ​ក្រៅ​ឃុំ​តែប៉ុណ្ណោះ​៕(ដោយ៖ខាត់ សុធី)

ព័ត៌មានផ្សេងទៀត