ហេតុអ្វី​​អាមេរិក​-​ចិន​​ដណ្ដើម​គ្នា​​ក្រសោប​​យក​​អាស៊ាន​?

06-02-2018 4:44 pm 1719
រូបភាពទង់ជាតិតំណាងចិន​(ពីឆ្វេង) អាស៊ាន និងអាមេរិក

​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ASEAN គឺជា​អង្គការ​ថ្នាក់​តំបន់​ដ៏​មាន​សក្ដានុពល​មួយ មិន​ថា​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​។ សមាគម​មួយ​នេះ​មាន​សមាជិក​១០​ប្រទេស កំពុង​ព្យាយាម​ពង្រឹងសមត្ថភាព​ប្រជែង​ក្នុង​ឆាក​អន្ដរជាតិ​។ ដោយ​មើលឃើញ​ពី​ភាពខ្លាំង ហើយ​អាច​ផ្ដល់​ប្រយោជន៍​ផង​នោះ ចិន​និង​អាមេរិក​កំពុងដណ្ដើម​គ្នា​ក្រសោប​យក​អាស៊ាន​។ ប្រទេស​មហាអំណាច​ទាំងពីរ​កំពុង​ប្រើ​យុទ្ធសាស្ដ្រ​រៀងៗ​ខ្លួន ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ាន​។ តើ​មាន​យុទ្ធសាស្ដ្រ​អ្វីខ្លះ ហើយ​អាស៊ាន​ពិតជា​សំខាន់​មែន​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិ​ការអន្ដរ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ASEAN គឺជា​អង្គការ​ថ្នាក់​តំបន់​មួយ រួមមាន​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ទាំង​ដប់ ដែល​បាន​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តររដ្ឋាភិបាល និង​ជួយ​សម្រួល​ការធ្វើសមាហរណកម្ម​ក្នុងចំណោម​សមាជិក​ទាំងអស់​។ ចាប់តាំងពី​ការបង្កើតឡើង​ដំបូង​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ អង្គការ​នេះ​ក៏បាន​ពង្រីក​ខ្លួន​ដោយ​ការចូលរួម​ពី​ប្រទេស​ព្រុយ​ណេ កម្ពុជា មី​យ៉ាន់​ម៉ា​(​ភូមា​) ឡាវ និង​វៀតណាម​។

​អាស៊ាន​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​៤.៤​លាន​គីឡូម៉ែត្រ​ការ៉េ ស្មើនឹង​៣%​នៃ​ផ្ទៃដី​ផែនដី​សរុប​។ អាស៊ាន​គ្របដណ្ដប់​ទៅលើ​ដែន​ទឹកធំ​ជាង​ដែន​គោក​ចំនួន​៣​ដង​។ ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ប្រជាជន​សរុប​ប្រមាណ​៦២៥​លាន​នាក់ ស្មើនឹង​៨%​នៃ​ប្រជាជន​ពិភពលោក​។ នៅ​ឆ្នាំ​២០១៥GDP​ជា​មធ្យម​នៃ​អាស៊ាន​គឺ​បាន​កើនឡើង​ជាង​២.៨​លាន​លាន​ដុល្លារ​អាមេរិក​។ ប្រសិនបើ​អាស៊ាន​ជា​ប្រទេសមួយ វា​នឹង​ក្លាយជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់ ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៥​នៅក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និង អង់គ្លេស​។

​គោលបំណង​នៃ​ការបង្កើត​អាស៊ាន​ឡើង ដើម្បី​បង្កើនល្បឿន ​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការអភិវឌ្ឍ​វប្បធម៌​នៅក្នុង​តំបន់​។ លើកកម្ពស់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់ ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ការឧបត្ថម្ភ​ជួយ​គ្នា​ទៅវិញទៅមក ដោយ​មិន​រំពឹង​ផលប្រយោជន៍​តប​ស្នង​។ ផ្ដល់​ជំនួញ​ដល់​គ្នា​ទៅវិញទៅមក​ក្នុង​ទម្រង់​ជា​ការបណ្ដុះបណ្ដាល​និង​ការស្រាវជ្រាវ​ឧបករណ៍​។ កិច្ចសហប្រតិបត្តិការ​ដើម្បី​ធ្វើឱ្យមាន​ភាពល្អប្រសើរ​ខាង​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​។ លើកកម្ពស់​ការសិក្សា​នៅ​អាស៊ីអាគ្នេយ៍ និង​រក្សា​មិត្តភាព​ដើម្បី​ប្រយោជន៍​កិច្ចសហប្រតិបត្តិការ ជាមួយ​អង្គការ​អន្តរជាតិ​ដែលមាន​គោលបំណង​ដូចគ្នា​ឬ​ស្រដៀង​គ្នា​។​

​ដោយ​មើលឃើញ​សក្ដានុពល​របស់​អាស៊ាន ទើប​ប្រទេស​មហាអំណាច​ចិន​និង​អាមេរិក មិនអាច​ព្រងើយកន្ដើយ​មិន​ចែចូវ​បាន​។ ចិន​ចង់​ចាប់​អាស៊ាន​ឲ្យ​ជាប់​ក្នុង​ដៃ ព្រោះ​ជា​ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ី​ដូចគ្នា ហើយ​ចិន​ក៏​សម្លឹង​ឃើញ​ផលប្រយោជន៍ ទាំង​សេដ្ឋកិច្ច និង​យោ​បាយ​។ ជា​ប្រទេស​នៅ​កៀក​គ្នា ហើយ​បើ​មាន​ទំនាក់ទំនង​ល្អ​ទៀត នោះ​ចិន​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​មិន​ថា​សេដ្ឋកិច្ច និង​នយោបាយ​ឡើយ​។ បើ​សង្កេតមើល​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ាន ផលិតផល​ចិន​បាន​វាយលុក​យ៉ាងខ្លាំង​។ ដោយឡែក​ចិន​ក៏មាន​ទំនាក់ទំនង​ការទូត​ល្អប្រសើរ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ដែរ ទោះបី​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជាសមាជិកមួយចំនួន​ទាក់ទង​នឹង​ដែនសមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។

​បច្ចុប្បន្ន​ចិន​កំពុង​ប្រើ​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ឬ​ផ្លូវ​សូត្រ ដើម្បី​ផ្សារភ្ជាប់​ប្រទេស​ចិន​ជាមួយ​តំបន់​អាស៊ី​ទាំងមូល ហើយ​ចង់​ត​ភ្ជាប់​ធ្លាយ​ទៅដល់​អឺរ៉ុប​ផង ក្នុងន័យ​ពង្រីក​សត្ដានុពល​សេដ្ឋកិច្ចជាធំ​។ ចិន​ក៏​មិន​ភ្លេច​ពី​រឿង​នយោបាយ​ដែរ​។ ចិន​បាន​ព្យាយាម​ជ្រៀតចូល​អាស៊ាន​កាន់តែខ្លាំង តាមរយៈ​ការផ្ដល់​ជំនួយឥតសំណង និង​កម្ចី​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​ដល់​ប្រទេស​ជា​សមាជិក​។ រឹតតែ​ច្រើន​គឺ​ទៅលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន​ជាដើម ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​។ ចិន​សម្លឹង​ឃើញ​អាស៊ាន​ពិតជា​មាន​សក្ដានុពល​សម្រាប់ខ្លួន​។ ដូច​ពាក្យ​មួយ​ពោលថា មាន​មិត្ដច្រើន​ប្រសើរជាង​មានសត្រូវ ហើយ​អាស៊ាន​ក៏​នៅក្បែរ​ផ្ទះ​ចិន​ស្រាប់​ផង​។​

​ដោយឡែក​អាមេរិក ទោះជា​នៅ​ឆ្ងាយ​ពី​អាស៊ាន​ប៉ុន្ដែ​អាមេរិក​ក៏​មិនអាច​មើលរំលង​សមាគម​មួយ​នេះ​បានដែរ​។ មួយ​រយៈពេល​ចុងក្រោយ​ពោលគឺ​បន្ទាប់ពី​ប្រធានាធិបតី​ដូណាល់ ត្រាំ​ចូល​កាន់តំណែង លោក​បាន​ប្រើ​គោលនយោបាយ​គិត​អាមេរិក​ដំបូង​គេ ដើម្បីឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត​។ គោលនយោបាយ​នេះ​បានធ្វើឲ្យ​អាមេរិកកាត់​ផ្ដាច់ខ្លួន​ចេញពី​ពិភពលោក​បន្ដិច ប៉ុន្ដែ​អាមេរិក​នៅតែ​មិន​ភ្លេច​តួនាទី​ខ្លួន​ជា​មហាអំណាច​។ ក្នុងនាម​ជា​មហាអំណាច​មិនអាច​មិន​រវល់​ពី​ប្រទេស​តូចតាច​ឡើយ​។ ចំពោះ​តំបន់​អាស៊ាន​ចិន​កំពុងតែ​ចង់​ក្រសោប​យក​ទៀត​នោះ រឿង​អី​ដែល​អាមេរិក​ត្រូវ​លែងដៃ​អាស៊ាន​។ ចិន​កំពុង​ចង់​ដណ្ដើម​កៅអី​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​របស់​អាមេរិក ហេតុនេះ​បើ​អាមេរិក​មិន​អើពើ មិនអាច​ប្រកួតប្រជែង​ជាមួយ​ចិន​បានឡើយ ដ្បិត​អាស៊ាន​ក៏​ជា​ដៃគូ​ដ៏​មាន​សក្ដានុពល​មួយ​នៅ​អាស៊ីអាគ្នេយ៍​។

​មាន​គោលនយោបាយ​ចំនួន​៧​ដែល​អាមេរិក​គួរ​អនុវត្ដ​ទាក់ទង​នឹង​អាស៊ាន​។ ទីមួយ​អាមេរិក​ត្រូវគោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​ថ្នាក់​តំបន់​និង​អន្ដរជាតិ ដែលមាន​មូលដ្ឋាន​លើ​ច្បាប់​គាំទ្រ ការពារ​សិទ្ធិ និង​បុព្វសិទ្ធិ​របស់​រដ្ឋ​ទាំងអស់​។ ទី​ពីរ អាមេរិក​ត្រូវ​បន្ដ​ពង្រឹង​ទំនាក់ទំនង​ពហុភាគី​ដោយ​គាំទ្រ​ស្ថាប័ន​តំបន់​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដូចជា​វេទិកា​តំបន់​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​បូក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា​។ ទី​បី អាមេរិក​គួរ​បង្កើត​ផែនការ​សកម្មភាព​ជាក់លាក់​មួយ ដើម្បី​ជួយ​ដល់​អាស៊ាន​ក្នុង​ការសម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០២៥​របស់ខ្លួន ពិសេស​តាមរយៈ​ការពង្រឹង​ស្ថាបត្យកម្ម​ក្នុង​តំបន់​អាស៊ាន និង​ការលើកកម្ពស់​លំដាប់ថ្នាក់​អន្ដរជាតិ​។

​ទី​បួន អាមេរិក​ត្រូវ​បន្ដ​ពង្រឹង​អំណាច​ក្នុង​តំបន់ តាមរយៈ​ការ​អនុវត្ដ​គំនិត​ផ្ដួចផ្ដើម​ដែលមាន​ស្រាប់ ដូចជា​គំនិត​ផ្ដួចផ្ដើម​របស់​មេដឹកនាំ​អាមេរិក​-​អាស៊ាន ផ្ដោតលើ​អាជីវកម្ម​ថាមពល ការច្នៃ​ប្រឌិដ្ឋ និង​គោលនយោបាយ​។ ទី​ប្រាំ អាមេរិក​គួរផ្ដោត​ការយកចិត្ដទុកដាក់​បន្ថែម ទៅលើ​គំនិត​ផ្ដួចផ្ដើម​នៅ​តំបន់​មេគង្គ​ក្រោម ដោយ​ផ្ដល់ជំនួយ​បច្ចេកទេស​បន្ថែម​ដល់​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ស្រាវជ្រាវ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ទំនប់​វា​រី​អគ្គិសនី​និង​ការអភិវឌ្ឍ​វិធានការ ដើម្បី​ជួយ​ឲ្យ​ប្រជាជន​សម្រប​ខ្លួន​នៅពេលដែល​ជីវភាព​រស់នៅ​ត្រូវបាន​គំរាមកំហែង​។​

​ទី​ប្រាំមួយ អាមេរិក​គួរ​បន្ដ​គាំទ្រ​ក្រុម​សង្គម​ស៊ីវិល​នៅ​អាស៊ីអាគ្នេយ៍ ដែល​លើកកម្ពស់​តម្លៃ​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស នីតិរដ្ឋ ការអភិវឌ្ឍ រួម​នឹង​យុត្ដិធម៌​សង្គម​។ សង្គម​ស៊ីវិល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​អាស៊ាន ដែល​ផ្ដោតលើ​ប្រជាជន​ដែល​គោលដៅ​ដ៏​ល្អ​បំផុត នៃ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​។ ទី​ប្រាំពីរ ការអប់រំ​គឺជា​ស្ពាន​ដ៏​សំខាន់​ត​ភ្ជាប់​ប្រជាជន​អាស៊ាន​និង​អាមេរិក​។ ការបង្កើត​សកល​វិទ្យាល័យ Fulbright University​នៅក្នុង​ប្រទេស​វៀតណាម គឺជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។ អាមេរិក​គួរតែ​ពិចារណា​បង្កើត​ស្ថាប័ន​ស្រដៀង​គ្នា​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ពិសេស​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទន់ខ្សោយ ដូច​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​គោលនយោបាយ​ទាំង​៧​នេះ ជា​យុទ្ធសាស្ដ្រ​ក្នុង​ការទាក់ទាញ​អាស៊ាន​ពី​ចិន ស្របពេល​ចិន​កំពុង​ប្រើ​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​មួយ​ផ្លូវ​របស់គេ ដើម្បី​ប្រជែង​ជាមួយ​អាមេរិក​ដណ្ដើម​ប្រជាប្រិយភាព មិន​ថា​ក្នុង​តំបន់​អាស៊ាន​ប៉ុន្ដែ​ក្នុង​ឆាក​អន្ដរជាតិ​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត