កំណើន​មនុស្ស​ចាស់​នឹង​កើនឡើង​ប្រមាណ​១,៥​លាន​នាក់​នៅ​ឆ្នាំ​២០២៥

12-02-2018 4:09 pm 292
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជួបជុំ​មនុស្ស​ចាស់​អតីត​មន្ត្រីរាជការ កងកម្លាំង​ចូលនិវត្តន៍ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កំណើន​មនុស្ស​ចាស់ នឹង​កើនឡើង​រហូត​ដល់​ប្រមាណ​១,៥​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២៥​។​

​លោក​ឃួង ស្រេង បាន​បន្ថែមថា នេះ​គឺជា​សារ​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​គិតគូរ​យកចិត្តទុកដាក់ អំពី​យន្តការ​ដើម្បី​គាំពារ​ផ្តល់នូវ​ភាពកក់ក្តៅ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជូន​ដល់​ជន​ចាស់ជរា​ទាំងអស់នោះ  ចៀសវាង​ទុក​ពួកគាត់​ឱ្យ​នៅ​ឯកា​តែ​ម្នាក់​ឯង​គ្មាន​ទីស្នាក់អាស្រ័យ​។​

សារព័ត៌មាន​កម្ពុជា​បាន​ដកស្រង់​សម្តី​របស់​លោក​បន្តថា រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​ប្រើប្រាស់​ឯកសា​រ គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​ចាស់​២០១៧-២០៣០ ដែល​ជា​ឯកសារ​ដ៏​មាន​សារៈ សំខាន់​សំដៅ​ជួយ​កសាង​សំណាញ់ សុវត្ថិភាព​មួយ និង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ គាំពារ​សង្គម​ដល់​មនុស្ស​ចាស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​ម្យ៉ាងវិញទៀត​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ឱ្យមាន​សមា​គម​មនុស្ស ចាស់​នៅ​តាម​បណ្តា សង្កាត់​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ គឺ​សេនាធិការ​ដ៏​សំខាន់​ក្នុង​ការងារ​នេះ​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​១៩៩៩ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា រៀបចំ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ និង​ជួយ​ជន​ចាស់ជរា​ដែលមាន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ជា​ប្រធានកិត្តិយស និង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា ជា​ប្រធាន ៕

 

 

 

 


ព័ត៌មានផ្សេងទៀត