លោក ម៉ុន ហៃ មាន​មហិច្ឆតា​ស្រោច​ស្រង់​តន្ត្រី​គែន​ខ្មែរ​ឲ្យ​មាន​ជីវិត​ឡើង​វិញ

28-01-2018 9:58 am 2461
  ស្តាប់
លោក ម៉ុន ហៃ វ័យ៦០ ជាតន្ត្រីករផ្លុំគែន មកពីខេត្តឧត្តរមានជ័យ។ រូបថត៖ ទ្រី​ សីហៈ
ស្តាប់ជាសំឡេង

គែន ជាឧបករណ៍តន្ត្រីបុរាណរបស់ខ្មែរ ដែលសព្វថ្ងៃនេះស្ទើរតែបាត់ឈ្មោះ បាត់សំឡេងទៅហើយ។ គេនៅស្គាល់ គែន ខ្លះៗដែរតាមរយៈរបាំគែន ឬល្ខោនគែន ប៉ុន្តែការផ្លុំឧបករណ៍នេះជាភ្លេងពិរោះរណ្ដុំ អមដោយការច្រៀងចម្រៀងនោះ គឺគេកម្របានឃើញ បានលឺណាស់។ លោក ម៉ុន ហៃ មានឈាមជ័រជាខ្មែរលើ និងជាតន្ត្រីករគែនដ៏ម្រ កំពុងស្វះស្វែងផ្សព្វផ្សាយ និងផ្ទេរចំណេះដឹងរបស់លោកទៅដល់កូនខ្មែរជំនាន់ក្រោយ ដើម្បីឲ្យគែនអាចបន្តដង្ហើមនៅក្នុងសង្គមខ្មែរ។ លោកអះអាងថា គែនអាចនឹងបាត់បង់ទាំងស្រុងពីទឹកដីកម្ពុជា ដោយនៅសេសសល់រូបរាងតែនៅលើជញ្ជាំងប្រសាទ ខណៈប្រទេសជិតខាងថែរក្សា និងឲ្យតម្លៃឧបករណ៍នេះបានយ៉ាងល្អ។

ចម្រៀងគែន៖

លោក ម៉ុន ហៃ កំពុងច្រៀងអមដោយសំឡេង គែន ដែលផ្លុំដោយចៅស្រីរបស់លោកមានវ័យ១៥ឆ្នាំប៉ុណ្ណោះ។ លោកមានស្រុកកំណើតក្នុងខេត្តឧត្តរមានជ័យ មានឪពុកជាខ្មែរសុរិន្ទ និងម្ដាយជាជនជាតិខ្មែរ។

ស្ថិតក្នុងវ័យ៦០ឆ្នាំ សិល្បៈករតន្រ្តីគែនរូបនេះ តាមរយៈកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ របស់អង្គការសិល្បៈខ្មែរអមតៈ កំពុងតែចុះផ្សព្វផ្សាយអំពីតន្ត្រីគែន ដល់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្ត ព្រមទាំងមានគម្រោងបើកថ្នាក់បង្រៀនគែន នៅដើមខែមីនា ឆ្នាំ២០១៨ខាងមុខនេះផងដែរ។

សំឡេងលោក ម៉ុន ហៃ៖

គែន ជាប្រភេទឧបករណ៍តន្ត្រីផ្លុំ ធ្វើឡើងពីឬស្សីពកតូចៗវែងខ្លីចំនួន១៦ ឫ១៨កំណាត់។
ដៃកាន់គែនបង្ហាញអ្នកសារពត៌មាន លោក ម៉ុន ហៃ បន្តរៀបរាប់ថាសិល្បៈគែន គឺចែកចេញជាបីទម្រង់ មានដូចជារបាំគែន ល្ខោនគែន និងចម្រៀងគែន...

សំឡេងលោក ម៉ុន ហៃ៖

លោក ម៉ុន ហៃ ឲ្យដឹងទៀតថា កាលដើមឡើយគេនិយមសម្ដែងចម្រៀងគែន នៅក្នុងកម្មវិធីជាច្រើន រួមទាំងក្នុងពិធីចូលឆ្នាំ និងភ្ជុំបិណ្ឌទៀតផង ប៉ុន្តែសព្វថ្ងៃនេះ គែន បានក្លាយជាឧបករណ៍តន្ត្រីដែលពលរដ្ឋខ្មែរមិនសូវបានស្គាល់ និងខ្លះជឿថា គែន គឺជារបស់ជនជាតិឡាវ ដោយសារតែឡាវបានយកចិត្តទុកដាក់ និងលើកតម្កើងឧបករណ៍តន្ត្រីមួយនេះ។ យ៉ាងណាក៏ដោយចុះ លោក ម៉ុន ហៃ បានអះអាងយ៉ាងម៉ឺងម៉ាត់ថា គែន គឺជាមរតកដូនតាខ្មែរ ដែលមានចារឹកនៅលើជញ្ជាំងប្រាសាទបាយ័ន...

សំឡេងលោក ម៉ុន ហៃ៖

គែន ក៏មានសេសេរនៅក្នុងសៀវភៅ «តន្ត្រីនៅក្នុងប្រទេសខ្មែរ» របស់អ្នកស្រី កែវ ណារុំ បោះពុម្ភនៅឆ្នាំ២០១១ផងដែរ។ អ្នកស្រាវជ្រាវរូបនេះសរសេរថា កម្ពុជាមានមរតកតន្ត្រីដ៏ច្រើនទម្រង់ ប្លែកៗដែលជាមោទនៈភាពចំពោះអតីតកាល។

អ្នកស្រីក៏បានបញ្ជាក់ទៀតថា ឧបករណ៍តន្ត្រីខ្មែរខ្លះបានរីកសាយភាយទៅតាមបណ្ដាប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ ថែមទាំងបានក្លាយជាឧបករណ៍ពេញនិយមនៅប្រទេសទាំងនោះ ខណៈប្រជាជនខ្មែរជាពិសេសយុវវ័យដែលជាសរសរទ្រូងជាតិ ពុំបានខ្វល់ខ្វាយនោះឡើយ។

អ្នកស្រី កែវ ណារុំ អតីតសមាជិកគណៈកម្មការវិចិត្រសិល្បៈនៃគណៈកម្មការភាសាជាតិ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចំណាយពេល២០ឆ្នាំស្រាវជ្រាវ និងចងក្រងឧបករណ៍តន្ត្រីខ្មែរចំនួន១៥០នៅក្នុងសៀវភៅរបស់អ្នកស្រី ក៏ប៉ុន្តែភាគច្រើននៃឧបករណ៍ទាំងត្រូវបានបាត់បង់ និងកំពុងបាត់បង់។ អ្នកស្រី ណារុំ កត់ត្រាថា ការបាត់បង់នូវឧបករណ៍តន្ត្រីទាំងនោះ គឺដោយសារតែពលរដ្ឋខ្មែរមិនបានទទួលការអប់រំ និងយល់ពីតម្លៃនៃមរតកទាំងនោះ។ បញ្ហានេះអ្នកស្រីបន្ថែមថា មិនខុសពីមនុស្សដែលរស់នៅលើគំនរមាសពេជ្រ តែមិនបានដឹងថាមាសពេជ្រ មានតម្លៃនោះទេ។

អ្នកនាងថន សីម៉ា អ្នកគ្រប់គ្រងកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ នៃអង្គការសិល្បៈខ្មែរអមតៈ បានអះអាងថា សព្វថ្ងៃនេះយុវជនខ្មែរស្គាល់ឧបករណ៍តន្ត្រីបរទេស ច្រើនជាងឧបករណ៍តន្ត្រីបុរាណរបស់ជាតិ...

សំឡេងអ្នកនាង ថន សីមា៖

ដោយសារមើលឃើញពីការប្រឈមនឹងការបាត់បង់របស់ឧបករណ៍តន្ត្រីខ្មែរបែបនេះ អ្នកនាងថន សីម៉ា បញ្ជាក់ថាកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ ក៏ត្រូវបានបង្កើតឡើងដើម្បីនាំយកទម្រង់តន្ត្រីបុរាណខ្មែរ ទៅសម្ដែង និងផ្សព្វផ្សាយនៅតាមបណ្ដាខេត្ត។ ក្រៅពីកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ អង្គការសិល្បៈខ្មែរអមតៈ ក៏មានបង្រៀនឧបករណ៍តន្ត្រីបុរាណដូចជា ចាប៉ីដងវែង ខ្សែឌៀវ និងនៅពេលឆាប់ៗខាងមុខនេះ អង្គការក៏នឹងបើកថ្នាក់គែន ដែលនឹងបង្រៀនដោយលោក ម៉ុន ហៃ ផងដែរ។

តាមរយៈការចុះផ្សព្វផ្សាយជាច្រើន ជាមួយកម្មវិធីរថយន្តរថយន្តតន្ត្រីទិព្វខ្មែរ លោក ម៉ុន ហៃ អះអាងថាពលរដ្ឋខ្មែរចាប់អារម្មណ៍ឧបករណ៍តន្ត្រីគែន និងសំឡេងរបស់វា បើទោះបីជាពួកគេ មិនធ្លាប់បានស្គាល់ក៏ដោយ។ លោករំពឹងថា នៅពេលខាងមុខគែន នឹងមានជីវិតរស់ឡើងវិញ ដោយមានការគាំទ្រ និងយកចិត្តទុកដាក់រៀនសូត្រច្រើនផងដែរ...

សំឡេងលោក ម៉ុន ហៃ៖

បើទោះបីជាកម្ពុជាសព្វថ្ងៃនេះ នៅមានតន្ត្រីករចេះផ្លុំគែនខ្លះក្ដី ប៉ុន្តែការផលិតឧបករណ៍តន្ត្រីនេះបានបាត់បង់ទៅហើយ។ លោក ម៉ុន ហៃ បញ្ជាក់ថា លោកពុំអាចរកកន្លែងផលិតគែននៅកម្ពុជាបាននោះទេ រីឯគែនដែលលោកកំពុងប្រើ គឺបានទិញពីប្រទេសថៃ។ លោក ម៉ុន ហៃ ក៏មានបំណងទៅរៀនជំនាញធ្វើឧបករណ៍តន្ត្រីនេះ នៅប្រទេសថៃ ដើម្បីបង្រៀនបន្តដល់យុវជនខ្មែរផងដែរ ប៉ុន្តែលោកនៅមិនទាន់មានថវិការនៅឡើយ៕

 

ព័ត៌មានផ្សេងទៀត