លោក​Pence រម្លឹក​ជំហរ​រក្សា​ទណ្ឌកម្ម​ខណៈ​បងប្អូន​កូរ៉េ​ទាំងពីរ​បង្ហាញ​ភាពស្និទ្ធស្នាល​

11-02-2018 3:09 pm 454
លោកMike Penceអង្គុយក្បែរប្អូនស្រីលោកគីម ជុងអ៊ុននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប្រារព្ធធ្វើនៅប្រទេសកូរ៉េខាងត្បូង

រដ្ឋបាល​អាមេរិក​បាន​ព្យាយាម​រក្សា​សម្ពាធ​លើ​កូរ៉េខាងជើង តាមរយៈ​ការដាក់ទណ្ឌកម្ម និង​វោហា​សាស្ត្រ​ដ៏​តឹងតែង ពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ លោក Mike Pence​អនុ​ប្រធានាធិបតី​អាមេរិក បាន​និយាយថា អាមេរិក​និង​កូរ៉េខាងត្បូង បានបញ្ចប់​ការ​ព្រមព្រៀងគ្នា លើ​ភាពចាំបាច់​ក្នុង​ការរក្សា​ទណ្ឌកម្ម ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅពេល​ចេញដំណើរ​មក​កាន់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការ​កីឡា​អូឡាំពិក កាលពី​ថ្ងៃ​សៅ​រ៍លោក Pence ថា ទំនាក់ទំនង​អាមេរិក កូរ៉េខាងត្បូង​និង​ជប៉ុន នៅតែ​ល្អប្រសើរ​ដូច​មុន​។ ពាក់ព័ន្ធ​នឹង​សម្ពាធ​ទាំងឡាយ ជាពិសេស​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច និង​ការទូត នៅតែ​បន្ត​រក្សា​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​ដដែល រហូតដល់​ទីក្រុង​ព្យុងយ៉ាង យល់ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែ​។ ការ​ថ្លែង​របស់​អនុ​ប្រធានាធិបតី​អាមេរិក ទំនង​ដើម្បី​បញ្ជាក់ថា បើទោះបី​ស្ថានភាព​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង ល្អប្រសើរ​យ៉ាងណាក៏ដោយ ក៏​មិន​ភ្លេច​សម្ពាធ​ដាក់​លើ​ក្រុង​ព្យុងយ៉ាង​ដែរ​។ 

​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ ត្រូវបាន​គេ​មើលឃើញថា កាន់តែ​ប្រសើរ ចាប់តាំងពី​មាន​ការជួបពិភាក្សាគ្នា រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ រឿង​បញ្ជូន​អត្ត​ពលលិក ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​។ អំឡុងពេល​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃទី​៩​ដល់​២២​កុម្ភៈ​ឆ្នាំ​២០១៨ ប្អូនស្រី​បង្កើត​របស់​គីម ជុង​អ៊ុន​បាន​ដឹកនាំ​គណៈប្រតិភូ ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅក្នុង​វិមាន​ប្រធានា​ធីបតី ក្នុង​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង​ថ្ងៃទី​១០​កុម្ភៈ​ផងដែរ ។ នៅក្នុង​ឱកាស​ដ៏​កម្រ​នេះ អ្នកនាងគីម យូចុង ក៏បាន​ពាំនាំ​សារ​របស់​លោកគីម ជុងអ៊ុន ប្រាប់​លោក​មូន ជែ​អ៊ីន​ផងដែរ ដោយបាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​ឲ្យធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​

​នេះ​គឺជា​លើក​ទី​បី​ហើយ ដែល​កូរ៉េខាងជើង បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេសរ​បស់​គេ​។ គ្រា​លោក​គីម ជុងអ៊ីល​ឪពុក​លោក​គីម ជុង​អ៊ុន នៅ​ជា​មេដឹកនាំ​កូរ៉េខាងជើង លោក​បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ពីររូប ឲ្យធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​ផងដែរ ដើម្បី​ពិភាក្សា​ការងារ​៕

ព័ត៌មានផ្សេងទៀត