ពលរដ្ឋខ្មែរ​ប្រឈម​នឹង​អាហារគីមី​ទាំងគ្មាន​ជម្រើស​

25-01-2018 3:48 pm 7268
  ស្តាប់
បន្លែនៅផ្សារដើមគរ។រូបភាពសប្បាយ
ស្តាប់ជាសំឡេង

ការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ បានកើតមានជាទូទៅហើយនៅប្រទេសកម្ពុជាសព្វថ្ងៃ ។ពលរដ្ឋខ្មែរតែងត្អូញត្អែរ អំពីការប្រើសារធាតុគីមីដែលមាននៅលើបន្លែបង្ការ ត្រីសាច់ដែលលក់នៅតាមទីផ្សារ។ដូច្នេះបានជាពលរដ្ឋមួយចំនួន គេចំណាយលុយរៀបចំចម្ការផ្ទាល់ខ្លួន ដើម្បីកាន់បន្ថយការទិញពីខាងក្រៅ។ប៉ុន្តែសម្រាប់ពលរដ្ឋមួយភាគធំ នៅតែបន្តហូបចុក ទាំងក្តីបារម្ភ ហើយពាក្យមួយដែលគេតែងតែលឺចេញពីមាត់របស់ប្រជាពលរដ្ឋខ្មែរផ្ទាល់ គឺ«ដឹងហើយតែគ្មានជម្រើស»។តើគួរដោះស្រាយយ៉ាងរបៀបណា?សូមស្តាប់បទវិភាគដោយ គួន សំបូរ

បន្លែផ្លែឈើ ពីប្រទេសជិតខាងកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងវាយលុកទីផ្សារស្រុកខ្មែរយ៉ាងសម្បើមដោយគ្មានការទប់ស្កាត់ ឬក៏មានដែរតែហាក់ដូចមិនភាពច្បាស់លាស់។ក្នុងមួយថ្ងៃៗ កម្ពុជានាំចូលបន្លែពីបរទេសប្រមាណពី២០០តោន ទៅ៤០០តោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្លែទាំង នោះភាគច្រើននាំ ចូលពីប្រទេសវៀតណាម និងប្រទេសថៃ។ជាមធ្យម កម្ពុជាចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ក្នុងមួយឆ្នាំៗ។នេះបើតាមរបាយការណ៍ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

ការហូរចូលបន្លែត្រីសាច់ពីបរទេសនេះ ត្រូវបានគេអះអាងថា គឺដោយសារការដាំដុះក្នុងស្រុកផ្គត់ផ្គង់មិនទាន់តម្រូវការ ឬនិយាយម្យ៉ាងទៀតថា ដាំដុះដែរតែគ្មានទីផ្សារសម្រាប់លក់ក្នុងស្រុកគឺបានតែនាំចេញ។បន្លែផ្លែឈើពីបរទេសនេះ ប្រជាពលរដ្ឋទូទៅ សម្តែងការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ ដែលមានសារធាតុជាតិគីមី។ម្លោះហើយបានជាពលរដ្ឋមួយចំនួនគេរៀបចំការដាំដុះជាលក្ខណៈគ្រួសារ ដើម្បីកាន់បន្ថយការទិញពីខាងក្រៅ ខណៈពលរដ្ឋខ្មែរមួយភាគធំទៀត កំពុងតែបរិភោគបន្លែផ្លែឈើដែលនាំចូលពីប្រទេសក្រៅ។

បើតាមមតិពីពលរដ្ឋខ្មែរខ្លះ បានត្អូញត្អែថាពួកគាត់បានដឹងបានលឺថា បន្លែដែលពួកគាត់កំពុងទទួលទានបច្ចុប្បន្នបង្កប់ដោយសារធាតុគីមី ប៉ុន្តែពួកគាត់នៅតែបន្តបរិភាគ ពីព្រោះគ្មានជម្រើស ណាមួយឃើញគេឯងទិញក៏ទិញតាមទៅ។មួយវិញទៀត ពួកគាត់មិនចេះមើលថា តើបន្លែនោះ មានគីមីឬអត់?

កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំឭកទៅពលរដ្ឋខ្លួន ឲ្យចេះការពារប្រសើរជាងព្យាបាល ដែលន័យនេះសំដៅឲ្យពលរដ្ឋត្រួតពិនិត្យមុននឹងទិញនូវទំនិញយកមកប្រើប្រាស់ និងបរិភោគ ហើយកុំឲ្យបន្ទោសតែរដ្ឋាភិបាល។តែការអំពាវនាវនេះ ត្រូវបានមតិខ្លះរិះគន់បកវិញថា លោកនាយករដ្ឋមន្ត្រីមិនចេះទទួលខុសត្រូវចំពោះការដឹកនាំ។

ជាការពិតបញ្ហានេះ ចាំបាច់ទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ពោលគឺផ្តើមចេញពីអ្នកប្រើប្រាស់ផ្ទាល់ គឺត្រូវតែគិតគូរឲ្យបានខ្ពស់ពីសុវត្ថិភាពចំណីអាហារ ដែលខ្លួនកំពុងតែទទួលទានរាល់ថ្ងៃ។ ជាពិសេស គឺបន្លែដែលកំពុងតែដាក់លក់នៅលើទីផ្សារ ថាតើបន្លែទាំងអស់នោះ ទទួលទាន ទៅផ្តល់នូវគុណប្រយោជន៍ដល់សុខភាព ឬក៏កាន់តែបង្កនូវផលប៉ះពាល់ទៅវិញ។

ជារួមប្រសិនបើដឹងថាបន្លែកំពុងតែដាក់លក់នៅលើទីផ្សារ សំបូរដោយសារធាតុគីមីតែគ្មានជម្រើសពលរដ្ឋគួរតែមានវិធីលាងសំអាត ដើម្បីជួយកាត់បន្ថយជាតិពុលឬក៏គួរតែត្រឡប់ទៅរកទម្លាប់ដូចសម័យដើម ដែរដាំដុះទៅតាមលទ្ធភាពអាចធ្វើបានដូចជា ជី ស្លឹកគ្រៃជៀសវាងការអង្គុយរងចាំរកដំណោះស្រាយតែពីរដ្ឋាភិបាល។

រីឯស្ថាប័នថ្នាក់ជាតិ ដែលធ្វើការងារបម្រើប្រជាពលរដ្ឋវិញ គួរតែពិនិត្យដាក់មន្រ្តីជំនាញផ្នែកកសិកម្មចុះទៅអប់រំប្រជាពលរដ្ឋ អំពីការផលិតបន្លែដោយមិនឲ្យប្រើសារធាតុគីមី និងត្រូវត្រួតពិនិត្យឲ្យបានតឹងរឹង លើបន្លែដែលនាំចូលពីប្រទេសជិតខាងមកលក់កម្ពុជា។ ការចុះអប់រំជារឿងសំខាន់មួយ ហើយរឿងដ៏សំខាន់មួយទៀត គឺការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមី នៅក្នុងម្ហូបអាហារ។

ជាមួយគ្នានេះ យើងគាំទ្រចំពោះគោលនយោបាយរបស់ក្រសួងកសិកម្មកម្ពុជា ដែលកំណត់ថាឆ្នំា២០១៨នេះ នឹងជំរុញល្បឿនការដំាដុះបន្លែផ្លែឈើឱ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំៗ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល តាមរយៈជួយផ្នែកបច្ចេកទេស ប្រព័ន្ធធារាសាស្រ្ត ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ប្រជាកសិករ ដែលមានដីចម្ការធ្វើដោយគ្មានជាតិគីមី តាមរយៈកិច្ចសន្យាប្រមូលទិញ និងការចរចាតម្លៃគ្នា។

ប្រសិនជាគោលនយោបាយនេះ អាចដំណើរការបាន វាជាដំណោះស្រាយចាំបាច់បំផុតសម្រាប់លុបបំបាត់ការប្រើប្រាស់សារធាតុគីមីនៅក្នុងបន្លែផ្លែឈើ និងចំណីអាហារ។ព្រោះគោលនយោបាយនេះ អាចបើកច្រកដើម្បីកែទម្លាប់របស់ប្រជាពលរដ្ឋខ្លួនឯង មកជាការដាំដុះតាមបែបផែនធម្មជាតិ ដោយមានការបញ្ជាទិញពីទីផ្សាររបស់រដ្ឋក្នុងតម្លៃសមរម្យ៕ 

ព័ត៌មានផ្សេងទៀត