លោក​ដូណាល់ ត្រាំ​​ចុះហត្ថលេខា​​លើ​សេចក្ដីព្រាងច្បាប់​​ថវិកា​ថ្មី​​បញ្ចប់​​ការបិទ​​រដ្ឋាភិបាល​

10-02-2018 8:57 am 1458
  ស្តាប់
ប្រធានាធិបតីអាមេរិកពេលចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថវិកា
ស្តាប់ជាសំឡេង

​ការបិទ​រដ្ឋាភិបាល​អាមេរិក​រយៈពេល​ខ្លី បានបញ្ចប់​ត្រឹម​ថ្ងៃទី​០៩​កុម្ភៈ បន្ទាប់ពី​សភា​និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាង​កញ្ចប់​ថវិកា ឲ្យក្លាយ​ជា​ច្បាប់​ជា​ធរមាន​សម្រាប់​អនុវត្ដ​។ ច្បាប់​ថវិកា​ថ្មី​បាន​បង្កើន​ការចំណាយ​បន្ថែម ដូចជា​ទៅលើ​វិស័យ​ការពារជាតិ​និង​សេវាកម្ម​ក្នុងស្រុក​ជាដើម​។

សេចក្ដីព្រាងច្បាប់​ថវិកា​ត្រូវបាន​អនុម័ត​ដោយ​ការបោះឆ្នោត​នៅ​ព្រឹទ្ធសភា ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​សំឡេង​ប្រឆាំង ផ្ទុយ​ពី​លើក​មុន​ដែលមាន​សំឡេង​ប្រឆាំង​ច្រើនជាង​សំឡេងគាំទ្រ​។ នោះ​ជា​ហេតុផល​មិនអាច​បញ្ជូន​សេចក្ដីព្រាងច្បាប់​ទៅឲ្យ​លោក​ប្រធានាធិបតី​ចុះហត្ថលេខា​បាន​។ តែ​លើក​នេះ​ក្រោយ​មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ លោក​ដូ​ណាល់​ត្រាំ​ក៏បានចុះហត្ថលេខា​ដើម្បី​ដាក់​ជា​ច្បាប់​សម្រាប់​អនុវត្ដ និង​បញ្ចប់​ភាពជាប់គាំង​នយោបាយ​រយៈពេល​ខ្លី​ផងដែរ​។​

​អាមេរិក​ធ្លាប់​ជួប​រឿងរ៉ាវ​នេះ​ជា​ច្រើនលើកច្រើនសារ ហើយ​លើកចុងក្រោយ​គឺ​ក្នុង​ឆ្នាំ​២០១៣​។ ការបិទ​រដ្ឋាភិបាល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៣ មាន​រយៈពេល​១៦​ថ្ងៃ​។ បន្ទាប់មក​ក្នុង​ឆ្នាំ​២០១៨​នេះ អាមេរិក​បាន​បិទ​រដ្ឋាភិបាល​ដល់​ទៅ​ពីរដង​។ លើកទីមួយ​កាលពី​ថ្ងៃទី​២០​មករា ចំ​ខួប​មួយឆ្នាំ​ថ្ងៃ​លោក​ដូណាល់ ត្រាំ​ស្បថ​ចូល​កាន់តំណែង​។

ប៉ុន្ដែ​នៅ​ថ្ងៃទី​២២​មករា​ព្រឹទ្ធសភា​អាមេរិក បាន​បោះឆ្នោត​លើ​វិធានការ​បណ្ដោះអាសន្ន គឺ​ផ្ដល់​មូលនិធិ​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​បើកទ្វារ​រហូត​ដល់​ថ្ងៃទី​០៨​កុម្ភៈ​។ លុះដល់​ថ្ងៃ​កំណត់​ព្រឹទ្ធសភា​មិនអាច​រៀបចំ​ការបោះឆ្នោត​បាន​ទាន់ពេលវេលា ធ្វើឲ្យ​រដ្ឋាភិបាល​សហព័ន្ធអាមេរិក​ត្រូវ​បិទទ្វារ​ជា​លើក​ទីពីរ​។ ប៉ុន្ដែ​លើក​ទី​ពីរ​នេះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ចប់​ត្រឹម​ថ្ងៃទី​០៩​កុម្ភ​។​

គួរ​ជម្រាបជូន​ថា មូលហេតុ​ដែល​រារាំង​ដល់​ការអនុម័ត​ច្បាប់​ថវិកា ដោយសារតែ​នៅ​ខ្វែងគំនិត​រវាង​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ទាក់ទង​នឹង​គោលនយោបាយ​សំខាន់ៗ​មួយចំនួន​។ ក្នុងនោះ​មានដូចជា​បញ្ហា​ជនអន្ដោប្រវេសន៍​ជាដើម ប៉ុន្ដែ​មាន​ការព្រមព្រៀង​ថា​នឹង​ពិនិត្យឡើងវិញ​នូវ​ចំណុច​ដែល​មិន​ឯកភាពគ្នា​៕

ព័ត៌មានផ្សេងទៀត