ចិន​៖J-20​​ជា​យន្ដហោះ​​ចម្បាំង​​បំបាំងកាយ​ថ្មី​​បំផុត​មាន​​សក្ដានុពល​​ក្នុង​ការប្រយុទ្ធ​

12-02-2018 10:55 am 1658
  ស្តាប់
យន្ដហោះ​ចម្បាំង​បំបាំង​កាយ​J-20​របស់ចិន
ស្តាប់ជាសំឡេង

​បង្ហោះ​នៅលើ​គេហទំព័រ​ទាំងពីរ​របស់ខ្លួន គឺ​នៅលើ​គេហទំព័រ​កងទ័ព​រំដោះ​ប្រជាជន​ចិន និង​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ស៊ីន​ហ៊ួ​រ ចិន​បាន​និយាយថា​យន្ដហោះ​J-20 ជា​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​បំផុត​ជំនាន់​ទី​បួន​។ J-20​ត្រូវបាន​បំពាក់អាវុធ​រួចជាស្រេច និង​បាន​បញ្ជូន​ចូលក្នុង​ជួរ​កងទ័ព​ជើង​អាកាស​ចិន​។ យន្ដហោះ​ចម្បាំង​បំបាំងកាយ​នេះ ជា​ការឆ្លើយតប​ទៅ​យន្ដហោះ​ចម្បាំង​អាមេរិក​F-22​និង​F-35 ហើយ​អ្នកវិភាគ​ថា​J-20​មាន​តួនាទី​ដល់​ទៅ​ពីរ គឺអាច​វាយប្រហារ​នៅលើ​អាកាស​ផង និង​អាច​វាយប្រហារ​ទៅលើ​ដី​ផង​។​

​អ្នកនាំពាក្យ​កងទ័ព​រំដោះប្រជាជន​ចិន​បានបញ្ជាក់​បន្ថែមថា យន្ដហោះ​ចម្បាំង​នេះ​នឹង​បង្កើន​សមត្ថភាព​កងទ័ព​ជើង​អាកាស​ចិន​បាន​មួយកម្រិត​ទៀត ធ្វើឲ្យ​សមត្ថភាព​ប្រយុទ្ធ​កាន់តែ​ប្រសើរឡើ​ង ដើម្បី​ការពារ​ដែន​អធិបតេយ្យ សន្ដិសុខ និង​បូរណភាព​ទឹកដី​។ អ្នកជំនាញ​កងទ័ព​ចិន​និយាយដែរ​ថា​នៅ​ពេលអនាគត អ្នក​ដែល​មានបំណង​ធ្វើបាប​ចិន​តាម​ដែន​អាកាស យន្ដហោះ​ចម្បាំង​J-20​អាច​កំដ​ពួកគេ​បាន​គ្រប់ពេល ព្រោះ​វា​ជា​យន្ដហោះ​មាន​សមត្ថភាព​ខ្ពស់​។​

​អ្វីដែល​សំខាន់​វត្ដ​មាន​J-20​នៅក្នុង​ជួរ​កងទ័ពអាកាស​ចិន អាច​ផ្លាស់ប្ដូរ​តុល្យភាព​អំណាច​ដែនអាកាស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន ដែល​ពី​អតីតកាល​មានតែ​អាមេរិក​និង​សម្ព័ន្ធមិត្ដ​របស់គេ​ដូចជា​ជប៉ុន​ប៉ុណ្ណោះ មាន​សមត្ថភាព​បំពាក់អាវុធ​លើ​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​។ ប៉ុន្ដែ​ពេលនេះ​ភាពផ្ដាច់មុខ​របស់​អាមេរិក ត្រូវ​ចិន​បំបែក​បាន​ហើយ​តាមរយៈ​ការបង្កើត​យន្ដហោះ​ចម្បាំង​ជំនាន់​ថ្មី​បំផុត​J-20​។​

​សូមបញ្ជាក់ថា ចិន​បាន​ធ្វើតេស្ដ​ហោះហើរ​លើកដំបូង យន្ដហោះ​ម៉ាស៊ីន​ភ្លោះ​J-20​ក្នុង​ឆ្នាំ​២០១១​។ ចិន​បានបង្ហាញ​ឲ្យ​សាធារណជន​បានឃើញ ក្នុងអំឡុង​ពិធី​តាំងពិព័រណ៍​អាកាសចរណ៍ និង​អវកាស​អន្ដរជាតិ​នៅ​ជូ​ហៃ ជិត​ទីក្រុង​ហុងកុង​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៦៕

ព័ត៌មានផ្សេងទៀត