គម្រោង​​ជំរុញ​ការ​ដាំដុះ​បន្លែ​ គ្មាន​ជាតិ​គីមី​​របស់​រដ្ឋាភិបាល​ ជោគជ័យ​ឬទេ​? ​

24-01-2018 3:36 pm 10153
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​សិកម្ម មាន​គម្រោង​ជំរុញ​ការដាំដុះ​បន្លែ ផ្លែឈើ ឱ្យបាន​៦​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដែល​គ្មាន​ផ្ទុក​សារ​ធាតុគីមី ជំនួស​ឲ្យ​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង ដែលមាន​ផ្ទុក​សារ​ធាតុគីមី​។​គម្រោង​នេះ រដ្ឋាភិបាល​នឹង​ជួយ​ផ្នែក​បច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ ដើម្បី​បង្កលក្ខណៈ ងាយស្រួល​ចំពោះ​កសិករ ដែលមាន​ដីចម្ការ តាមរយៈ​ធ្វើ​កិច្ចសន្យា ប្រមូល​ទិញ និង​ការចរចា​តម្លៃ​គ្នា​។ 

​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក​ហ៊ាន វណ្ណ​ហន បាន​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា គម្រោង​នេះ នឹង​ធានាថាការដាំដុះបន្លែផ្លែឈើ គឺគ្មាន​ជាតិគីមី ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ឡើយ។ លោកថា ក្រសួង​នឹង​ជ្រើសរើស​កសិករ​នៅតាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដែលជា​កសិករ​កំពុង​ផលិត ឲ្យ​គាត់​បង្កើន​ការផលិត ឲ្យបាន​ច្រើនជាងមុ​ន មាន​គុណភាព ធានា​សុវត្ថិភាព​ក្នុងការ​ទទួលទាន។​​ ......

​សំឡេង​លោក​ហ៊ាន វណ្ណ​ហន​៖

បន្ថែម​ពីលើ​នេះ អ្នកជំនាញ​កសិកម្ម លោក​បណ្ឌិត​យ៉ង សាំង​កុមារ បាន​សាទរ នឹង​គម្រោង​របស់​រដ្ឋាភិបាល​ពេលនេះ​។​ប៉ុន្តែ​លោក​ថា ដើម្បី​សម្រេច​គោលដៅ​នេះ​បាន រដ្ឋាភិបាល​ត្រូវមាន​យុទ្ធសាស្ត្រ​ឲ្យបាន​ច្បាស់លាស់ ជាពិសេស​ធនធាន ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​សមត្ថភាព​របស់​កសិក​រ​ផ្ទាល់​។​លោក​ចង់ឲ្យ​រដ្ឋាភិបាល​បញ្ជូន​អ្នកជំនាញ ទៅឲ្យ​ដល់​មូលដ្ឋាន ដែល​មកដល់ពេលនេះ រដ្ឋាភិបាល​នៅ​មិនទាន់បាន​ធ្វើ​នៅឡើយ​ទេ ...............

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​លោក​ហ៊ាន វណ្ណ​ហន ក៏​ទទួលស្គាល់ថា បន្លែ​ផ្លែឈើ​មួយចំនួន ដែល​នាំចូល​ពី​បរទេស គឺ​ភាគច្រើន​ពិបាក​ដាំ​ក្នុងស្រុក​។​ប៉ុន្តែ​គម្រោង​នេះ លោក​ថា ពេល​ជ្រើសរើស​កសិករ​បាន​ហើយ ក្រសួង​នឹ​ផ្តល់ទុន បណ្តុះបណ្តាល​បន្ថែម និង​តាមដាន​ត្រួតពិនិត្យឲ្យ​បានជាក់​លាក់​.....

​សំឡេង​លោក​ហ៊ាន វណ្ណ​ហន​៖

​បុ​ន្តែ​យ៉ាងណា លោក​យ៉ង សាំង​កុមារ ថា​គម្រោង​ផលិត​បន្លែ​ត្រឹម​៦​ម៉ឺន​តោន ក្នុង​មួយឆ្នាំ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទេ​។​លោក​ថា កម្ពុជា ត្រូវការ​បន្លែ យ៉ាងតិច​ចន្លោះ​ពី​៤០០ ទៅ​៥០០​តោន​ក្នុង​មួយថ្ងៃ​។​ដូច្នេះ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​បាន​គ្រប់គ្រាន់ គួរ​ដាក់​ផែនការ​ផលិត​ឲ្យបាន​យ៉ាងតិច​មួយ​សែនតោន ក្នុង​មួយឆ្នាំ​។​លោក​យ៉ង សាំង​កុមារ វាយតម្លៃថា បើ​រដ្ឋាភិបាល ធ្វើ​កិច្ចការ​នេះ បានសម្រេច នោះ​វា​នឹង​បង្កើន​ការងារ​ក្នុងស្រុក​យ៉ាងហោចណាស់​ក៏​១​ម៉ឺន​នាក់​បន្ថែមទៀត​ដែរ​។​មួយវិញទៀត វា​អាច​កាត់បន្ថយ​នូវ​ការហូរ​ចេញ​នូវ​ចំណូល​ជាតិ​រាប់រយ​លាន​ដុល្លារ​។​ម្យ៉ាងទៀត បើ​បន្លែ​យើង​មាន​សុវត្ថិភាព មិន​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ គឺ​ចំណេញ​ទាំង​ថវិកា ដែល​ចំណាយ​លើ​ការព្យាបាល ដែលមាន​រហូតដល់​រាប់ពាន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​

ជាការ​កត់​សម្គល់ គម្រោង​ផលិត​បន្លែ​ឲ្យបាន​៦​ម៉ឺន​តោន ក្នុង​មួយឆ្នាំ របស់​រដ្ឋាភិបាល​ពេលនេះ ក្រោយពី​មាន​ការបារម្ភ លើ​សុវត្ថិភាព​ចំណីអាហារ​នាំចូល​ពី​បរទេស ពិសេស​ពី​ប្រទេស​វៀតណាម ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ផ្ទុក​សារ​ធាតុគីមី ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ទទួលទាន​។ មុននឹង​ដាក់ចេញ​នូវ​គម្រោង​ខាងលើនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន ធ្លាប់បាន​ស្តីបន្ទោស​ដល់​ពលរដ្ឋ​ថា ទិញ​បន្លែ​មិនចេះ​ពិនិត្យមើល​សារធាតុ​គីមី​ដោយ​ខ្លួនឯង ហើយ​នាំគ្នា​បន្ទោស​តែ​រដ្ឋាភិបាល​។​ការដាក់បន្ទុក​បញ្ហា​នេះ លើ​ពលរដ្ឋ ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ផងដែរ​៕


ព័ត៌មានផ្សេងទៀត