រុស្ស៊ី​​បន្ទោស​ថា​​វត្ដ​មាន​​អាមេរិក​​នៅ​ស៊ី​រី​​គឺជា​រឿង​​ខុសច្បាប់​

09-02-2018 4:10 pm 965
  ស្តាប់
យន្ដហោះ​ចម្បាំង​ក្រុម​ចម្រុះ​អន្ដរជាតិ​ធ្វើប្រតិបត្ដិការ​នៅស៊ីរី​​ដឹកនាំ​​ដោយ​អាមេរិក
ស្តាប់ជាសំឡេង

​រុស្ស៊ី​បាន​ក្រើនរម្លឹក​ជាថ្មី​ដល់​សហរដ្ឋអាមេរិក​ថា វត្ដ​មាន​របស់​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី​គឺជា​រឿង​ខុសច្បាប់​។ ការបន្ទោស​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក បាន​វាយប្រហា​រលើ​ក្រុម​ជីវពល​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី បណ្ដាលឲ្យ​ស្លាប់​ជា​ច្រើននាក់​។ ប៉ុន្ដែ​ចំពោះ​ការវាយប្រហារ​នេះ​អាមេរិក​ឆ្លើយ​ការពារ​ខ្លួន​ថា ដើម្បី​បង្កើត​សន្ដិភាព​នៅក្នុង​ប្រទេស​ស៊ី​រី​ប៉ុណ្ណោះ​។

​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ពិសេស​ក្រុម​រដ្ឋ​អ៊ីស្លាម អាមេរិក​មិនបាន​គាំទ្រ​ដល់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ទេ ប៉ុន្ដែ​អាមេរិក​គាំទ្រ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ទៅវិញ ដើម្បី​តតាំង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដណ្ដើម​ទឹកដី​ដែល​បាត់បង់​។ អាមេរិក​បាន​បំពាក់អាវុធ​និង​បង្ហាត់បង្រៀន​យុទ្ធសាស្ដ្រ​ដ​ដល់​ក្រុម​នេះ​ផងដែរ​។ វា​គឺជា​អ្វីដែល​ស៊ី​រី​និង​រុស្ស៊ី​មិន​ពេញចិត្ដ​។ ចំណែក​រុស្ស៊ី​វិញ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ដោយ​សហការ​វាយប្រហា​រ​ជើង​អាកាស ដើម្បី​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​

​រុស្ស៊ី​បាន​លើកឡើងថា វត្ដ​មាន​អាមេរិក​នៅ​ស៊ី​រី​គឺ​ពិតជា​ខុសច្បាប់ ព្រោះ​គ្មាន​នរណាម្នាក់​ពឹងពាក់​ឬ​អញ្ជើញ​អាមេរិក​ឲ្យទៅ​ស៊ីរី​ទេ​។ រុស្ស៊ី​សង្កត់ធ្ងន់ថា ការតស៊ូ​យ៉ាង​លំបាក​ដើម្បី​ស្ថិរភាព​ស៊ី​រី ត្រូវ​រងគ្រោះ​ដោយសារតែ​សកម្មភាព​អាមេរិក​។ អាមេរិក​បាន​ដឹកនាំ​សម្ព័ន្ធ​អន្ដរជាតិ​វាយប្រហារ​តាម​ជើង​អាកាស លើ​កងទ័ព​ស៊ី​រី ដែល​នេះ​ជា​ទង្វើ​បង្កហេតុ​មិនអាច​ទទួលយក​បានឡើយ​។ តាម​ក្រសួងការពារជាតិ​រុស្ស៊ី​បញ្ជាក់ថា ក្រុម​ជីវពល​ដែល​សហការ​ជាមួយ​ទ័ព​ស៊ី​រី​ត្រូវ​អាមេរិក​វាយប្រហារ​នោះ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរ​វករ​ជា​កោសិកា​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

ព័ត៌មានផ្សេងទៀត