ការរំលាយ​គណបក្សសិទ្ធិ​មនុស្ស​ជាយុទ្ធសាស្ត្រ​ឥតងាក​ក្រោយ​របស់ក្រុម​ប្រឆាំង?​

01-02-2018 4:37 pm 915
  ស្តាប់
ស្តាប់ជាសំឡេង

គណបក្សសិទ្ធិមនុស្ស បានរួមគ្នាជាមួយគណបក្ស សម រង្ស៊ី (ភ្លើងទៀន) បង្កើតជាគណបក្សសង្គ្រោះជាតិ។ កាលពីថ្ងៃទី២៨ មករា ឆ្នាំ ២០១៨ គណបក្សសិទ្ធិមនុស្ស សម្រេចរំលាយគណបក្សដោយខ្លួនឯង។តើហេតុអ្វីគណបក្សសិទ្ធិមនុស្ស សម្រេចរំលាយខ្លួននៅពេលនេះ?តើនេះជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមប្រឆាំងឬ? សូមស្តាប់បទវិភាគដោយ គួន សំបូរ៖

គណបក្សសិទ្ធិមនុស្ស បង្កើតឡើងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០០៧ ដែលមានលោក កឹម សុខា ជាស្ថាបនិក និងជាប្រធានបក្ស។កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ ៤ គណបក្សនេះ ទទួលសំឡេងគាំទ្រ ៣ អាសនៈនៅក្នុងសភា។ ក្រោយមកនៅឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្ស បានសម្រេចបញ្ចូលរួមគ្នាជាមួយ គណបក្ស សម រង្ស៊ី សព្វថ្ងៃឈ្មោះថា គណបក្សភ្លើងទៀន របស់លោកសម រង្ស៊ី និងង្កើតបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ។

ចលនាបង្រួមបង្រួមគ្នារវាងគណបក្សទាំងពីរ បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ ទទួលសំឡេងគាំទ្រ ៥៥អាសនៈ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៥ និងមានក្រុមប្រឹក្សាឃុំសង្កាត់ជាង៥ពាន់អាសនៈ ប្រហាក់ប្រហែលបក្សកាន់អំណាច។ គណបក្សសង្រ្គោះជាតិ ក្លាយជាគណបក្សប្រឆាំង និងជាគូប្រជែងជាមួយគណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ប៉ុន្តែក្រោយមក តុលាការកំពូលកម្ពុជា បានចេញសេចក្តីសម្រេចនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ រំលាយគណបក្សសង្រ្គោះជាតិ ព្រមទាំងហាមឃាត់មន្រ្តីគណបក្សចំនួន ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដោយចោទថា គណបក្សសង្គ្រោះជាតិ បានត្រូវរ៉ូវជាមួយបរទេស ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ការសម្រេចនេះ ត្រូវបានមតិខ្លះយល់ថា ដោយសារគូប្រកួតរបស់គណបក្សសង្រ្គោះជាតិ អស់យុទ្ធសាស្ត្រ ក្នុងការបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ។

ក្រោយគណបក្សសង្រ្គោះជាតិ ប្រកាសរំលាយ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ក៏សម្រេចរំលាយគណបក្សដោយខ្លួនឯងដែរ នៅថ្ងៃទី២៨ មករា ឆ្នាំ ២០១៨នេះ។ការសម្រេចរំលាយនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនភ្ញើកផ្អើល និងសម្តែងការងឿងឆ្ងល់ថា តើហេតុអ្វីបានជា គណបក្សសិទ្ធិមនុស្ស សម្រេចរំលាយនៅពេលនេះ? តើនេះជាយុទ្ធសាស្ត្រ រុញទូកបណ្តោយទឹករបស់ក្រុមប្រឆាំងឬ?

ជាទូទៅគ្មានចម្លើយជាក់លាក់សម្រាប់សំណួរនេះទេ ក៏ប៉ុន្តែយើងអាចទាញយកនូវគោលការណ៍មួយចំនួនមកពិចារណា។ យើងត្រឡប់ក្រោយបន្ទិច មុនបង្កើតគណបក្សសង្រ្គោះជាតិ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលហៅសព្វថ្ងៃថា បក្សភ្លើងទៀន បានកំណត់គោលដៅរួមគ្នាថា នឹងសមាហរ័ណកម្មឲ្យទៅជាគណបក្សសង្រ្គោះជាតិតែមួយគត់ នៅត្រឹមឆ្នាំ២០១៨ ហើយលែងមានគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី យ៉ាងយូរត្រឹមឆ្នាំ២០១៨ដែរ។

ដោយគោរពតាមគោលការណ៍នេះ បានជាគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ប្រកាសរំលាយនៅទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ហើយគណបក្ស សម រង្ស៊ី(ភ្លើងទៀន) នឹងរំលាយ ក្រោយការបោះឆ្នោតព្រឹទ្ធសភារួច។ ការរំលាយនេះអាចជាការបង្ហាញពីភាពស្មោះស និងមិនអាចបំបែកបំបាក់បាន រវាងក្រុមលោក កឹម សុខា និងលោក សម រង្ស៊ី ក្រោយបក្សសង្រ្គោះជាតិត្រូវរំលាយ និងចង់បន្តរួមគ្នាទាមទាឱ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ ហើយអាចចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ៦ នៅពេលខាងមុខ។

នេះយុទ្ធសាស្ត្រថ្មីបន្ថែមរបស់ក្រុមប្រឆាំង អាចនិយាយបានថា ជាការតតាំងជាមួយបក្សកាន់អំណាចគ្មានផ្លូវបកក្រោយ។ម្ប៉ាងវិញទៀត ការរំលាយគណបក្សសិទ្ធិមនុស្ស ក្នុងន័យបញ្ចៀសកុំឲ្យមានការមន្ទិលសង្ស័យថា នឹងមានការវិលត្រឡប់មករកទ្រនំចាស់វិញ មុនការបោះឆ្នោតជាតិ ២០១៨ខាងមុខ ខណៈអ្នកគាំទ្របក្សប្រឆាំង កំពុងមានមន្ទិលថា គួរវិលទៅគាំទ្របក្សសិទ្ធិមនុស្សវិញ និងភ្លើងទៀន។ចំណុចនេះ ប្រសិនបើមានការវិលទៅរកទ្រនំចាស់មែន មានន័យថា ក្រុមប្រឆាំងក្នុងជួរអតីតគណបក្សសង្រ្គោះជាតិ នឹងអាចដើរ តាមការគុសវាសរបស់គូប្រជែងខ្លួន គឺបក្សកាន់អំណាច។

ហេតុអ្វី? ព្រោះថា ស្ថានភាពនយោបាយបច្ចុប្បន្ន គណបក្សកាន់អំណាច កំពុងរង់សម្ពាធពីអន្តរជាតិ បន្ទាប់ពីរំលាយគណបក្សប្រឆាំង ដូច្នេះដើម្បីឱ្យការបោះឆ្នោតនៅពេលខាងមុខទទួលស្គាល់ពីអន្តរជាតិបាន គឺទាមទាមានការចូលរួមពីបក្សប្រឆាំង។ដូច្នេះ ចង់មិនចង់គណបក្សកាន់អំណាច មិនបណ្តោយឱ្យបក្សសង្រ្គោះជាតិរស់ឡើងវិញទេ បើប្រថុយសង្រ្គោះជាតិរស់ឡើងវិញ គណបក្សកាន់អំណាចខ្លួនឯង អាចនឹងបាត់បង់ឱកាសក្នុងការដឹកនាំប្រទេស។ម្លោះហើយ មានតែការបើផ្លូវឱ្យសកម្មជនអតីតគណបក្សសង្រ្គោះជាតិ រកទៅរកទ្រនំចាស់ទេ ទើបជាយុទ្ធសាស្ត្រល្អ ក្នុងការបំបែកសំឡេង។នេះបើតាមការយល់ឃើញរបស់អ្នកវិភាគ។

កាលពីចុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានផ្តល់យោបល់ឲ្យអតីតគណបក្សសង្រ្គោះជាតិ គួរបង្កើតបក្សថ្មីមួយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត ហើយឈ្មោះគណបក្សសង្រ្គោះជាតិ គឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ។លោកចាត់ទុកជម្រើសនេះថា វាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន។

ជារួមមកវិញ ទាំងនេះអាចជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយខ្មែរ ដើម្បីប្រកួតគ្នា។ដូច្នេះយើងនឹងរងចាំមើលថា តើក្រុមអតីតគណបក្សសង្រ្គោះជាតិ ព្រមដើរតាមការបើកផ្លូវរបស់ដៃគូ ឬក៏បន្តធ្វើដំណើរទៅមុខទាំងដោយពឹងពាក់ពីអន្តរជាតិ? 

ព័ត៌មានផ្សេងទៀត