ពលរដ្ឋ​ខ្មែរ​ជិត​៣០០​នាក់​ត្រូវបាន​ទាហាន​ថៃ​ឃាត់ខ្លួន​

12-02-2018 10:32 am 3976
  ស្តាប់
ពលរដ្ឋខ្មែរទាំង ២៧៤នាក់ ដែលត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ។ រូបថតពី អគ្គស្នងការនគរបាលជាតិកម្ពុជា ។
ស្តាប់ជាសំឡេង

​ពលរដ្ឋ​ខ្មែរ​ចាស់​-​ក្មេង ចំនួន​២៧៤​នាក់ ត្រូវបាន​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ខ្លួន​រយៈពេល​៦​ម៉ោង រួមជាមួយ​និង​គោយន្ត​៤៩​គ្រឿង​របស់​ពួកគេ ។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​ក្រោយ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​ធ្វើដំណើរ​តាម​គោយន្ត​ដឹក​បន្លែ និង​កសិផល ឆ្លងដែន​ចូល​ទៅ​លក់​ក្នុង​ផ្សារណាត់​ទឹកដី​ថៃ ហើយ​ដឹក​ជី​ហាមឃាត់​ខុសច្បាប់ រំលោភ​កម្មសិទ្ធិបញ្ញា ចូល​មក​ទឹកដី​ខ្មែរ​វិញ នៅ​ចំណុច​ភូមិ​សាម​សូន្យ ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ឈម​និង​ភូមិ​គោក​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១១:៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​កុម្ភៈ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គស្នងកា​រ​នគរបាល​ជាតិ​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃ​ដដែល ។​

​លោក ឡុង សំណាង មេបញ្ជាការ​វរៈ​នគរបាល​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៨០៧ ប្រាប់ឱ្យដឹង​ថា ក្រុមហ៊ុន​ថៃ​បាន​ប្តឹង ថា​មាន​អាជីវករ​ថៃ​លក់​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ នាំ​ចូល​មក​ទឹកដី​កម្ពុជា ប៉ះពាល់​ក្រុមហ៊ុន​រកស៊ី​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា ដែល​នាំចូល​ផ្តាច់មុខ​ជី ដូច​ជា​សញ្ញា​ក្បាល​គោ ជាដើម  ។ ដោយហេតុនេះ​ហើយ ទើប​មាន​ករណី​ឃាត់ខ្លួន​នេះ​កើតឡើង​តែ​ម្តង ។​

​មេបញ្ជាការ​វរៈ​នគរបាល​សេនា​តូច បន្ថែមថា បន្ទាប់​ពី​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ម៉ោង នៅវេលា​ម៉ោង​៥:៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទាហាន​ថៃ​បាន​ដោះលែង​ឱ្យ​ត្រឡប់មកវិញ តាម​ច្រក​តំបន់​បឹង​ត្រកួន ក្រោយ​កម្លាំង​ភាគី​កម្ពុជា បាន​ចូល​ទៅ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ភាគី​ថៃ ។ លោក​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ដែល​ដឹក​ជី​ក្នុង​មួយ​គោយន្ត​១០​កា​រ៉ុង​ឡើងទៅ ត្រូវបាន​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ទុក ចំណែក​អ្នក​ដឹក​ចំនួន​ពី​២​ទៅ​៣​កា​រ៉ុង មិន​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​នោះ​ទេ ។ ក្រោយ​ដោះលែង​ពលរដ្ឋ​ខ្មែរ ទាហាន​ប៉ា​រ៉ា​ថៃ បាន​ដកហូត​ជី​ក្នុង​មួយ​គោយន្ត​ចំនួន ៣​ទៅ​៤​កា​រ៉ុង ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត