ប្រធានាធិបតី​​កូរ៉េខាងត្បូង​​បើ​កិច្ចប្រជុំ​​ជាមួយ​​គណៈប្រតិភូ​​កូរ៉េខាងជើង​

10-02-2018 2:20 pm 1276
កិច្ចប្រជុំ​រវាង​កូរ៉េខាងត្បូង​​និងកូរ៉េខាងជើង​​នៅថ្ងៃទី១០​កុម្ភៈ

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​មកពី​កូរ៉េខាងជើង នៅក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​សេ​អ៊ួ​ល​នា​ថ្ងៃទី​១០​កុម្ភៈ​នេះ​ដូចជា​ការគ្រោងទុក​។ មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ ក៏មាន​ប្អូនស្រី​បង្កើត​លោក​គីម ជុង​អ៊ុន​ផងដែរ​។ គណៈប្រតិភូ​កូរ៉េខាងជើង បានមក​ចូលរួម​ក្នុង​ពិធី​បើកព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​។

​ភាគី​ទាំងសងខាង​បាន​ពិភាក្សាគ្នា​រយៈពេល​ប្រមាណ​៣​ម៉ោង តែ​មិនទាន់មាន​ការបញ្ជាក់​ល្អិត​ពី​លទ្ធផល​ក្នុង​កិច្ចប្រជុំ​ឡើយ ក្រៅតែពី​ការបញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​បាន​ស្នើឲ្យ​មានដំណើរទ​ស្សន​កិច្ច របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅកាន់​ក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។​

​ក្រុមអ្នកតាមដាន​ស្ថានការណ៍​កំពុង​ឃ្លាំមើល​មិន​ដាក់​ភ្នែក ថា​តើ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ជែ​អ៊ីន នឹង​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែ​រ ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​អន្ដរ​កូរ៉េ​ឬ​យ៉ាងណា​។ ស្របពេល​ជាមួយគ្នា​ក៏​កំពុង​មានការ​ចាំមើល​យ៉ាង​យកចិត្ដទុកដាក់​ដែរ ថា​តើ​អ្នកស្រី​គីម យ៉ូ​ជុង​ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េខាងជើង បាន​នាំសារ​អ្វីខ្លះ​ពី​លោក​គីម ជុង​អ៊ុន​មក​ប្រាប់​លោក​មូន ជែ​អ៊ីន​៕

 

ព័ត៌មានផ្សេងទៀត