ស្ត្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់​ឆ្នៃ​អង្ករ​ទៅ​ជា​គំនូរ​រូបភាព​ក្នុង​គោលដៅ​លើកស្ទួយ​គ្រាប់​អង្ករ​ខ្មែរ​ទៅ​ទីផ្សារ​អន្តរជាតិ​

03-02-2018 9:17 am 1505
  ស្តាប់
ស្តាប់ជាសំឡេង

​អង្ករ គឺជា​គ្រាប់​ធញ្ញជាតិ​ដែល​បុក ឬ​កិន​យក​អង្កាម ឬ​យក​សំបក​ចេញ​ហើយ ។ បើ​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ​ជួន ណាត បាន​បែងចែក​អង្ករ​ជា​៣​ប្រភេទ មាន​អង្ករខ្សាយ​, អង្ករ​ដំណើប និង​អង្ករពោត ។ អង្ករ​ទាំង​៣​ប្រភេទ​នេះ ត្រូវបាន​យក​ទៅ​ប្រើប្រាស់​ក្នុង​កាល​ផ្សេងៗ​គ្នា តែ​នៅ​តែ​ស្ថិត​ក្នុង​ន័យ​ជា​អាហារ​ដូចគ្នា ។ ដោយឡែក ដោយសារ​គំនិត​ឆ្នៃប្រឌិត ស្ត្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់ បាន​ជ្រើសរើស​យក​គ្រាប់​អង្ករ​ខ្មែរ​គ្រប់​ប្រភេទ ទៅ​ឆ្នៃ​បង្កើត​ជា​សិល្បៈ​គំនូរ ដែល​មើលទៅ​វា​ហាក់ដូចជា​ប្លែក​ខុស​គេ​នៅ​កម្ពុជា ។​

​អ្នកស្រី អា អ៊ី​សា គឺ​ជា​ម្ចាស់​អាជីវកម្ម ក៏​ដូចជា​អ្នក​រក​ឃើញ​ពី​សិល្បៈ​នៃ​ការឆ្នៃ​គ្រាប់​អង្ករ​ទៅ​ជា​គំនូរ​ផ្សេងៗ បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​យក​អង្ករ​ខ្មែរ​គ្រប់​ប្រភេទ មក​ឆ្នៃ​ធ្វើ​ជា​សិល្បៈ​គំនូរ​ផ្សេងៗ តាម​ការចង់បាន ឬ​តាម​តម្រូវការ​របស់​អតិថិជន​…
​សំឡេង​៖

​អ្នកស្រី​បាន​ប្រាប់​បន្ត​ខ្ញុំ​ថា អ្នកស្រី​បាន​ប្រើ​រយៈពេល​៥​ឆ្នាំ ដើម្បី​រៀន​ធ្វើ​បណ្តើរ ដក​ពិសោធន៍​ការងារ​បណ្តើរ ហើយ​ក៏​សម្រេច​ដាក់​ដំណើរការ​អាជីវកម្ម​នេះ​នៅក្នុង​ឆ្នាំ​ទី​៦ ។ បើ​សរុប​ជា​ឆ្នាំ​នៃ​ការចាប់ផ្តើម​រហូតមក​ដល់​សព្វថ្ងៃ​វិញ គឺ​មាន​រយៈពេល​៧​ឆ្នាំ​មកហើយ ។ 

​ក្រោយ​ដាក់​ដំណើរការ​អាជីវកម្ម​នេះ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ការងារ​សិល្បៈ​ទាំងនេះ គឺ​ទទួលបាន​ការគាំទ្រ​ច្រើន និង​ទទួលបាន​ការផ្តល់​កម្លាំង​ចិត្តច្រើន​ពី​អតិថិជន តែបើ​និយាយ​ពី ចំនួន​នៃ​ការលក់​ចេញ គឺ​នៅ​តិចតួច​នៅឡើយ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច ។​

​អ្នកស្រី​អ៊ី​សា អះអាង​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ការងារ​សិល្បៈ​នេះ គឺ​ពិតជា​លំបាក លំបាក​ត្រង់​ថា វា​មាន​ច្រើន​ដំណាក់កាល ពិសេស​គឺ​ត្រូវ​ចំណាយពេល​រៀប​គ្រាប់​អង្ករ​មួយ​គ្រាប់ៗ​ទៅតាម​រូបរាង​ដែល​យើង​បាន​គូរ​…
​សំឡេង​៖

​អាជីវករ​ផលិត​សិល្បៈ​គំនូរ​គ្រាប់​អង្ករ​រូប​នេះ​ប្រាប់​ខ្ញុំ​បន្ថែមទៀតថា បើសិនជា​គំនូ​រណា​មាន​ពណ៌​ច្រើន​ចម្រុះ​ចូលគ្នា អាច​ចំណាយ​ពេល​ធ្វើ​ពី​៥​ថ្ងៃ ទៅ​មួយ​សប្តាហ៍ ដែល​ជា​ទូទៅ គំនូរ​មួយ​សន្លឹក ឬ​មួយ​ក្តារ​បន្ទៈ គាត់​ត្រូវ​ចំណាយពេល​យ៉ាង​លឿន​បំផុត​ក៏​៣​ថ្ងៃ​ដែរ ។ អ្នកស្រី​បន្ត​ប្រាប់​ខ្ញុំ​ថា ពណ៌​ចម្រុះ​ដែល​អ្នកស្រី​ធ្វើ​សម្រាប់​គូរគំនូរ​ដោយ​គ្រាប់​អង្ករ​នេះ មាន​រហូតដល់​ទៅ​៣២​ពណ៌​ឯណោះ ដែល​ប្រើ​បច្ចេកទេស​លាយ​ផ្សំ​ទឹក​ថ្នាំ​លើ​គ្រាប់​អង្ករដើម​ពណ៌​ស ខុស​ពិសេស​ពី​គំនូរ​ដែល​គូរ​ចេញពី​ទឹក​ថ្នាំ​ដោយ​វិចិត្រករ​…
​សំឡេង​៖

​សម្រាប់​ភ្ញៀវ​ដែលជា​អតិថិជន​របស់​គាត់ គឺ​មាន​ទាំង​ជាតិ​និង​អន្តរជាតិ ។ តែបើ​និយាយ​ពី​ទីផ្សារ​ទំនិញ ឬ​គាំទ្រ​នោះ គឺ​ភាគច្រើន ច្រើន​តែ​ភ្ញៀវ​បរទេស​ច្រើនជាង​ខ្មែរ ដោយសារ​តែ​ទីផ្សារ​នៃ​សិល្បៈ​នេះ មិន​ទាន់​ទូលំទូលាយ​សម្រាប់​អាជីវកម្ម​របស់​គាត់​នៅឡើយ ។ គាត់​ប្រាប់​ខ្ញុំ​ថា ភាគច្រើន ភ្ញៀវ​បរទេស​ច្រើន​និយម​ជាវ​ជា​លក្ខណៈ​ឈ្មោះ រូប​និមិត្តសញ្ញា​(​ឡូហ្គូ​)​ជាដើម តែបើ​ភ្ញៀវ​ខ្មែរ ច្រើន​និយម​ជាវ​ជា​រូបថត​ទៅវិញ​…
​សំឡេង​៖

​បច្ចុប្បន្ន ការងារ​សិល្បៈ​នេះ គឺ​អ្នកស្រី​ធ្វើ​តែ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ មិនទាន់​មាន​បង្កើត​ជា​លក្ខណៈ​សិប្បកម្ម​ធំដុំ​នៅឡើយ ។ អ្នកស្រី​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ថា តាមរយៈ​បទពិសោធន៍​ការងារ​សិល្បៈ​នេះ អ្នកស្រី​បាន​ឆ្នៃ​វិវត្ត​ជាច្រើន​ដំណាក់កាល ដើម្បី​រក្សាបាន​នូវ​គុណភាព​រូបភាព ។ ចំពោះ​សម្ភារ​ដែល​ប្រើប្រាស់ អ្នកស្រី​ត្រូវ​ទៅ​រក​ទិញ​វត្ថុធាតុដើម​ពី​ប្រទេស​ក្រៅ និង​កែឆ្នៃ​ឡើង​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ចំណាយ ។ 

​បើទោះបីជា​អ្នកស្រី​ជា​ស្ត្រីភេទ ដែល​មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់​ក៏ដោយ អ្នកស្រី​បាន​ធ្វើ​ការងារ​នេះ ដោយ​ដើរតួរ​ជា​ស្រី​ផង និង​ប្រុស​ផង ព្រោះ​ត្រូវ​ធ្វើ​ការងារ​ប្រុសៗ ដូចជា​កាន់​ម៉ាស៊ីន កាត់​ក្តារ ខាត់​ក្តារ តាម​ការចង់បាន​ជាដើម ។ ទោះយ៉ាងណា​ក៏ដោយ អ្នកស្រី​បាន​អះអាង​ប្រាប់​ខ្ញុំ​ថា ធនធាន និង​កម្លាំង​ក្នុង​ការផ្គត់ផ្គង់​ទីផ្សារ តាម​តម្រូវការ​របស់​អតិថិជន គឺ​អ្នកស្រី​មាន​គ្រប់គ្រាន់​ហើយ តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នៅឡើយ គឺ​កង្វះ​ទីផ្សារ ។​

​ស្ត្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ ប្រាប់​ខ្ញុំ​ថា ចំណេះដឹង​សិល្បៈ​នេះ គឺ​គាត់​បាន​ទៅ​រៀន​នៅ​ប្រទេស​ជិតខាង​ជា​ដើមទុន ។ ចំណែកឯ​គំនិត ឆ្នៃ​គ្រាប់​អង្ករ​ធ្វើជា​គំនូរ​វិញ គឺ​មាន​ប្រវត្តិ​កើតចេញ​ពី​នំ​បាយ​ទ្រាប​ដែល​គាត់​ធ្លាប់​ធ្វើ ដោយ​រចនា​ចេញ​ទៅ​ជា​រូបភាព​ផ្សេងៗ បូកផ្សំ​ជាមួយ​នឹង​ការរៀនសូត្រ​បន្ថែម​…
​សំឡេង​៖

​បច្ចុប្បន្ន​អ្នកស្រី​បាន​បង្រៀន​សិស្ស​ចំនួន​២០​នាក់ នៅក្បែរ​ផ្ទះ ក្នុង​ខេត្ត​សៀមរាប ។ ការផ្ទេរ​ចំណេះដឹង​នេះ ក៏​ជា​ការជួយ​ដល់​សិស្ស​ទាំងអស់ អាច​រក​ចំណូល​បាន​ពី​ការរៀន​ធ្វើ​សិល្បៈ​គំនូរ​អង្ករ​នេះដែរ​…
​សំឡេង​៖

​អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា កន្លងមក ដោយសារ​ការងារ​នេះ​លំបាក និង​ពិសេស​នោះ​គឺ​កង្វះ​ទីផ្សារ គាត់​ធ្លាប់​មាន​បំណង​ចង់​បោះបង់​ចោល​ការងារ​ម្តង​ដែរ តែដោយសារ​មាន​ការជួយ​លើកទឹកចិត្ត​ពី​សំណាក់​ភ្ញៀវ ពី​អតិថិជន គាត់​នៅ​តែ​បន្ត​ការងារ​សិល្បៈ​នេះ រហូតដល់​បច្ចុប្បន្ន ។ អ្នកស្រី​អះអាង​ប្រាប់​ខ្ញុំ​ថា ការងារ​សិល្បៈ​គំនូរ​ពី​គ្រាប់​អង្ករ​នេះ សព្វថ្ងៃ​គឺ​មិន​មាន​អ្នកធ្វើ​នៅឡើយ​ទេ អាច​ថា​ប្រហែល​មកពី​ការងារ​នេះ​ពិបាក​រក​លុយ និង​បញ្ហា​ទីផ្សារ​តែ​ម្តង ។ អ្នកស្រី​ក៏​បើកទូលាយ​ក្នុងការ​ផ្ទេរ​ចំណេះដឹង​ជំនាញ​ផ្នែក​សិល្បៈ​នេះ​ដល់​អ្នកដទៃ ក៏ដូចជា​អាជីវករ​ផ្សេងៗ​ទៀត ក្នុងការ​ពង្រីក​ទំហំ​ការងារ​នេះ ឱ្យ​រីកចម្រើន​ឈាន​ទៅ​ដល់​ទីផ្សារ​ក្រៅប្រទេស ឱ្យ​គេ​បាន​ស្គាល់​ពី​សិល្បៈ​ខ្មែរ ក៏​ដូចជា​អង្ករ​ខ្មែរ ។​

​បើ​និយាយ​ពី​មូលហេតុ​នៃ​ការចាប់យក​អង្ករ មក​ឆ្នៃ​ធ្វើ​ជា​គំនូរ​វិញ ស្ត្រី​ខ្មែរ​អ៊ីស្លាម​រូបនេះ​បាន​ប្រាប់​ខ្ញុំ​ថា ក៏​ព្រោះ​វា​ជា​ការងារ​ថ្មី មិនទាន់​មាន​អ្នកធ្វើ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​អ្នកស្រី​មានបំណង​ផ្សព្វផ្សាយ​អង្ករ​ខ្មែរ ឱ្យ​កាន់តែ​ល្បី​ឈ្មោះ​នៅ​ទីផ្សារ​អន្តរជាតិ ឱ្យ​បរទេស​បាន​ឃើញ​ថា អង្ករ​ខ្មែរ​មានតម្លៃ ក្រៅពី​ចម្អិន​ជា​អាហារ យើង​ក៏​អាច​យក​មក​ឆ្នៃ​ជា​សិល្បៈ​ផ្សេងៗ​បាន​ទៀត ដូចជា​គំនូរ​ដែល​អ្នកស្រី​បាន​ធ្វើឡើង​នេះ​ជាដើម ។​

​អ្នកស្រី អ៊ី​សា បាន​ប្រាប់​ខ្ញុំ​ទៀត​ថា ទៅ​ថ្ងៃ​ខាងមុខ អ្នកស្រី​មាន​បំណង​ចង់​បង្កើត​សិប្បកម្ម​សិល្បៈ​គំនូរ​ពី​គ្រាប់​អង្ករ​នេះ ឱ្យ​មាន​វិសាលភាព​ទូទាំង​ប្រទេស ដើម្បី​ផ្សាយ​ពី​សិល្បៈ​អង្ករ​ខ្មែរ ក៏ដូចជា​ជួយ​ជីវភាព​ដល់​សិស្ស​សាលា​ផង ។​

​សព្វថ្ងៃ អ្នកស្រី​មាន​ដាក់តាំង​លក់​សម្ភារៈ​សិល្បៈ​ទាំងនេះ នៅក្នុង​ផ្សារ​រាត្រី​អង្គរ ខេត្តសៀមរាប ដែល​ជា​ទឹកដី​នៃ​ទីស្នាក់អាស្រ័យ​របស់​អ្នកស្រី​ដែរ ។ បើ​នៅ​ភ្នំពេញ​វិញ អ្នកស្រី​មិន​ទាន់​អាច​បញ្ជាក់​ពី​ទីតាំង​ច្បាស់លាស់​នៅឡើយ​ទេ តែ​អ្នកស្រី​បង្ហើប​ប្រាប់​ខ្ញុំ​ថា គ្រោង​នឹង​រក​ទីតាំង​ដាក់តាំង​សម្ភារៈ​សិល្បៈ​អង្ករ​នេះ​ឆាប់ៗ​នៅ​ខាងមុខ​នេះ ។ អ្នកស្រី​អ៊ី​សា ប្រាប់ថា បើសិនជា​អតិថិជន​ចង់​ជាវ ឬ​កុម្មង់​ពី​ខេត្ត ឬ​ក្រុង​ផ្សេងៗ អាច​ទាក់ទង​ទៅ​ហ្វេ​សប៊ុក​របស់​អ្នកស្រី ដែល​មានឈ្មោះ​ថា Angkor Rice Art បាន ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត