TAXIOK​​ជា​កម្មវិធី​​ហៅ​តាក់ស៊ី​​តាម​ស្មា​ត​ហ្វូន​​ចាប់ផ្ដើម​​ដំណើរការ​​នៅ​​ថៃ​

29-01-2018 4:19 pm 558
សេវាកម្មហៅតាក់ស៊ីតាមកម្មវិធីលើស្មាតហ្វូនកំពុងពេញនិយមនៅថៃ

​ក្រសួង​ដឹកជញ្ជូន​ថៃ​បានប្រកាស​ចាប់ផ្ដើម​កម្ម​វិធី​លើ​ស្មា​ត​ហ្វូន​មួយ ដើម្បីឲ្យ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកដំ​ណើ​រហៅ​តាក់ស៊ី​។ ពិធី​ប្រកាស​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ចាប់ផ្ដើម​សេវាកម្ម​ថ្មី​ឈ្មោះថា TAXIOK​។ សេវាកម្ម​ថ្មី​នេះ​គ្របដណ្ដប់​លើ​តាក់ស៊ី​ប្រមាណ​៣៦,០០០​គ្រឿង​នៅ​ក្នុងប្រទេស​ថៃ​។ ដើម្បី​ហៅ​តាក់ស៊ី អ្នកដំណើរ​ត្រូវ​ចូល​ទៅកាន់​ទី​តាំងរបស់​គេ​នៅក្នុង​កម្មវិធី​លើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន​។ សេវាកម្ម​ថ្មី​នេះ​មានតម្លៃ​ប្រហែល​៦៥​សេន​លើ​តម្លៃ​ធម្មតា​។

​ប្រជាជន​មួយចំនួន​នៅក្នុង​ប្រទេស​ថៃ​បាន​ត្អូញត្អែ​ថា អ្នកបើក​តាក់ស៊ី​ពេលខ្លះ​មិន​ព្រម​ដឹក​អ្នកដំណើរ ហើយ​ពេលខ្លះ​យក​តម្លៃលើស​ក៏មាន​។ ដូច្នេះ​សេវាកម្ម​ថ្មី​នេះ​នឹង​ផ្ដល់ជូន​អតិថិជន​នូវ​ព័ត៌មាន​ទាក់ទង​នឹង​អ្នកបើកបរ កាមេរ៉ា​ចាប់​រូបភាព និង​ប៊ូ​តុង​ប្រកាសអាសន្ន​ជាដើម​។ រដ្ឋមន្ដ្រីក្រសួង​ដឹកជញ្ជូន​ថៃ​បាន​បញ្ជាក់ថា គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​គោលបំណង​លើកកម្ពស់​ស្ដង់ដា​តាក់ស៊ី​នៅក្នុង​ប្រទេស​ថៃ ហើយក៏​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​អ្នកដំណើរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត