ប្រធានាធិបតី​ហ្វីលីពីន​៖​​បាញ់​ខ្ញុំ​ចោល​ទៅ​​មិនបាច់​ចាប់​ដាក់គុក​ទេ​​បើ​ខ្ញុំ​មាន​​កំហុស​មែន​

10-02-2018 10:21 am 7367
  ស្តាប់
ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ
ស្តាប់ជាសំឡេង

​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​(ICC)​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​ជូនដំណឹង​ដល់​ហ្វីលីពីន​ថា តុលាការ​បានចាប់ផ្ដើម​ពិនិត្យ​លើ​ពាក្យបណ្ដឹង​ប្ដឹង​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​ហើយ ករណី​ចោទប្រកាន់ថា​ប្រព្រឹត្ដអំ​ពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុ​ស្សជាតិ​។ ការចោទប្រកាន់​ផ្អែកលើ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ដែល​ហៅថា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​បញ្ជា​ដោយ​លោក​ឌុយ​ទែ​តេ​ផ្ទាល់​។ មនុស្ស​ជិត​៤​ពាន់​នាក់​បាន​ស្លាប់​ក្នុង​ការបង្ក្រាប​។​

​ឆ្លើយតប​នឹង​អ្វីដែល​តុលាការ​ICC​បាន​ជូនដំណឹង ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេបាន​បញ្ជាក់ថា សូម​ICC​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​លើ​រូបលោក​ចុះ ហើយ​លោក​ហ៊ាន​ឲ្យ​បាញ់​សម្លាប់លោក​តែម្ដង ជាជាង​ការកាត់ទោស​ដាក់ពន្ធនាគា​រ​។ លោក​ធ្លាប់បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​លោក​ថា​មិនដែល​បញ្ជា​ឲ្យ​ប៉ូលិស​សម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ឡើយ​។​

​ក្នុងពេល​ធ្វើ​សន្និសីទកាសែត​លោក​ឌុយ​ទែ​តេ​បន្ថែមថា “​ខ្ញុំ​នឹង​សុំ​អភ័យឯកសិទ្ធិ​ដើម្បី​និយាយ​ជាមួយ​អ្នក គឺ​មានតែ​យើង​ពីរ​នាក់​ប៉ុណ្ណោះ​នៅក្នុង​បន្ទប់​។ ខ្ញុំ​ស្វាគមន៍​ជានិច្ច​ប្រសិនបើ​អ្នក​ចង់រក​កំហុស​ខ្ញុំ សូម​ធ្វើ​ចុះ​ខ្ញុំ​មិន​ខ្លាច​ទេ​។ បើ​ចង់​នាំ​ខ្ញុំ​យកទៅ​កាត់ក្ដី មិនចាំបាច់​ទេ គ្រាន់តែ​រកឲ្យឃើញ​កំហុស​ខ្ញុំ​ក្នុងដំណើរការ​ស៊ើបអង្កេ​តរ​បស់​អ្នក រួចហើយ​បាញ់សម្លាប់​ខ្ញុំ​តែម្ដងទៅ ខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច​។​”

​សូមបញ្ជាក់ថា មេធាវី​ម្នាក់​បាន​ដាក់ពាក្យ​ប្ដឹង​លោក​ឌុយ​ទែ​តេ និង​មន្ដ្រីជាន់ខ្ពស់​ប្រមាណ​១១​នាក់​ទៀត​កាលពី​ខែមេសា​ឆ្នាំមុន ករណី​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ម្ដង​ហើយ​ម្ដងទៀត គ្មាន​បំណង​ចង់​ឈប់​តែ​បន្ដ​កាន់តែខ្លាំង​។ មេធាវី​រូប​នោះបាន​ចោទ​លោក​ឌុយ​ទែ​តេ​ថា បាន​ជ្រើស​យក​ការសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​និង​អំពើ​ឧក្រិដ្ឋកម្ម ជាការ​អនុវត្ដ​ដ៏​ល្អ​បំផុត​៕

ព័ត៌មានផ្សេងទៀត