ក្រសួង​សាធារណការ​និង​JICA រួម​គ្នា​បញ្ជ្រាប​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​លូ​ដល់​សិស្ស​ជាង​៥០០​នាក់​

10-02-2018 1:36 pm 391
  ស្តាប់
សិស្សានុសិស្សក្នុងសាលាបឋមសិក្សាជ័យជំនះ ចូលរួមក្នុងពិធីរើសសំរាម​ក្នុងទីធ្លាសាលា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​ទីក្រុង​ឃី​តា​ឃ្យូ​ស្យ៊ូ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ក្រសួង​សាធារណការ​កម្ពុជា បានរួម​គ្នា​រៀបចំ​នូវ​កម្មវិធី​បញ្ជ្រាប​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​លូ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ នា​សាលាបឋមសិក្សា​ជ័យជំនះ ។ លោក សាំ ពិ​សិទ្ធ ប្រធាន​មន្ទីរ​សាធារណការ​ថ្លែងថា ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​មាន​ប្រព័ន្ធ​រំដោះ​ទឹក​កំពុង​ប្រើប្រាស់​ចំនួន​៥​ប្រភេទ តែ​យើង​ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត​មុន​នឹង​បង្ហូរ​ចូល​ទន្លេ​នៅ​ឡើយ ដែល​នេះ វា​នៅតែ​ជា​បញ្ហា​ធ្វើឱ្យ​មាន​ការបំពុល​ទឹក ។ លោក​បង្ហើប​ប្រាប់ថា កម្ពុជា​នឹង​ទទួលបាន​ជំនួយ​ពី JICA ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​ជំហាន​មួយ ដែល​មាន​ទឹកប្រាក់​ចំនួន​ប្រមាណ ២៧​លាន​ដុល្លារ ...

​លោក សាំ ពិ​សិទ្ធ ប្រធាន​មន្ទីរ​សាធារណការ ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា ក្រសួង​សាធារណការ កំពុង​កសាង​ប្រព័ន្ធ​បណ្តាញ​លូ​នៅក្នុង​ទីក្រុង​ភ្នំពេញ​បន្ថែម ខណៈ​បច្ចុប្បន្ន​យើង​មាន​ចំនួន​ជាង​៧០០​គីឡូម៉ែត្រ ។ សម្រាប់​ជា​គម្រោង​ក្នុង​ឆ្នាំ​២០១៨ ក្រសួង​រំពឹងថា​នឹង​អាច​កសាង​ប្រព័ន្ធ​លូ​ថ្មី​សរុប​ជាង​៩០០​គីឡូម៉ែត្រ​បន្ថែមទៀត​…
សំឡេង​លោក សាំ ពិ​សិទ្ធ ៖

​លោក​បញ្ជាក់ថា នៅក្នុង​រយៈពេល​៤​ឆ្នាំ ក្រសួង​សាធារណការ​បាន​ធ្វើ​ប្រព័ន្ធ​បណ្តាញ​លូ ចំនួន​ជាង ៣៥០ គីឡូម៉ែត្រ ដែល​ការងារ​ទាំងនេះ វា​បាន​ជួយ​កាត់បន្ថយ​នូវ​ការ​លិច​ទឹក​បាន​ច្រើន​នា​ពេលកន្លងមក ។ លោក​រំពឹង​ថា នៅក្នុង​ឆ្នាំ​២០១៨ ប្រព័ន្ធ​លូ​ថ្មី​នឹង​អាច​កាត់បន្ថយ​ការ​លិច​ទឹក​បាន​ច្រើន​…
​សំឡេង​លោក​សាំ ពិ​សិទ្ធ ៖

​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧ កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ថ្មី​មួយ លេខ ២៣៥ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ទឹក​កខ្វក់ ។ អនុក្រឹត្យ​នោះ ក៏​មាន​ការដាក់ទោស​ចំពោះ​បទល្មើស​ទាំងឡាយ​ណា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បណ្តាញ​លូ ។ លោក​សាំ ពិ​សទ្ធបញ្ជាក់ថា គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ធ្វើ​ការផ្សព្វផ្សាយ​នូវ​អនុក្រឹត្យ​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង ចៀសវាង​ការប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ ។​

​លោក​សាំ ពិ​សិទ្ធ ថ្លែងបន្ត​ថា សំណល់ផ្លា​ស្ទិក ក៏​នៅតែ​ជា​បញ្ហា​ដល់​បរិស្ថាន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅឡើយ ។ លោក​ថា ពលរដ្ឋ​គួរ​ប្រើប្រាស់​ក្រដាស ឬ​សម្ភារៈ​ផ្សេងៗ​ក្រៅពី​ផ្លា​ស្ទិក ដែល​ងាយ​រលួយ​នៅ​ក្នុង​បរិស្ថាន ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​នូវ​ការបំពុល​បរិស្ថាន​នៅ​ក្នុង​ទីក្រុង និង​ជនបទ ។​

​ប្រធាន​មន្ទីរ​សាធារណការ​រូបនេះ បង្ហើប​ប្រាប់ថា កម្ពុជា​នឹង​ទទួលបាន​គម្រោង​ជំនួយ​ពី JICA ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​ជំហាន​មួយ ដែល​មាន​ទឹកប្រាក់​ចំនួន​ប្រមាណ ២៧​លាន​ដុល្លារ​…

សំឡេង​លោក សាំ ពិ​សិទ្ធ ៖

​យ៉ាងណាម៉ិញ តំណាង​អង្គការ JICA ប្រចាំ​នៅ​កម្ពុជា លោក ម៉ាសា​ហ៊ី នី​ស៊ីកា​វ៉ា (Massahi Nishikawa) បាន​ប្រាប់​តាមរយៈ​អ្នក​ប្រែ​របស់​លោក​ថា អង្គការ​JICA មាន​បំណង​ជួយ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកស្អុយ​ឱ្យបាន​ត្រឹមត្រូវ ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​អាច​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​…
​សំឡេង​អ្នកបកប្រែ ៖

​តំណាង​អង្គការ​JICA រូបនេះ​បន្ត​ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ យើង​គួរតែ​ចាប់ផ្តើម​ធ្វើ​អ្វី ដែល​អាច​ធ្វើទៅបាន​ជាមុន​សិន គឺ​ជួយ​កាត់បន្ថយ​សំរាម តាមរយៈ​ការ​ចោល​សំរាម​នៅ​ទី​សាធារណៈ មក​ចោល​សំរាម​នៅ​ក្នុង​ធុង​ឱ្យបាន​ត្រឹមត្រូវ ។ ការ​ចោល​សំរាម​នៅ​ទីសាធារណៈ នឹង​អាច​បង្ក​ទៅ​កកស្ទះ​នៅ​តាម​មាត់​លូ ឬ​ប្រឡាយ​ទឹកស្អុយ រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ កត្តា​នេះ នឹង​ធ្វើឱ្យ​ទីក្រុង​ភ្នំពេញ​ជួប​ផលប៉ះពាល់​បរិស្ថាន ។ 

​លោក ម៉ាសា​ហ៊ី នី​ស៊ីកា​វ៉ា ស្នើ​ឱ្យ​ពលរដ្ឋ​យល់ឃើញថា ទាំង​ទឹកស្អាត និង​ទឹក​កខ្វក់ គឺ​សុទ្ធតែ​មាន​សារៈសំខាន់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​…
​សំឡេង​អ្នកបកប្រែ ៖

​យុវជន ញុំាង ដេវីដ សិស្ស​ថ្នាក់​ទី​៦ នៃ​សាលាបឋមសិក្សា​ជ័យជំនះ ដែល​បាន​ចូលរួម​កម្មវិធី​នៅ​ព្រឹក​នេះ បាន​ប្រាប់ថា ការ​ចោល​សំរាម​នៅ​ក្នុង​ធុង​ត្រឹមត្រូវ វា​បាន​ជួយ​ដល់​សង្គម​ឱ្យ​មាន​បរិស្ថាន​ស្អាត ការពារ​មិន​ឱ្យ​ហើរ​ពាសវាល​ពាសកាល​តា​ម​ផ្លូវ ជាពិសេស​នោះ គឺ​នឹង​ជួយ​មិន​ឱ្យ​មាន​ការ​លិច​ស្ទះលូ ឬ​បង្កើត​ទៅជា​ទឹក​ជន់​លិច​ក្នុង​ទីក្រុង​ជាដើម ។​

​គូសបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុង​ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង ចំនួន​៥​ប្រភេទ ដូចជា បណ្តាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង គ្រប់​ប្រភេទ និង​គ្រប់​ទំហំ ប្រមាណ ៧៣២.៣១២ ម៉ែត្រ ។ អណ្តូង​លូ គ្រប់​ប្រភេទ និង​គ្រប់​ទំហំ ចំនួន ៤៤.៨០៧ អណ្តូង​លូ ។ ប្រឡាយ​ចំហ បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ចំនួន​៣៨ ប្រឡាយ សរុប​ប្រវែង ៥៩.៥៤៩ ម៉ែត្រ ក្នុងនោះ​ប្រឡាយ បេតុង​ប្រវែង ៣.៥៥៦ ម៉ែត្រ ។ អាង​ស្តុក​ទឹកភ្លៀង​ក្រោម​ដី​តាម​មាត់​ទន្លេសាប ចំនួន​៤​កន្លែង និង​ស្ថានីយ​បូមទឹក​ជុំវិញ​ទីក្រុង ចំនួន ១៣ ស្ថានីយ ។ ដោយឡែក បច្ចុប្បន្ន រាជធានី​ភ្នំពេញ ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត​ទឹក​កខ្វក់ មុន​នឹង​បង្ហូរ​ចូល​ទន្លេ និង​បឹងបួរ​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការបំពុល​ទឹកទន្លេ និង​បឹងបួរ មួយចំនួន​នៅ​ប៉ែក​ខាងត្បូង និង​ខាងជើង​រាជធានី​ភ្នំពេញ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត