លោក​ហ៊ុន សែន​៖ ចាប់ពី​ស្អែក មិន​ត្រូវឲ្យមាន​រថយន្តតទ្រុង​នៅលើ​ដងផ្លូវ​ដាច់ខាត

09-02-2018 4:48 pm 3644
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ដាក់​ចេញ​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​បំផុត ចំពោះ​ការដឹកជញ្ជូន លើស​ទម្ងន់ និង​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​។ លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា នឹង​មាន​ការកោះហៅ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ មក​ប្រជុំ​ពិភាក្សាគ្នា​លើ​បញ្ហា​នេះ ហើយ​ប្រសិនបើ​មិន​ព្រម​បញ្ឈប់​ការដឹក​លើស​ទម្ងន់​ទេ ត្រូវ​បិទ​ក្រុមហ៊ុន​នោះ​ចោល​តែ​ម្តង​។ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ព្រមាន​ធ្ងន់ៗ​បែបនេះ ធ្វើឡើង​នៅក្នុង​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ នា​ថ្ងៃ​ទី​០៩ កុម្ភៈ​នេះ​។​

សំឡេង​

​ប្រមុខ​ដឹកនាំ​កម្ពុជា ក៏​បាន​ប្រកាស មិន​លើកលែង ចំពោះ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​នៅតែ​បន្ត​ធ្វើ​សកម្មភាព​នៅ​លើ​ដងផ្លូវ បង្ក​ការ​ខូច​ផ្លូវ និង​ទុក​ពេល​ត្រឹម​ម៉ោង​១២​យប់​នេះ ដើម្បី​យក​ទៅ​កាត់​ទ្រុង​ចោល ទៅតាម​លក្ខណៈ​បច្ចេកទេស​ធម្មតា​។ ជាមួយគ្នានេះ អភិបាល​រាជធានី​-​ខេត្ត ដែល​គ្រប់គ្រង​លើ​បញ្ហា​នេះ​មិន​បាន គឺ​នឹង​ត្រូវ​ដកចេញ​ពី​តំណែង​។ ហើយ​បើ​ម្ចាស់​ក្រុមហ៊ុន លើកគ្នា​មក​តវ៉ា នៅមុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ត្រូវ​ចាប់​ដាក់​ពន្ធនាគា​រទាំង​អស់​តែ​ម្តង​។​

សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា រថយន្ត​ដែល​ត​ទ្រុង​ខុស​បច្ចេកទេស ភាគច្រើន​ជា រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ដឹក​ដែក ដឹក​សត្វ​គោ និង​ដឹក​ដំឡូង​មី​ជាដើម រថយន្ត​ទាំង​នេះ បាន​ធ្វើឲ្យ​ខូចផ្លូវ​ខ្លាំងណាស់​។​
​ទាក់ទង​នឹង​បញ្ហា​នេះ បាន​ធ្វើឲ្យ​អ្នក​តាមដាន​ស្ថានការណ៍​សង្គម បាន​សម្តែង​ការគាំទ្រ ប៉ុន្តែ​ស្នើសុំ​ឲ្យ​ប្រតិបត្តិការ​នេះ ត្រូវ​អនុវត្ត​ជាប់​ជាប្រចាំ កុំឲ្យ​ដូច​ភ្លើងចំបើង បាន​តែ​មួយ​ឆាវ រួច​ក៏​រលត់ទៅវិញ​។​

​កន្លងមក ការអនុវត្ត​វិធានការ លើ​រថយន្ត​ដឹក​លើស​ទម្ងន់ និង​ត​ទ្រុង​ខុស​បច្ចេកទេស មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ ពោល​បានត្រឹមតែ​អប់រំ ឃាត់​រថយន្ត​ទុក និង​បង់ប្រាក់​ពិន័យ​តែប៉ុណ្ណោះ​។​

​បើ​តាម​របាយការណ៍ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៧ ក្រសួង​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ធុន​ធំ ប្រមាណ​ជាង​៩២​ម៉ឺន​គ្រឿង ក្នុងនោះ​ផាកពិន័យ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២,៩៥៣​គ្រឿង និង​ប្រមូល​ថវិកា​បាន​ជាង​៥​ពាន់​លាន​រៀល​។ 

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​វ៉ា ស៊ឹម​សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ធ្លាប់បាន​ប្រាប់​ដល់​វិទ្យុ​វា​យោ កាលពី​ពេល​ថ្មីៗ​នេះ​។​

សំឡេង​

​យ៉ាងណាក៏ដោយ យប់​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១០ កុម្ភៈ តទៅ នឹង​មិន​មាន​ការលើក​លែង​ទៀតឡើយ ចំពោះ​ម្ចាស់​ក្រុមហ៊ុន ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់ និង​អ្នក​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស ព្រោះ​បញ្ហា​នេះ បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ អ្នក​ស្លាប់​ដោយ​រថយន្ត​ទាំងនេះ នៅតែ​បន្ត​កើនឡើង ខណៈ​ដែល​ផ្លូវថ្នល់​ក៏​នៅតែ​បន្ត​ការខូចខាត​។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​បន្ថែម ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត