ការ​ព្រមាន​​​ការកម្ទេច​ចលនា​សង្គ្រោះ​ជាតិ​កាន់​តែរន្ថើន ខណៈ​ជិត​ចាប់កំណើត​

27-01-2018 6:00 pm 4338
  ស្តាប់
ស្តាប់ជាសំឡេង

​ជាថ្មី​ម្តងទៀត ប្រមុខ​ដឹកនាំ​កងទ័ព​កម្ពុជា បាន​ព្រមាន​ប្រឆាំង និង​កម្ទេច​ចោល​ដាច់ខាត ចំពោះ​ការបង្កើត​ចលនា ដែល​មាន​គោលបំណង​បំផ្លិចបំផ្លាញ ដល់​សុខសន្តិភាព និង​សុខដុមរ​ម​នីយកម្ម របស់​ប្រជាជន​កម្ពុជា​។ ការព្រមាន​ជា​ថ្មី​នេះ ធ្វើឡើង​ខណៈដែល ចលនា​សង្គ្រោះ​ជាតិ របស់​លោក​សម រង្ស៊ី នឹង​លេចចេញ​រូបរាង​ឆាប់ៗ​នេះ​។

​ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ យោធា​ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ផែនការ សកម្មភាព​ការងារ​យោធា​ឆ្នាំ​២០១៨ របស់​កងពលធំ​អន្តរាគ​ម​ន៏​លេខ​២ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ​ថា កងយោធពល​ខេមរភូមិន្ទ គឺជា​ឧបករណ៍​បម្រើ​រដ្ឋ និង​ប្រជាជន កើតចេញ​ពី​ប្រជាជន មាន​តួនាទី​ភារកិច្ច ការពារ​រដ្ឋ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាជន ឲ្យបាន​គង់វង្ស​។ ដូច្នេះ​ប្រសិនបើ​កើតមាន​នូវ​ចលនា​ណាមួយ ដែល​នាំឲ្យ​មាន​ការបំផ្លិចបំផ្លា​ញ ដល់​សន្តិសុខ​ជាតិ និង​ប្រជាពលរដ្ឋ គឺ​ត្រូវតែ​កម្ទេច​ចោល​ភ្លាម​។

​ការព្រមាន របស់​អគ្គមេបញ្ជាការ​រូបនេះ ត្រូវបាន​គេ​មើលឃើញថា សំដៅ​ទៅលើ​ការប្រកាស​នូវ​បង្កើត ចលនា​សង្គ្រោះ​ជាតិ របស់​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​លេចចេញ​ជា​រូបរាង​នៅ​ថ្ងៃទី​២៨ មករា​។​

​យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​នេះ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក៏​ធ្លាប់បាន​ព្រមាន​កម្ទេចចោល ចលនា​សង្គ្រោះ​ជាតិ របស់លោក សម រង្ស៊ី​ផង​ដែរ​។ ប្រមុខ​កងទ័ព​កម្ពុជា​រូបនេះ បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រៀមខ្លួន ប្រសិនបើ​ចលនា​ថ្មី​នេះ កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ទៀ បាញ់ បានចាត់ទុក ចលនា​សង្គ្រោះ​ជាតិ របស់​ក្រុមប្រឆាំង មាន​គម្រោង​បង្ក​ជា​អំពើ​ហិង្សា នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា កងទ័ព​កម្ពុជា បាន​ប្តេជ្ញាចិត្ត​រួចរាល់​ហើយ​ថា នឹង​កម្ទេច​ចលនា​ដែល​បង្ក​វិនាសកម្ម ដល់​ប្រទេស​ជាតិ និង​ការពារ​ជាតិ​មាតុភូមិ មិន​ឲ្យ​វិលត្រឡប់​ទៅរក​អតីតកាល ដ៏​ជូរ​ចត់ ដូច​ក្នុង​ទសវត្សរ៍ ឆ្នាំ​៧០​នោះឡើយ​។​

សំឡេង​

​រីឯ​លោក​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ថ្លែង​ផងដែរ​ថា កងរាជអាវុធហត្ថ​ត្រៀមខ្លួន ជានិច្ច​សម្រាប់​កម្ចាត់ ចលនា​សង្គ្រោះ​ជាតិ ដោយ​លោក​ចោទប្រកាន់ថា ជា​ទង្វើ​ភេរវកម្ម នឹង​ប្តេជ្ញា ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង​មិន​បណ្ដោយ​ឲ្យ​ក្រុម​ស្ដាប់​បរទេស​ទាំងនោះ ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់​នោះ​ឡើយ​។​

​ការព្រមាន​របស់​ប្រមុខ​ដឹកនាំ​កងទ័ព​របស់​កម្ពុជា រួម​ទាំង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត បាន​ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ មួយចំនួនទៀត របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​បង្កើត​ចលនា​ថ្មី​មួយ​ឈ្មោះ «​ចលនា​សង្គ្រោះ​ជាតិ​» ដោយ​អះអាង​ថា បង្កើតឡើង​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា និង ចូលរួម​ក្នុង​ការបោះឆ្នោត​ខាងមុខ​។ ចលនា​នេះ​ត្រូវបាន លោក សម រង្ស៊ី ប្រកាសថា នឹង​បង្កើត​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​នៅផ្ទះ​របស់​លោក ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២០ ខែ​មករា លោក សម រង្ស៊ី​បញ្ជាក់​ថា ចលនា​សង្គ្រោះ​ជាតិ របស់​លោក​នឹង​អាច​ធ្វើ​សកម្មភាព​បាន​ទូលំទូលាយ​ជាង​គណបក្ស​នយោបាយ ហើយ​អ្នក​ណា​ក៏​អាច​គាំទ្រ​បានដែរ​...

​សំឡេង​

​លោក សម រង្ស៊ី បន្ថែមទៀតថា នៅពេល​ចលនា​សង្គ្រោះ​ជាតិ​បញ្ចប់​កិច្ចការ​របស់​ខ្លួន​ក្នុងការ បើកផ្លួវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​បោះឆ្នោត​ឡើងវិញ​ហើយ ចលនា​នេះ​នឹង​ត្រូវ​រំលាយ ហើយ​លោក​នឹង​ត្រឡប់​ទៅ​ឃោសនា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។​

​លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ព្រមាន ទៅកាន់​អតីត​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​ថា អាច​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ ប្រសិនបើ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ ដែល​បាន​ហាមឃាត់​សិទ្ធិ មិនឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​សូមបញ្ជាក់​ថា បើ​តាម​មាត្រា ៥២៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា អំពើ​ដែល​មិន​អនុវត្ត​សេចក្តីសម្រេច របស់​តុលាការ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់ ១​សែន​រៀល ដល់​១​លាន​រៀល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត