រដ្ឋាភិបាល​បង្ហើប​ពី​ការស្ទង់មតិ​អ្នក​មិន​ចង់ទៅ​បោះឆ្នោត​មាន​មិន​ដល់​១០%​​​

02-02-2018 6:46 pm 1328
  ស្តាប់
ស្តាប់ជាសំឡេង

​ពេលវេលា​នៃ​ការប្រកួតប្រជែង នៅលើ​ទីលាន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ត្រូវ​បាន​រដ្ឋាភិបាល កំណត់​រួចរាល់​ហើយ គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។ ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ ដែល​នឹង​ទៅ​ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ ដ៏​ធំ​មួយ​នេះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល បង្ហើប​ពី​របាយការណ៍​ស្ទង់​មតិ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បង្ហើប​អំពី​ការស្ទង់មតិ​មួយ​ថា ចំនួន​អ្នកស្ម័គ្រចិត្ត​ចូលរួម ការបោះឆ្នោត នៅពេល​ខាងមុខ​នេះ មាន​ចំនួន​រហូត​ដល់ ៧៥% ចំណែកឯ​អ្នក​មិន​ចង់ទៅ​បោះឆ្នោត មាន​ត្រឹមតែ​៩% ប៉ុណ្ណោះ​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​លើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ​។ នេះ​បើ​តាម​ការអះអាង​របស់ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។​

សំឡេង​

​លោក សំ គន្ធា​មី ប្រធាន​អង្គការ​និចហ្វិច បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ជុំវិញ​ការស្ទង់មតិ ទៅលើ​អ្នក​ទៅ​បោះឆ្នោត​នេះ អង្គការ​របស់​លោក​នៅ​មិនទាន់ គិតគូរ​នៅឡើយ​ទេ ព្រោះ​ដោយសារ​តែ នៅសល់​រយៈពេល​វែងឆ្ងាយ​ទៀត ទម្រាំ​ដល់​ថ្ងៃ​បោះឆ្នោត​។ លោក​បន្តថា ប្រជាពលរដ្ឋ អាច​មាន​ការផ្លាស់ប្តូរ​ចិត្ត ដូច្នេះ​ការធ្វើ​ការស្ទង់មតិ គួរតែ​ធ្វើ​ក្នុងអំឡុង​កៀកៗ​នឹង​ថ្ងៃ​បោះឆ្នោត​។ តែ​យ៉ាងណាក៏ដោយ លោក​នឹង​សិក្សា​បន្ថែមទៀត ទៅលើ​របាយការណ៍​ស្ទង់​មតិ​របស់​រាជរដ្ឋាភិបាល​។

​សំឡេង​

​ដោយឡែក លោក​យឿ​ង សុធា​រ៉ា មន្ត្រី​អង្គការ​ខុមហ្វ្រែល បានបញ្ជាក់​ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ពាក់ព័ន្ធ​នឹង​របាយការណ៍ ស្ទង់​មតិ ស្តី​ពី​អ្នក​ទៅ​ចូលរួម​ការបោះឆ្នោត របស់​រដ្ឋាភិបាល​ទេ​។ ប៉ុន្តែ​គ្រាន់តែ​លោក​បញ្ជាក់ថា របាយការណ៍​ស្ទង់​មតិ ប្រសិន​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ នៅ​ពេល​ចុះ​សាកសួរ​ប្រជាពលរដ្ឋ​ថា​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត ប្រាកដ​ណាស់​ថា នឹង​មាន​ការឆ្លើយតប​ជា​វិជ្ជមាន តែ​ប្រសិនបើ​ជា​មនុស្ស​សាមញ្ញ ទៅ​សាកសួរ​ពួកគាត់ ប្រហែល​អាច​នឹង​ចម្លើយ​ដោយឡែក​ផ្សេងទៀត​។​

សំឡេង

​លោក​សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ឞ បានបញ្ជាក់​ថា ការធ្វើ​របាយការណ៍​ស្ទង់​មតិ ទៅលើ​ការចូលរួម​បោះឆ្នោត របស់​ប្រជាពលរដ្ឋ ធ្វើឡើង​ក្នុង​កាលៈទេសៈ​ពេល​ណា​ក៏​បាន លើកលែងតែ​ក្នុងដំណាក់កាល ឃោសនាបោះឆ្នោត ដែល​ជា​ពេលវេលា​ហាមឃាត់ និង​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​គ​.​ជ​.​ឞ​។ ដូច្នេះ​ចំពោះ​របាយការណ៍ ដែល​បង្ហាញ​ដោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺជា​សិទ្ធិ​របស់​បុគ្គល ឬ​ស្ថាប័ន​នី​មួយៗ ដែល​ចូលរួម​ចំណែក​ក្នុង​ការតាមដាន នូវ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។​

សំឡេង

​យ៉ាងណាក៏ដោយ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អះអាង​ថា តាមរយៈ​របាយការណ៍​ស្ទង់​មតិ​ខាងលើ បាន​បង្ហាញឲ្យឃើញថា ស្ថានភាព នៃ​ដំណើរការ​ចូលរួម របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា គឺ​មាន​ភាពល្អប្រសើរ ផ្ទុយ​ពី​ការចោទប្រកាន់​របស់​ក្រុមប្រឆាំង​នោះឡើយ​។​

​ការបោះឆ្នោត​ជា​សិទ្ធិ​នយោបាយ និង​ជា​ការទទួលខុសត្រូវ ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ គ្រប់រូប​។ ប្រជាពលរដ្ឋ​អនុវត្តន៍​សិទិ្ធ នៃ​ការគ្រប់គ្រង​អំណាច ដោយ​ខ្លួនឯង​តាមរយៈ​ការបោះឆ្នោត ព្រោះ​នៅក្នុង​សង្គម​ប្រកាន់​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស ជា​ម្ចាស់​សិទ្ធិអំណាច ជា​អ្នកបោះឆ្នោត​ជ្រើសរើស អ្នក​ដឹកនាំ​តាម​ការពេញចិត្ត និង​តាម​ឆន្ទៈ​របស់​ខ្លួន​។​

​តាមរយៈ​ការបោះឆ្នោត​ប្រជាពលរដ្ឋ មាន​សិទ្ធិ និង​ឱកាស​បញ្ចេញ​គំនិត​របស់​ខ្លួន ដោយ​សម្ងាត់​លើ​សន្លឹកឆ្នោត ដើម្បី​ជ្រើសរើស​តំណាង ដែល​មាន​ជាទី​ទុកចិត្ត របស់​ខ្លួន​ជា​អ្នកថ្មី ឬ​គាំទ្រ​អ្នកតំណាង​ចាស់ ដែល​ដឹកនាំ​ល្អ ឲ្យ​បន្ត​ការដឹកនាំ​ជា​បន្ត​ទៀត​។

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ចំនួន ៨,៣៨០,២១៧​នាក់ ស្មើនឹង​៨៤.៨% នៃ​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អគ្គលេខាធិការ​រង​គ​.​ជ​.​ឞ លោក​សោម សូ​រី​ដា​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត