សមាគមសិល្បៈសុវណ្ណភូមិ ជាសមាគមមួយ ដែលមានបេសកកម្មបណ្តុះបណ្តាលសិល្បៈបុរាណខ្មែរ ដល់យុវជនជំនាន់ក្រោយផង និងបង្ហាញ លើកកកាយផ្សាយពីសិល្បៈវប្បធម៌ចំណាស់របស់ខ្មែរ ទៅកាន់មជ្ឈដ្ឋានទូទៅ ។ សមាគមនេះ មានការសម្តែងសិល្បៈជារៀងរាល់ល្ងាចថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ ថ្មីៗនេះ យុវជនជាមគ្គទេសក៍ មកពីខេត្តសៀមរាបបានប្រាប់អ្នកសារព័ត៌មានវិទ្យុវាយោថា គាត់មកមើលការសម្តែងសិល្បៈល្ខោនស្បែកធំ ក៏ព្រោះនៅខេត្តសៀមរាបពុំមានការសម្តែងបែបនេះទេ ចំណែកឯស្ត្រីដែលមានកូន៣នាក់មកជាមួយបានប្រាប់ថា គាត់នាំកូនៗមកចូលរួមមើល ដើម្បីឱ្យពួកគេបានស្គាល់ថាអ្វីជាវប្បធម៌ខ្មែរ ខណៈជនជាតិថៃថា គាត់មកមើលដើម្បីឱ្យដឹងពីភាពខុសគ្នារវាងសិល្បៈខ្មែរ និងថៃ...
នៅរាត្រីថ្ងៃទី០៩ ខែកុម្ភៈ នាសមាគមសិល្បៈសុវណ្ណភូមិ ម្តុំបឹងត្របែក មានការសម្តែងសិល្បៈ ល្ខោនស្រមោលស្បែកធំ និងល្ខោនខោល ដែលមានអ្នកចូលរួមបានចូលអង្គុយរង់ចាំ នៅក្នុងរោងជាបណ្តើរៗ ។ ខ្ញុំបានសង្កេតឃើញថា នៅកៅអីអង្គុយជួរមុខ ទាំង២ជួរ គឺសុទ្ធតែជាជនជាតិបរទេស ហើយចាប់ពីជួរទី៣ទៅជួរទី៤ គឺជាយុវជនខ្មែរ ។ វេលាម៉ោង៦ជាងបន្តិច ពន្លឺព្រះអាទិត្យក៏លិច ផ្តើមចេញនូវរូបរាងព្រះចន្ទជំនួស សំឡេងភ្លេងបុរាណខ្មែរ ក៏ចាប់ផ្តើមបន្លឺឡើងម្តងបន្តិច ជាបណ្តើរៗ ឯភ្ញៀវទស្សនាក៏ មកអង្គុយរង់ចាំ វេលាដែលត្រូវមានតួអង្គសម្តែងនៅលើឆាក ក្នុងរោងដែលមានត្រៀមក្រណាត់សមួយផ្ទាំងធំ ។
ខ្ញុំក៏បានក្រឡេកឃើញបុរស២នាក់ កំពុងអង្គុយជជែកគ្នា និងនិយាយទូរស័ព្ទ ដោយហាក់បីដូចជា កំពុងនិយាយហៅ រង់ចាំមិត្តភក្តិមកជាមួយ ។ បុរសម្នាក់ ក្នុងចំណោមទាំង២នាក់ ក្រោយបញ្ចប់ការសន្ទនា បានរៀបរាប់ប្រាប់ខ្ញុំថា គាត់គឺជាមគ្គទេសក៍ មកពីខេត្តសៀមរាប ដោយមានបំណងចង់មកទស្សនា ក៏បានហៅមិត្តភក្តិដែលនៅភ្នំពេញ ឱ្យជូនគាត់មកមើលតែម្តង ។ លោក បុត្រ បានប្រាប់ខ្ញុំថា មូលហេតុដែលលោក ចូលចិត្ត និងមកចូលរួមទស្សនាការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ និងល្ខោនខោល នារាត្រីនេះ ដោយសារតែនៅខេត្តសៀមរាប ពុំសូវមានការសម្តែងបែបនេះនោះឡើយ គឺមានតែការសម្តែងរបាំអប្សរា និងរបាំផ្សេងៗទៀតប៉ុណ្ណោះ បើនិយាយពីល្ខោនស្រមោលស្បែកធំ គឺពុំមានទេ…
សំឡេងលោក បុត្រ ៖
លោកបញ្ជាក់ប្រាប់ខ្ញុំថា ជាការសង្កេតរបស់លោកផ្ទាល់ ពលរដ្ឋនៅខេត្តសៀមរាប នៅមានការគាំទ្រច្រើន ទៅលើការសម្តែងសិល្បៈបុរាណខ្មែរ តែជាទូទៅ ច្រើនតែពុំសូវមានឱកាសបានមើលផ្ទាល់ ដោយទូលំទូលាយបានដូចអ្នកនៅភ្នំពេញទេ ។ បើចង់មើលផ្ទាល់នៅទីនោះ ទាល់តែមានការអញ្ជើញក្រុមសម្តែង ឬមានកម្មវិធី ហើយអ្នកសម្តែងឡើងពីភ្នំពេញទៅសៀមរាបតែម្តង ទើបអាចមានឱកាសបានមើល ។
មគ្គទេសក៍រូបនេះ ស្នើឱ្យមានសាលាបើកបង្រៀនសិល្បៈល្ខោននៅខេត្តសៀមរាប ដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្ស ក៏ដូចជាការផ្សព្វផ្សាយ និងអភិរក្សសិល្បៈខ្មែរឱ្យបានកាន់តែទូលាយ…
សំឡេងលោក បុត្រ ៖
លោកបុត្រ បាននិយាយអះអាងប្រាប់ខ្ញុំទៀតថា មួយរយៈចុងក្រោយនេះ សិល្បៈបុរាណខ្មែរ ហាក់មានការគាំទ្រច្រើនពីសំណាក់យុវជន ខណៈសិល្បៈបុរាណទាំងនេះ មានការលួចចម្លងពីប្រទេសជិតខាង ដែលកត្តាទាំងនេះ បានធ្វើឱ្យពលរដ្ឋខ្មែរភ្ញាក់រឭក ។ លោកស្នើឱ្យពលរដ្ឋ ពិសេសយុវជនទាំងអស់ ចូលរួមគាំទ្រសិល្បៈបុរាណខ្មែរបន្ថែមទៀត ព្រោះខ្មែរ គឺជាម្ចាស់នៃសិល្បៈបុរាណទាំងនេះ…
សំឡេងលោក បុត្រ ៖
ស្ត្រីម្នាក់កំពុងអង្គុយបរិភោគមីឆា មួយកញ្ចប់ជាមួយក្មេងៗប្រុសស្រីចំនួនបីនាក់ មើលទៅហាក់បីដូចជាកូនៗរបស់ខ្លួន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងរោងនេះ ទាំងបុគ្គលិកសមាគម និងសិល្បករទាំងអស់ បានស្គាល់ និងលេងជាមួយក្មេងៗប្រុសស្រីទាំងបីនោះច្បាស់តែម្តង ។ តាមពិតទៅ ក្រោយបានសាកសួរស្ត្រីនោះ ទើបខ្ញុំដឹងថា គាត់គឺជាអ្នកគាំទ្រការសម្តែងសិល្បៈបុរាណខ្មែរ តាំងពីយូរឆ្នាំមកហើយ ពោលគឺតាំងពីសមាគមនេះ មិនទាន់ផ្លាស់ប្តូរទីតាំងមកកន្លែងថ្មី ជាង៧ឆ្នាំនេះមកម្ល៉េះ ។
អ្នកស្រីសូ ស៊ីថា ប្រាប់ខ្ញុំថា មូលហេតុដែលអ្នកស្រីគាំទ្រ ពិសេសបានតែង នាំយកកូនតូចៗទាំង៣របស់អ្នកស្រី មកមើលល្ខោន ព្រោះអ្នកស្រីចង់ឱ្យក្មេងៗស្រករក្រោយ បានស្គាល់ពីល្ខោនខោល ល្ខោនស្បែក ដោយសារតែពួកគេមិនទាន់បានស្គាល់ពីអ្វីជាល្ខោន សិល្បៈបុរាណខ្មែរទេ ។ អ្នកស្រីប្រាប់ខ្ញុំថា យុវជនទាំងអស់គួរបង្កើនការគាំទ្រសិល្បៈបុរាណខ្មែរ ដើម្បីឱ្យខ្លួនឯងបានយល់ បានដឹងកាន់តែច្បាស់ ស្របពេលយុវជនខ្លះ មិនទាន់បានដឹងថា អ្វីជាសិល្បៈល្ខោនខោលស្បែក ឬស្បែកផលិតពីអ្វីជាដើម ។
ដោយឡែក បុរសពាក់វ៉ែនតា និងពាក់មួកម្នាក់ កំពុងអង្គុយឱន ឈ្ងោកចុចទូរស័ព្ទដៃរង់ចាំការសម្តែងតែម្នាក់ឯង នៅលើកៅអីដែលគេរៀបចំនៅក្នុងរោង បានប្រាប់ខ្ញុំថា គាត់គឺជាជនជាតិថៃ ហើយហេតុដែលគាត់មកមើលការសម្តែងសិល្បៈនេះ ព្រោះគាត់ចូលចិត្តមើល ស្រឡាញ់សិល្បៈបុរាណខ្មែរ ម្យ៉ាងគឺគាត់ចង់ដឹងថា សិល្បៈខ្មែរ និងថៃមានភាពខុសគ្នាយ៉ាងដូចម្តេច…
សំឡេងលោក ស៊ុ រៈសៈ ៖
លោក ស៊ុរៈសៈ ប្រាប់ខ្ញុំថា គាត់បានមកមើលការសម្តែងសិល្បៈនៅសមាគមសុវណ្ណភូមិនេះ ចំនួន៤ ទៅ ៥ដង មកហើយ តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ។ គាត់ប្រាប់ខ្ញុំទៀតថា បើនៅប្រទេសថៃ ទាល់តែមានកម្មវិធីធំៗ ទើបមានការសម្តែងល្ខោនដូចនេះ ។ ហើយ នៅប្រទេសថៃ ការសម្តែងបែបនេះ គឺគេតែងធ្វើនៅក្នុងរោងមហោស្រពសម្រាប់សម្តែងសិល្បៈទាំងតែម្តង ដូចជា រោងមហោស្រពចតុមុខរបស់ខ្មែរជាដើម ។
យ៉ាងណាម៉ិញ ស្ត្រីជាអ្នកលក់សំបុត្រចូលទស្សនាក្នុងរោងម្នាក់ បានប្រាប់ខ្ញុំ នៅពេលខ្ញុំចូលទៅរកទិញសំបុត្រពីគាត់ថា គាត់គឺជា ជាងចម្លាក់ស្បែក នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិ ។ គាត់បានចំណាយពេលប្រឡូកក្នុងសិល្បៈល្ខោនស្បែក ចំនួន១៤ឆ្នាំមកហើយ អ្វីដែលអ្នកស្រីសង្កេតឃើញ ជាធម្មតា អ្នកស្រីសង្កេតឃើញថា ចំពោះការគាំទ្រសិល្បៈទាំងនេះ គឺច្រើនតែជាជនបរទេស តែបើជនជាតិខ្មែរ ហាក់ពុំសូវមានការគាំទ្រច្រើននៅឡើយទេ ។
អ្នកស្រី ហេង វណ្ណថា ប្រាប់ខ្ញុំទៀតថា អ្វីដែលជាការលំបាកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ក្នុងការបម្រើសិល្បៈបុរាណនេះគឺ ខ្វះការគាំទ្រ កាលណាមានការគាំទ្រច្រើន តាមរយៈការចូលមកទស្សនា នោះការលក់សំបុត្រ ក៏បានច្រើន ដូច្នេះ ចំណូលក៏បានច្រើន សម្រាប់ជួយទ្រទ្រង់ធ្វើឱ្យសកម្មភាពអភិរក្ស ផ្សព្វផ្សាយសិល្បៈបុរាណខ្មែរនេះ នៅឋិតថេរ ។
ជាងចម្លាក់ស្បែករូបនេះ ស្នើឱ្យពលរដ្ឋ ពិសេសយុវជន ងាកមកគាំទ្រឱ្យបានច្រើនឡើងថែមទៀត ដោយចូលមកទស្សនាការបង្ហាញសិល្បៈបុរាណខ្មែរ ដើម្បីទ្រទ្រង់ដល់សមាគមសិល្បៈ ក៏ដូចជាមកយល់ដឹង ស្វែងយល់ពីសិល្បៈបុរាណរបស់ខ្លួន…
សំឡេងអ្នកស្រី ហេង វណ្ណថា ៖
អ្នកស្រីវណ្ណថា បញ្ជាក់ប្រាប់ខ្ញុំបន្ថែមថា តម្លៃសម្រាប់ចូលមកទស្សនា សម្រាប់សិស្ស-និស្សិត គឺមានតម្លៃតែ១ម៉ឺនរៀលប៉ុណ្ណោះ ដោយតម្រូវឱ្យបង្ហាញកាតសិស្សជាមួយ ។ ឯពលរដ្ឋទូទៅ សំបុត្រមានតម្លៃ២ម៉ឺនរៀល និងភ្ញៀវបរទេស សំបុត្រតម្លៃ៤ម៉ឺនរៀល ។
កម្មវិធីសម្តែងសិល្បៈ នឹងមានជារៀងរាល់ល្ងាចថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ ដល់ម៉ោង៨:៣០យប់ នៅសមាគមសិល្បៈសុវណ្ណភូមិ ។ សមាគមនេះ គឺមានទីតាំងស្ថិតនៅម្តុំបឹងត្របែក ផ្ទះលេខ១៦៦ ផ្លូវ៤៨៤ កែងផ្លូវ៩៩ ។
(រាយការណ៍ដោយ៖ គង់ ឧត្តម)