រដ្ឋាភិបាល​​សហព័ន្ធ​អាមេរិក​​ចាប់ផ្ដើម​​បិទទ្វារ​​ជា​លើក​ទី​ពីរ​​ក្នុង​ឆ្នាំ​២០១៨

09-02-2018 3:12 pm 939
  ស្តាប់
រូបភាពវិមានUS Capitol
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​រដ្ឋាភិបាល​សហ័ន្ធ​របស់​អាមេរិក​ចាប់ផ្ដើមបិទ​ជា​លើក​ទីពីរ បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​មិនអាច​ស្វែករក​ការ​បោះឆ្នោត ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាង​កញ្ចប់​ថវិកា សម្រាប់​ផ្គត់ផ្គង់​ដល់​រដ្ឋាភិបាល​បាន​ទាន់ពេលវេលា​។ ការបិទ​រដ្ឋាភិបាល​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៨ ចំ​ខួប​មួយឆ្នាំ​ថ្ងៃ​លោក​ដូណាល់ ត្រាំ​ស្បថ​ចូល​កាន់តំណែង ដោយសារតែ​សភា​មិន​ឯកភាព​លើ​សេចក្ដីព្រាង​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ​ថ្មី​។​

​ប៉ុន្ដែ​នៅ​ថ្ងៃទី​២២​មករា ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​លើ​វិធានការ​បណ្ដោះអាសន្ន បញ្ចប់​ភាពជាប់គាំង​នយោបាយ​នេះ​។ វិធានការ​បណ្ដោះអាសន្ន​បាន​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ចាប់ផ្ដើម​ដំណើរការ​ជាថ្មី រហូតដល់​ថ្ងៃទី​០៨​ខែ​កុម្ភៈ​។ ប៉ុន្ដែ​ដល់​ថ្ងៃ​កំណត់​ហើយ​ព្រឹទ្ធសភា​អាមេរិក​នៅតែ​មិនអាច​ស្វែករក​ការ​បោះឆ្នោត អនុម័ត​សេចក្ដីព្រាង​កញ្ចប់​ថវិកា​ថ្មី​បាន ជាហេតុ​ធ្វើឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​ចាប់ផ្ដើម​បិទ​ជាថ្មី​។​

​ការបិទទ្វារ​រដ្ឋាភិបាល​ជាថ្មី​នេះដែរ​មិន​ខុសពី​លើក​មុន​ទេ គឺ​អាមេរិក​នឹង​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ដែល​មិនចាំបាច់​។ ដូច្នេះ​បុគ្គលិក​នៅតាម​ផ្នែក​ទាំងនោះ​នឹងត្រូវ​ព្យួរការងារ​បណ្ដោះអាសន្ន រង់ចាំ​រហូតដល់​កញ្ចប់​ថវិកា​ថ្មី​ត្រូវ​បានអនុម័ត​។ ព្រឹទ្ធសភា​អាមេរិក​កំពុង​រិះរក​វិធីសាស្ដ្រ ដើម្បី​អនុម័ត​សេចក្ដីព្រាង​កញ្ចប់​ថវិកា​ថ្មី បន្ដ​ដំណើរការ​រដ្ឋាភិបាល​ឡើងវិញ តែ​មិនដឹងថា​អាច​សម្រេចបាន​នៅពេលណា​ឡើយ​។​

​សូមបញ្ជាក់ថា ទាក់ទង​នឹង​មូលហេតុ​ដែល​រារាំង​ការអនុម័ត​កញ្ចប់​ថវិកា​ថ្មី ដោយសារតែ​មាន​ការខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយចំនួន ដូចជា​បញ្ហា​ជនអន្ដោប្រវេសន៍​ជាដើម​។ សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ នៅ​មិនទាន់​ឯកភាព​លើ​ចំណុច​នេះ​។ ដោយឡែក​នៅក្នុង​សេចក្ដីព្រាង​កញ្ចប់​ថវិកា​ថ្មី ដែលមាន​កម្រាស់៦០០​ទំព័រ​បាន​ស្នើឲ្យ​បង្កើន​ការចំណាយ ដោយ​ត្រូវ​ចាយ​ប្រហែល​៣០០​ពាន់​លាន​ដុល្លារ លើ​វិស័យ​ការពារជាតិ​និង​សេវាកម្ម​នៅ​ក្នុងស្រុក​៕

ព័ត៌មានផ្សេងទៀត