ម៉ាឡេស៊ី​៖​​ចាប់​ពស់ថ្លាន់​​បម្រុង​យក​ទៅលក់​​តែ​ត្រូវ​ពស់​​រុំ​ក​ស្ទះ​ខ្យល់​ស្លាប់​

29-01-2018 10:44 am 5474
រូបភាពពស់ថ្លាន់ដែលគេវាយស្លាប់

​បុរស​ជនជាតិ​ម៉ាឡេស៊ី​វ័យ​៣៥​ឆ្នាំ​ម្នាក់​ឈ្មោះ​Zaim Khalis Kosnan បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ត្រូវ​ពស់ថ្លាន់​មួយ​ក្បាល​រុំ​កជាប់​ដកដង្ហើម​មិន​រួច​។ បុរស​រូបនេះ​បាន​ចាប់​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​៣​ម៉ែត្រ​កន្លះ ដែល​គេ​ជឿជាក់ថា​លោក​ចង់​យកទៅលក់ នៅពេល​លោក​ឃើញ​ពស់ថ្លាន់​នៅតាម​ផ្លូវ​នៅ​ពេលយប់​។ ឃើញ​ដូច្នេះ​លោក​បាន​ចាប់​ក្បាល​ពស់ថ្លាន់​ហើយ​កាន់​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្ដែ​ពស់ថ្លាន់​ក៏​រើខ្លួន​ហើយ​រុំ​ក​បុរស​រូបនេះ​ជាប់​។ ភ្លាមៗ​នោះ​លោក​ក៏​ដួល​ធ្លាក់​ពីលើ​ម៉ូតូ និង​បាន​ស្ទះខ្យល់​ស្លាប់​មួយ​រំពេច នៅ​ម៉ោង​ប្រហែល​៣​ជិត​ភ្លឺ​ថ្ងៃទី​២៨​មករា​។ អ្នក​ដែល​ឆ្លងកាត់​ផ្លូវ​ឃើញ​ក៏​ទៅ​មើល​ដើម្បី​ជួយសង្គ្រោះ ប៉ុន្ដែ​អកុសល​លោក​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។ ទាក់ទង​នឹង​បុរស​ខាងលើ​គេ​មិនដឹងថា​ធ្លាប់បាន​រៀន​ពី​វិធីសាស្ដ្រ​ចាប់​សត្វ​ពស់​ឬ​យ៉ាងណាទេ ប៉ុន្ដែ​គេ​ធ្លាប់​ឃើញ​លោក​ចាប់​ពស់​កន្លងមក​៕

ព័ត៌មានផ្សេងទៀត