មន្ត្រី​រដ្ឋាភិបាល​ថា​​ការ​បន្តឹង​​ទិដ្ឋាការ​​ពី​អាមេរិក​ មិនមែន​​ដោយសា​​ការរំលាយ​​CNRP​ទេ​​

28-01-2018 3:17 pm 2398
  ស្តាប់
ស្តាប់ជាសំឡេង

​មជ្ឈដ្ឋាន​មួយចំនួន យល់ច្រឡំ​ថា ការអំពាវនាវ ទៅកាន់​សហរដ្ឋអាមេរិក ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា ឲ្យ​ដកចេញ​នូវ​ការ​រឹតបន្តឹង​ទិដ្ឋាការ​របស់ខ្លួន ដើម្បី​ជា​ការត្រួសត្រាយ​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយគ្នា​ឡើងវិញ ថា​អាចជា​តម្រុយ​ថ្មី​មួយ ក្នុង​ការស្តារ​នូវ​ភាព​រង្គោះរង្គើ​នៃ​ទំនាក់ទំនង​ការទូត រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​ភាព​រង្គោះរង្គើ​នេះ ចាប់ផ្តើម​មាននៅ​ចុង​អាណត្តិ​ទី​៥ ពិសេស​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្និទ្ធ​នឹង​សហរដ្ឋអាមេរិក ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​។​

​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បញ្ជាក់ថា ការ​រឹតបន្តឹង​ទិដ្ឋាការ របស់​សហរដ្ឋអាមេរិក ហើយ​ដែល​ភាគី​កម្ពុជា​អំពាវនាវ ឲ្យ​ដកចេញ​ពេលនេះ គឺពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ត​របស់​កម្ពុជា​បដិសេធ​មិន​ទទួលយ​ក​ប្រជាជន​ខ្មែរ​អាមេរិក​ធ្វើ​មាតុភូមិ​និវត្ត មក​កម្ពុជា​វិញ​។​លោក​ថា​ការ​រឹតបន្តឹង​ទិដ្ឋាការ របស់​សហរដ្ឋអាមេរិក​កន្លងមក មិនមែន​ដោយសា​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អី​នោះទេ ហើយ​មកដល់ពេលនេះ អាមេរិក​ក៏​មិនទាន់មាន​ចំណាត់ការ​អី​លើ​កម្ពុជា ជា​ផ្លូវការ ឬ​ជា​លាយលក្ខណ៍អក្សរ​ឡើយ ពាក់​ពន្ធ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​លើ​គណបក្សប្រឆាំង អង្គការ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្និទ្ធ​នឹង​សហរដ្ឋអាមេរិក នោះ​នៅឡើយ​ដែរ​.....

​សំឡេង​លោក​ផៃ ស៊ី​ផាន ៖ ​

កន្លងទៅ រដ្ឋបាល​ប្រធានាធិបតី ដូ​ណាល់ ត្រាំ បានសម្រេច​រឹតបន្តឹង​ការផ្ដល់​ទិដ្ឋាការ​សម្រាប់​ប្រទេស​ចំនួន​បួន​ដែល​មិន​ព្រម​ទទួលយក​ជនជាតិ​របស់ខ្លួន​វិញ ដោយ​ក្នុងនោះ​មាន​ទាំង​កម្ពុជា​ផងដែរ​។​ការ​រឹតបន្តឹង​ទិដ្ឋាការ​នេះ គឺជា​ទណ្ឌកម្ម​មួយ​របស់​រដ្ឋបាល​លោក ត្រាំ ដែល​កំពុង​អនុវត្ត​នយោបាយ​អន្តោប្រវេសន៍​តឹងរ៉ឹង​។ 
 
​ជុំវិញ​បញ្ហា​នេះ កន្លងមក លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​លើកឡើងថា​កម្ពុជា​ចង់​កែប្រែ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​រវាង​ប្រទេស​ទាំងពីរ ដោយ​កម្ពុជា​ចង់់​ឲ្យ​ជនជាតិ​ខ្លួន​មានទោស​នៅ​អាមេរិក អាចអនុវត្ត​ទោស​នៅ​ទីនោះ​ដោយ​មិនចាំបាច់​បញ្ជូនមក​កម្ពុ​ជា​វិញ​ទេ​។​

​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​ជុំ ស​ន្ទរី អះអាងថា កា​អំពាវនាវ​ជាថ្មី ទៅកាន់​សហរដ្ឋអាមេរិក ឲ្យ​ដកចេញ​នូវ​ការ​រឹតបន្តឹង​ទិដ្ឋាការ​របស់ខ្លួន គឺ​ដើម្បី​ជា​ការត្រួសត្រាយ​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយគ្នា​ឡើងវិញ​។​លោក​ថា សេចក្តីសម្រេច​នៃ​ចៅក្រម​សហរដ្ឋអាមេរិក ពិតជា​បង្ហាញ​យ៉ាងច្បាស់​ថា «​ការដាក់កំហិត​លើ​ទិដ្ឋាការ​» ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​សហរដ្ឋអាមេរិក ទៅលើ​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា ក្រោម​មូលហេតុ «​ការពន្យា​ពេល នៃ​ដំណើរការ​ទទួលយក​» ខាងលើនេះ​គឺជា​ការសម្រេច​ដែល​គ្មាន​ហេតុផល​ត្រឹមត្រូវ អយុត្តិធម៌ ហើយ​ផ្ទុយទៅនឹង​ច្បាប់​របស់​អាមេរិក​ខ្លួនឯង​។​

​សូមបញ្ជាក់ថា ជនភៀសខ្លួន​ខ្មែរ​ជិត​១០០​នាក់ ត្រូវបាន​ចៅក្រម​សហព័ន្ធ​សហរដ្ឋអាមេរិក បាន​ផ្អាក​ការបណ្តេញ​អ្នក​ទាំងនេះ ចេញពី​សហរដ្ឋអាមេរិក​ភ្លាមៗ ដោយ​យល់ថា អ្នក​ទាំងនោះ​គួរ​មាន​សិទ្ធិ​តតាំង​ក្តីនៅ​ចំពោះមុខ​តុលាការ ប្រឆាំងនឹង​គោលនយោបាយ​របស់លោក ដូ​ណាល់ ត្រាំ មុននឹង​ត្រូវ​បណ្ដេញចេញ​។​

​បើតាម លោក ជុំ សុន្ទ​រី ប្រសិនបើ អាមេរិក​ដកចេញ​បំរាម​ទិដ្ឋាការ​ដល់​មន្ត្រីការទូត​កម្ពុជា​នោះ​គឺជា​ការត្រួស​ត្រាយផ្លូ​វ បើក​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ឡើងវិញ លើ​ការរុករក​អដ្ឋិធាតុ​ទាហាន​ដែល​ស្លាប់​នៅ​កម្ពុជា​សម័យ​សង្គ្រាម​។​

ជា​ការកត់សម្គាល់ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​លេចចេញ​នូវ​ការ​រឹតបន្តឹង​ទិដ្ឋាការ​បន្ថែមទៀត ទៅលើ​មន្ដ្រី​ខ្មែរ ដែល​អាមេរិក​អះអាងថា ពាក់ព័ន្ធ​នៅក្នុង «​ការធ្វើឲ្យ​ខូច​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​»​។​តែ​រដ្ឋាភិបាល​កម្ពុជា​តា​ម​រយៈ​ក្រសួងការបរទេស ក៏បាន​សេចក្តីថ្លែងការណ៍​មួយ​សម្តែង​ការ «​ខកចិត្ត​យ៉ាងខ្លាំង​» ចំពោះ​ការដាក់កំហិត​ទិដ្ឋាការ​បន្ថែមទៀត​នេះ ដោយ​ចាត់ទុក​ការសម្រេចចិត្ត​ចុងក្រោយ​របស់​ក្រសួងការបរទេស​អាមេរិក​ថា ពុំបាន​ពិចារណា​លើ​អង្គហេតុ និង​អង្គច្បាប់​ជុំវិញ​ការវិវឌ្ឍ​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​ហើយ​ការសម្រេចចិត្ត​នេះ​គឺធ្វើឡើង​ដោយសារ​ហេតុផល​នយោបាយ​ដោយ​ការគិត​ទុកជាមុន និង​មាន​ស្តង់ដារ ២​។​

​ចំណែក​លោក​ផៃ ស៊ី​ផាន បញ្ជាក់​បន្ថែមទៀតថា បើទោះជា​បែបណាក៏ដោយ ពីមុន រហូត​មកដល់ពេលនេះ និង​ទៅ​ថ្ងៃមុខ ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​នៅ​ដដែល គ្មានអ្វី​ប្រែប្រួល​ទេ​....

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​ប៉ុន្តែ​កន្លងមក អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី Heather Nauert បានលើកឡើង​អំពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការចាប់​ដាក់ពន្ធនាគារ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ព្រមទាំង​ការដាក់​កម្រិត​ដទៃៗ​ទៀត​ទៅលើ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​ហេតុផល​សម្រាប់​ការដាក់​កម្រិត​ទិដ្ឋាការ​នេះ​។ ខណៈ​កម្ពុជា​ថា វិធានការ​ច្បាប់​ប្រឆាំងនឹង​បុគ្គល​អង្គការ​មិន​មែនរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​តូច​ដែល​បាន​បំពាន​ច្បាប់​មិនគួរ​ត្រូវបាន​ចាត់ទុកថា​ជា​ការប៉ុនប៉ង​ធ្វើឲ្យ​លំហ​លទ្ធិប្រជាធិបតេយ្យនៅក​ម្ពុ​ជា​ចុះខ្សោយ​នោះទេ​៕

ព័ត៌មានផ្សេងទៀត