អ៊ីស្រាអែល​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​អ៊ីរ៉ង់​និង​ស៊ី​រី​

11-02-2018 12:18 pm 4920

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ប៊ែន​យ៉ា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​អំឡុងពេល​ជួបប្រជុំ​ជាមួយ​ប្រមុខ​យោធា​របស់គាត់​កាលពី​ថ្ងៃ​សៅ​រ៍ថា អ៊ីស្រាអែល​ចង់បាន​សន្តិភាព ប៉ុន្តែ​មិនមែន​មានន័យថា អ៊ីស្រាអែល នៅ​ស្ងៀម​នោះទេ ពោល​នឹង​វាយបក​ដើម្បី​ការពារ​ខ្លួន ពី​ការប៉ុនប៉ង​វាយប្រហារ​ណាមួយ​របស់​អ៊ីរ៉ង់ ចេញពី​ប្រទេស​ស៊ី​រី ឬ​ពី​គ្រប់​ទីកន្លែង​ទាំងអស់​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា មិន​អនុញ្ញាតឲ្យ​អ៊ីរ៉ង់ បង្កើត​យោធា​ក្នុងប្រទេស​ស៊ី​រី​ដាច់ខាត​។​

​មន្ត្រីជាន់ខ្ពស់​ផ្នែក​ទ័ពអាកាស​អ៊ីស្រាអែល បាន​និយាយថា អ៊ីស្រាអែល​ឆ្លើយតប​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​របស់ខ្លួន​ក្នុងប្រទេស​ស៊ី​រី ហើយ​ការ​វាយបក​វិញ​នេះ គឺជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន ចាប់តាំងពី​ឆ្នាំ​១៩៨២​មក​។​

​មូលហេតុ​ដែល​ធ្វើឲ្យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ខឹងសម្បា​នឹង​អ៊ីរ៉ង់​និង​ស៊ី​បែបនេះ ក្រោយពេល​យន្តហោះ​អ៊ីស្រាអែល​មួយគ្រឿង​ប្រភេទ  F-16  ត្រូវបាន​បាញ់ឲ្យ​ធ្លាក់ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីស្រាអែល នៅពេល​កំពុង​ហោះហើរ​ក្នុងប្រទេស​ស៊ី​រី កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​យន្តហោះ ហោះ​ក្រវែល​ក្នុង​ដែនដី​ស៊ី​រី បន្ទាប់ពី​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ ហោះ​ចេញពី​មូលដ្ឋាន​ក្នុងប្រទេស​ស៊ី​រី ចូលមកក្នុង​ដែនដី​ប្រទេស​អ៊ីស្រាអែល ដែល​ទីក្រុង​តាល់​អាវីវ​ចាត់ទុក​សកម្ម​ភាព​បែបនេះ​ថា ជា​ការប៉ុនប៉ង​វាយប្រហារ​លើ​ខ្លួន​។ នៅក្នុង​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​អ៊ីស្រាអែល បណ្តាលឲ្យ​អ្នកបើក​យន្តហោះ​ពីរនាក់​រងរបួស​ផងដែរ​។​

​ភ្លាមៗ​អ៊ីស្រាអែល​ក៏បាន​បើក​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​ចំនួន​២​លើក កម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ី​រី និង​ទី​តាំងរបស់​អ៊ីរ៉ង់​ក្នុងប្រទេស​ស៊ី​រី ប៉ុន្តែ​មិនមាន​សេចក្តីរាយការណ៍ ពី​អ្នកស្លាប់​និង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។ ពាក់ព័ន្ធ​នឹង​ការបញ្ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ចូល​ក្នុងប្រទេស​អ៊ីស្រាអែល ត្រូវបាន​បដិសេធ​ដោយ​អ៊ីរ៉ង់​និង​ស៊ី​រី​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់ ថា​ការចោទប្រកាន់​របស់​អ៊ីស្រាអែល​ជា​រឿង​មិន​ពិត ហើយ​ថា អ៊ីរ៉ង់​មិនមាន​វត្តមាន​យោធា នៅក្នុង​ប្រទេស​ស៊ី​រី​ទេ កន្លងមក​ខ្លួន​បាន​បញ្ជូន​តែ​ទីប្រឹក្សា​យោធា តាម​សំណើ​របស់​រដ្ឋាភិបាល​ស៊ី​រី​ប៉ុណ្ណោះ​។​

​អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្ត​ស៊ី​រី បាន​ជួយ​ស៊ី​រី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​តាំងតែ​ពី​ឆ្នាំ​២០១១​។ ប៉ុន្តែ​អ៊ីរ៉ង់​ជា​សត្រូវ​ជាមួយ​អ៊ីស្រាអែល​។ ស៊ី​រី​និង​អី​ស្រា​អែល​មាន​ប្រវត្តិ​មិនល្អ​តាំងពី​អតីតកាល​។ អ៊ីស្រាអែល​បាន​កាន់កាប់​តំបន់ Golan Heights ដែល​រឹបអូស​បាន​ក្នុង​សង្គ្រាម​រយៈពេល​៦​ថ្ងៃ ក្នុង​ឆ្នាំ​១៩៦៧ តែ​មិន​ត្រូវបាន​ទទួលស្គាល់ ដោយ​សហគមន៍​អន្ដរជាតិ​នោះទេ​៕

ព័ត៌មានផ្សេងទៀត