តំបន់ទីជនបទ​អាចជា​មុខសញ្ញារបស់​អ្នករកស៊ីជួញ​ដូរគ្រឿងញៀន

09-02-2018 12:20 pm 549
  ស្តាប់
ស្តាប់ជាសំឡេង

តាមភូមិ-ឃុំនៅទូទាំងប្រទេសកម្ពុជា មានអ្នកប្រើប្រាស់គ្រឿងញៀនប្រមាណជាង ១ម៉ឺន៤ពាន់នាក់នៅក្នុងឆ្នាំ២០១៧។ចំនួននេះ មានកើនឡើងជាង៥ពាន់នាក់បើប្រៀបធៀបនឹងឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។តើហេតុអ្វីបានជាអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើងនៅតាមជនបទ? ហើយអាជ្ញាធរគួរដោះស្រាយដោយរបៀបណា?សូមស្តាប់បទវិភាគ ដោយ គួន សំបូរ៖

ការបង្រ្កាបបទល្មើសគ្រឿងញៀន របស់អាជ្ញាធរខ្មែរនៅក្នុង២០១៧កន្លងទៅ មានចំនួន៨១៧៣ករណី កើនឡើងប្រមាណ៣៩២៧ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានត្រឹមតែ៤២៤៦ករណី។ ក្នុងប្រតិបត្តិការចុះបង្រ្កាប អាជ្ញាធរចាប់ឃាត់ខ្លួនជនសង្ស័យបាន១៧៧៩៥នាក់ ក្នុងនោះស្រី១៥៨៤នាក់។ អ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើន គឺនៅតាមទីជនបទនៅទូទាំងប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់គ្រឿងចំនួនរហូត ដល់១៤៣៥៣នាក់ កើនជាងឆ្នាំ២០១៦ ចំនួន៥៣៣៣នាក់។

ផ្អែកតាមទិន្ន័យខាងលើ គេអាចទាញការវិភាគថា ពួកឧក្រិដ្ឋជនគ្រឿងញៀន អាចយកតំបន់ទីជនបទធ្វើជាមុខសញ្ញា ដើម្បីចែកចាយ។ ហេតុអ្វី? ពីព្រោះថា នៅទីក្រុងបច្ចប្បន្នខុសពីមុន ដោយអាជ្ញាធរចុះបង្រ្កាបជាញឹកញាប់ និងតឹងរឹង ហើយសំបូរដោយមន្ត្រីជំនាញ ធ្វើឱ្យពួកអ្នករកស៊ីជួញដូរគ្រឿងញៀនខ្លាចរអា។ ដូច្នេះបានជាពួកឧក្រិដ្ឋជនទាំងនោះ បែមុខព្រួញ ទៅរកទីជនបទ ព្រោះនៅតាមជនបទ មិនសូវមានការបង្រ្កាប និងខ្វះមន្ត្រីជំនាញប្រចាំការ ហើយម្យ៉ាង ពលរដ្ឋនៅតាមមូលដ្ឋានភាគច្រើន មិនស្គាល់ថ្នាំគ្រឿងញៀន មានលក្ខណៈយ៉ាងមិច? ដែលជាឱកាសសម្រាប់ជនល្មើសធ្វើចរាចរគ្រឿងញៀន។

ជាទូទៅតាមការមើលឃើញជាក់ស្តែក និងការរអ៊ូរទាំពីប្រជាពលរដ្ឋថា យុជនក្នុងតំបន់ដែលគាត់រស់នៅ ត្រូវក្រុមជនល្មើសអូសទាញ ឱ្យប្រើប្រាស់គ្រឿងញៀនដោយកុហសថា ជាថ្នាំកម្លាំង ដើម្បីធ្វើការបានយូរ និងខ្លះជួបជុំគ្នាជក់នៅក្រោមដើមឈើរ ក្នុងទីវត្តអារាម និងផ្ទះសម្បែងគ្មានមនុស្សនៅ។ យុវជនខ្លះទៀត ក្លាយជាអ្នកជួញដូរ និងមានមេក្លោងធំនៅពីក្រោយ។

ការហូរចូលគ្រឿងញៀនទៅតាមទីជនបទនេះ ពលរដ្ឋខ្លះត្អូញត្អែ លាយឡំនឹងក្តីបារម្ភថា លំបាកការពារកូនចៅ និងទ្រព្យរបស់ខ្លួន ព្រោះកន្លងទៅទ្រព្យសម្បត្តិ ឬសម្ភាររបស់គាត់ ទោះបីដាក់ក្នុងទីធម្មតា គ្មានការការពារ ក៏មិនបាត់ដែរ។ ក៏ប៉ុន្តែចាប់តាំងពីលិចលឺថា មានគ្រឿងញៀនចូល ស្រុក-ភូមិមក ទ្រព្យសម្បត្តិ អាកេរិ៍្ត អាករ របស់គាត់ហ៊ានតែប្រហេះនឹងបាត់បង់។

ចំណែកក្នុងវត្តអារាមវិញ ក្មេងក្រុមអ្នកជក់គ្រឿងញៀន ថែមទាំងបង្កការរំខានដល់ព្រះសង្ឃ និងលួចរបស់របរក្នុងវត្តទៅលក់ ហើយនៅស្រុកខ្លះប្រជាពលរដ្ឋដាក់វេនគ្នាដេក ការពារព្រះសង្ឃក៏មានដែរ។សកម្មភាពនេះ បង្ហាញពីភាពអសន្តិសុខក្នុងភូមិ-ឃុំ។

តែយ៉ាងណា យើងសាទចំពោះរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបបទល្មើសជាហូរហែកន្លងទៅ។ ការបង្រ្កាបនេះហើយ បានជាក្រុមជនល្មើស បំបែរមុខសញ្ញាពីទីក្រុងទៅរកតំបន់ដាច់ស្រយាល។ ប៉ុន្តែក៏មានមន្ត្រីអ្នកអនុវត្តច្បាប់មួយចំនួន ឆ្លៀតយកតួនាទីរបស់ខ្លួន ដើម្បីកេងចំណេញលើការងារគ្រឿងញៀនដែរ។

ម្លោះហើយបានជាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរម្លឹកជាថ្មីដល់មន្ត្រីជាអ្នកអនុវត្តច្បាប់ ត្រូវធ្វើការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ឲ្យបានហ្មត់ចត់ ដើម្បីជៀសវាងពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពឧក្រិដ្ឋគ្រឿងញៀន។ហើយលោកបានព្រមានថា នឹងចាប់វិធានការច្បាប់តឹងរឹង ក្នុងករណីរកឃើញថា មានការជាប់ព័ន្ធព័ន្ធ ឬធ្វើជាខ្នងបង្អែកឲ្យក្រុមឧក្រិដ្ឋជនទាំងនោះ។

ជារួមដើម្បីដោះស្រាយ គឺផ្តើមចេញពីការសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ សំដៅស្វែករកអ្នកនៅពីក្រោយខ្នងនៃការចែកចាយគ្រឿងញៀន តាមរយៈសមត្ថកិច្ចសហការជាមួយនិង ប្រជាពលរដ្ឋ តាមមូលដ្ឋាន និងអ្នកជំនាញ។ អាជ្ញាធរត្រូវបង្កភាពងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការរាយការណ៍ នៅពេលជួបការចែកចាយ ឬប្រើប្រាស់ក្នុងតំបន់របស់ពួកគាត់ ប្រកបដោយសុវត្តិភាពខ្ពស់។

យើងនៅចាប់បានថា កន្លងទៅរាជរដ្ឋាភិបាល មានគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព។ ប៉ុន្តែតាមអង្កេតគោលនយោបាយនេះ ហាក់ត្រូវបានស្ងាត់វិញ ហើយប្រជាការពារ ក្លាយជាអ្នកយាមម៉ូតូនៅតាម ពិធីមង្គលការ ឬបុណ្យទាន់ផ្សេង ដោយពុំសូវផ្តោតយកចិត្តទុកដាក់រក្សាសន្តិសុខឲ្យវាបទូលំទូលាយ ដូចដំណើរលើកដំបូងឡើង។ដូច្នេះ អាជ្ញាធរគូរព្យាយាមពង្រឹង គោលនយោបាយនេះឡើងវិញ និងផ្តល់នូវសម្ភារៈ និងប្រាក់ឧបត្ថម្ភសមមរ្យជូនពួកគាត់។

ការរៀបចំសំណាញ់ចាប់ ជារឿងសំខាន់មួយ ប៉ុន្តែរឿងដ៏សំខាន់ជាងនេះ គឺក្រោយពេលចាប់ អាជ្ញាធរពាក់ព័ន្ធ ព្យាយាមបង្ហាញនូវការជឿជាក់ក្នុងការអនុវត្តច្បាប់ មិនត្រូវចាប់ហើយលែងទៅវិញ ធ្វើឲ្យអ្នកចាប់អស់កម្លាំងចិត្តទេ? ចំណែក ការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរពង្រឹងយន្តការរបស់ខ្លួនឲ្យខ្លាំងបន្ថែមជាងនេះ ជៀសវាងធ្វើឲ្យបាត់ ទំនុកចិត្តពីប្រជាពលរដ្ឋ លើបញ្ហាគុណភាព ព្រោះពេលខ្លះជនដែលយកទៅអប់រំប្រលែងមកវិញនៅប្រព្រឹត្តដូចដើម ឬលើសដើមជាងមុនក៏មានដែរ៕ 

ព័ត៌មានផ្សេងទៀត