ក្រសួង​សុខាភិបាល​បង្ហា​ញ​ក្តីបារម្ភ​ខណៈ​ស្ថានភាព​ជំងឺ​គ្រុនឈាម​ដើមឆ្នាំ​២០១៨​កើនឡើង​១២០%

03-02-2018 3:22 pm 896
  ស្តាប់
ការខាំនៃសត្វ មូសខ្លាញី គឺជាមូលហេតុដែលបង្កឱ្យកើតមានជំងឺគ្រុនឈាម ព្រោះសត្វប្រភេទនេះ មានផ្ទុកមេរោគវីរុសគ្រុនឈាម ។ រូបថតពី Google ។
ស្តាប់ជាសំឡេង

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល បាន​ថ្លែងថា នៅ​ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ដ​នៃ​ការផ្ទុះ ឬ​ការ​រាតត្បាត​ធំ​ម្ដងទៀត នៃ​ជំងឺ​គ្រុនឈាម ដោយ​៣​សប្ដាហ៍​ដើមឆ្នាំ​នេះ គឺ​សា្ថន​ភាព​ជំងឺគ្រុនឈាម មាន​ការកើនឡើង​រហូត​ដល់​ទៅ​១២០% ។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ចុះ​ទៅ​អប់រំ និង​ដាក់​ថ្នាំ​អា​ប៊ែត ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ តាម​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ។​

​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ៣​សបា្ដហ៍​ដើមឆ្នាំ​២០១៨​នេះ ជំងឺគ្រុនឈាម បាន​កើតឡើង​លើ​ប្រជាពលរដ្ឋ​កម្ពុជា ចំនួន​៣១៦​ករណី ក្នុងនោះ​មាន​ស្លាប់​១​ករណី ចំនួន​នេះ​បាន​បង្ហាញ​ពី​ការកើនឡើង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ដោយ​ក្នុង​អំឡុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​ដូចគ្នា មាន​ត្រឹមតែ​១៣៨​ករណី​ប៉ុណ្ណោះ និង​ពុំ​មាន​ពលរដ្ឋ​ស្លាប់​ទេ ។​

​លោក​បញ្ជាក់ថា ក្រសួង​បាន​ត្រៀម​រួចជាស្រេច នូវ​ថ្នាំ​អា​ប៊ែត​ជាង​៣៥០​តោន ថ្នាំ​បាញ់​មូស ដែល​បាន​ចែកចាយ​កន្លងមក ជាង​៥.៦៩០​លីត្រ ទូទាំង​ប្រទេស ហើយ​ក្រសួង​ក៏​នៅ​មាន​ក្នុង​ស្តុក​បន្ថែមចំនួន ១.៤០០​លីត្រ​ទៀត ហើយ​នៅ​តាម​មន្ទីរពេទ្យ​ទូទាំងប្រទេស ក្រសួង​សុខាភិបាល​ក៏​បាន​ត្រៀម​រួចរាល់ នូវ​សេរ៉ូម​ជិត​៥០.០០០ កំប្លោក ដើម្បី​ត្រៀម​ទប់​នឹង​សភាពការណ៍ ។​

​បើ​តាម​ការ​វិភាព​ស្ថានភាព​ជំងឺគ្រុនឈាម ក្នុង​រយៈពេល​ពី​៥​ទៅ​៦​ឆ្នាំ នឹង​អាច​មាន​ការ​រាតត្បាត ឬ​កើតឡើង​ជំងឺគ្រុនឈាម​ធំ​ម្តង ។ បញ្ហា​ទាំងនេះ មិនមែន​កើតមានឡើង​តែ​នៅ​កម្ពុជា​ទេ ពោល​គឺ​ទូទាំង​ពិភពលោក ។ ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​អាច​នឹង​ផ្ទុះឡើង​នូវ​ជំងឺគ្រុនឈាម​គ្រប់ពេល តែបើ​និយាយ​បក​ទៅក្រោយ​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​គឺ​មាន​សុវត្ថិភាព​គ្រប់គ្រាន់ ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា កម្ពុជា ទទួល​រងគ្រោះ​ដោយសារ​ការ​រាតត្បាត​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ ជាប្រចាំ រវាង​ពី​៣​ឆ្នាំ ទៅ ៥​ឆ្នាំ​ម្តង ។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺគ្រុនឈាម​នៅ​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ នៃ​ក្រសួង​សុខាភិបាល រូបនេះ ណែនាំ​ដល់​ពលរដ្ឋ​ទូទៅ អនុវត្ត​វិធានការ​បង្ការ​ជំងឺគ្រុនឈាម តាមរយៈ​ការ​កម្ចាត់​សម្បុក​ដង្កូវទឹក មូស​ខ្លា ក្នុង​បរិវេណ​ផ្ទះសំបែង ដោយ​កម្ទេចចោល និង​លុបបំបាត់​នូវ​រាល់​វត្ថុ​ដក់​ទឹក ដែល​មិន​ប្រើប្រាស់ ដូចជា សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ធុង ក្រឡ ពាង អាង ដែល​មិន​ប្រើប្រាស់ សំបក​ដប សំបក​ដូង និង​វត្ថុ​អាច​ដក់​ទឹក​ដទៃទៀត ដែល​នៅ​ជុំវិញ​បរិវេណ​ផ្ទះ ។ ត្រូវ​លាង​សម្អាត​សម្ភារៈ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ស្ដុក​ទឹក​ឱ្យបាន​ពីរដង ក្នុង​មួយ​សប្ដាហ៍ ឬ​ដាក់​ថ្នាំ​អា​ប៊ែត ត្រី​ប្រាំពីរ​ពណ៌ ឬ​គ្រប​ឱ្យបាន​ត្រឹមត្រូវ​នូវ​ពាង អាងទឹក ធុង ក្រឡ ថូ​ផ្កា ចាន​ទ្រ​ជើង​ទូ ជាដើម ។​

​ត្រូវ​កម្ចាត់​សត្វ​មូល​ខ្លា តាមរយៈ​ការរៀបចំ​សម្ភារៈ ក្នុង​ផ្ទះសំបែង​ឱ្យមាន​សណ្តាប់ធ្នាប់ ធ្វើយ៉ាងណា​ឱ្យ​មាន​ពន្លឺ​ចាំង​ចូល​ក្នុងផ្ទះ​បានល្អ លុបបំបាត់​គុម្ពោត​ព្រៃ​ជុំវិញ​ផ្ទះ និង​ចូលរួម​សហការ​ជាមួយ​ភ្នាក់ងារ​សុខាភិបាល ក្នុងករណី​មានការ​បាញ់ថ្នាំ​សម្លាប់​សត្វ​មូស ។ ត្រូវ​ការពារ​ខ្លួន​ពី​ការ​ខាំ​ចម្លង​របស់​មូសខ្លា​ញី តាមរយៈ​ការ​ដេក​ក្នុង​មុង ទាំង​ថ្ងៃ​និង​យប់ ស្លៀកពាក់​ខោអាវ​វែង មិន​ត្រូវ​អង្គុយ ឬ​សម្រាក​នៅ​កន្លែង​ដែល​មិន​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​ជាដើម ។ ករណី​មាន​សមាជិក​ក្រុមគ្រួសារ​ណា​ម្នាក់​មាន​រោគសញ្ញា​ដូចជា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ចាប់ពី​៣៩​អង្សា​ឡើងទៅ និង​មាន​សញ្ញា​បន្ទាប់បន្សំ​ផ្សេងទៀត ដូចជា មុខ​ក្រហម ឈឺក្បាល ឈឺ​ក្រោម​ក្រឡង់​ភ្នែក ឈឺ​សាច់ដុំ ឬ​សន្លាក់ ឈឺ​ខ្លួន ស្នាម​កន្ទួល​ក្រហម​ជាដើម ត្រូវ​ប្រញាប់​រួសរាន់​ស្វែងរក​សេវា​ថែទាំ​សុខភាព​ដែល​នៅ​ជិត​បំផុត ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា គ្រប់​ករណី​សង្ស័យ​ពី​ជំងឺគ្រុនឈាម មិន​ត្រូវ​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង ឬ​ប្រើប្រាស់​ថ្នាំ​ប្រភេទ អាស្ពេរីន ឬ​អ៊ី​ប៉ុយ​ព្រូ​ហ្វែ​ន ជាដាច់ខាត និង​មិន​ត្រូវ​ស្វែងរក​សេវា​ថែទាំ​សុខភាព​ណា ដែល​មិន​មាន​ជំនាញ​វិជ្ជាជីវៈ ពិនិត្យ ព្យាបាល​ជំងឺ​គ្រុនឈាម​ឡើយ ។​

​គូសបញ្ជាក់ថា ចាប់ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ ២០១៧ កម្ពុជា​បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​ការ​រាតត្បាត​នៃ​ជំងឺគ្រុនឈាម ដែល​បណ្តាល​ឱ្យ​កុមារ​ប្រមាណ ១០.០០០ ទៅ ១២.០០០ នាក់ សម្រាក​ព្យាបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ក្នុងនោះ​កុមារ ១០០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​មួយ​ឆ្នាំៗ ។​

​ក្នុង​ឆ្នាំ​២០១៧ មាន​ករណី​ឈឺ​និង​ស្លាប់​ពី​ជំងឺគ្រុនឈាម​ដែល​បាន​រាយការណ៍ សរុប​ចំនួន ៦.៣៧២​ករណី ។ មួយ​ភាគ​ធំ​នៃ​ករណី​ឈឺ ដែល​បាន​រាយការណ៍ គឺ​កើតមាន​លើ​ក្រុម​កុមារ ចាប់ពី​អាយុ​៥​ឆ្នាំ ទៅ​ក្រោម​១០​ឆ្នាំ មាន ២.៤៣៤​ករណី ឬ​ស្មើនឹង ៣៨,២% ។ សម្រាប់​កុមារ​អាយុ​ចាប់ពី ១០​ឆ្នាំ ទៅ​ក្រោម​១៥​ឆ្នាំ មាន​ចំនួន ២.២៧១​ករណី ឬ​ស្មើនឹង ៣៥,៦% ចំណែកឯ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ មាន​ចំនួន ១.៣០៥​ករណី ឬ​ស្មើនឹង ១០,៧% និង​កុមារ​អាយុ​ក្រោម​លើសពី​១៥​ឆ្នាំ មាន​ចំនួន​៣៦២​ករណី ឬ​ស្មើនឹង ៥,៦% ។​

​នៅ​ឆ្នាំ​២០១៧ ស្ថានការណ៍​ជំងឺគ្រុនឈាម​មាន​ការប្រែប្រួល តាមរយៈ​ការផ្លាស់ប្តូរ​ប្រភេទ​វីរុស​គ្រុនឈាម ។ ខេត្ត​មួយចំនួន​ដែល​បាន​ទទួល​ការ​រាតត្បាត​ជំងឺគ្រុនឈាម មានដូចជា ខេត្ត​មណ្ឌល​គី​រី ព្រះវិហារ តាកែវ ព្រៃវែង កំពង់ស្ពឺ និង​សៀមរាប ប៉ុន្តែ​ការ​រាតត្បាត​ត្រូវបាន​ទប់ស្កាត់​ទាន់ពេលវេលា ។ ស្របពេល​ដែល​ជំងឺ​ហ្ស៊ី​កា​កំពុង​រាតត្បាត ការ​រាតត្បាត​នៃ​ជំងឺគ្រុនឈាម​ក៏​កើតឡើង​ដែរ ។ ក្រសួង​សុខាភិបាល​បាន​ដាក់​វិធានការ​ឱ្យ​រាជធានី​ខេត្ត​នីមួយៗ បាញ់ថ្នាំ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​ហ្ស៊ី​កា ដែល​ជា​កត្តា​អំណោយផល​ល្អ​ដល់​ការទប់ស្កាត់​ជំងឺ​គ្រុនឈាម ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត