ទំនាក់ទំនង​​ល្អូកល្អិន​​រវាង​កូរ៉េ​ទាំងពីរ​​អាច​បន្ដ​​បានយូ​រ​​ប៉ុនណា?

23-01-2018 4:53 pm 1200
រូបភាព​ទង់ជាតិ-ផែនទី​កូរ៉េខាងជើង​​និង​កូរ៉េ​ខាងត្បូងរួមទាំងកិច្ចជំនួប​ថ្មីៗនេះ

​ក្រោយ​ត្រូវរ៉ូវ​គ្នា​ហើយ​ថែមទាំង​បាន​ជួបពិភាក្សា​ជា​ច្រើនដង​ក្នុង​ដើមឆ្នាំ​២០១៨ កូរ៉េ​ទាំងពីរ​បានបង្ហាញ​ភាពស្និទ្ធស្នាល​និង​ភាព​ល្អូកល្អិន​ខុស​ពីមុន ដែល​មានតែ​ការប្រកាស​ព្រមាន​និង​ថ្កោលទោស​ទៅវិញទៅមក​។ កូរ៉េ​ទាំង​ពីរបាន​ឯកភាព​នឹង​ដង្ហែ​ក្បួន​ក្រោម​ទង់ជាតិ​តែមួយ ជា​ទង់ជាតិ​បង្រួបបង្រួម​កូរ៉េ នៅ​ថ្ងៃ​បើកព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​ផងដែរ​។ នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​គេ​រំពឹងថា​បងប្អូន​កូរ៉េ​អាច​ត្រូវ​គ្នា​វិញ​។ តើ​ពិតជា​ទៅរួច​ទេ​ដែល​កូរ៉េ​ទាំងពីរ​អាច​ស្ដារ​ទំនាក់ទំនង​ល្អក់កករ​បាន​? ភាព​ល្អូកល្អិន​នឹង​គ្នា​នេះ​អាច​បន្ដ​បានយូរ​​ប៉ុនណា​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​មួយ​រយៈពេល​ចុងក្រោយ ពោលគឺ​គ្រាន់តែ​ចូលឆ្នាំ​២០១៨​ភ្លាម ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ប្រែប្រួល​ភ្លាម​។ នោះ​គឺ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​បន្ទន់ឥរិយាបថ​ចង់ឲ្យមាន​កិច្ចចរចា​កើតឡើងរ​វាង​កូរ៉េ​ទាំងពីរ​។ ទីបំផុត​កិច្ចពិភាក្សា​ក៏បាន​ធ្វើឡើង​រហូតដល់​ទៅ​បួន​ដង គឺ​នៅ​ថ្ងៃទី​០៩​មករា ថ្ងៃទី​១៥​មករា ថ្ងៃទី​១៧​មករា និង​ថ្ងៃទី​២០​មករា ដែល​កិច្ច​ជំនួប​លើកចុងក្រោយ​មាន​ការចូលរួម​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​ផងដែរ​។ កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ស្រប​ពេលដែល​កូរ៉េខាងត្បូង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរវា​ង ចាប់ផ្ដើម​ពី​ថ្ងៃទី​០៩​កុម្ភៈ​ដល់​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៨​។​

កិច្ចពិភាក្សា​អន្ដរ​កូរ៉េ​បានធ្វើ​រួចមកហើយ​នេះ លើក​ពី​ការចូលរួម​របស់​កូរ៉េខាងជើង​នៅក្នុង​ព្រឹត្ដិការណ៍​ប្រកួ​ត​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​បានសម្រេច​នឹង​បញ្ជូន​គណៈប្រតិភូ អត្ដ​ព​លិក ក្រុម​សិល្បៈ និង​អ្នកគាំទ្រ​ទៅ​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍នេះ​។ កូរ៉េ​ទាំង​ពីរបាន​ព្រមព្រៀង​ដើរ​ដង្ហែ​ក្បួន​ក្រោម​ទង់ជាតិ​តែមួយ នៅ​ថ្ងៃ​បើកព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​ផងដែរ​។ ចំណុច​វិជ្ជមាន​ដែល​កើតឡើង​នៅលើ​ឧបទ្វីប​កូរ៉េ​ក្រោយ​ត្រូវរ៉ូវ​គ្នា​នេះ បានធ្វើឲ្យ​អន្ដរជាតិស​ប្បាយ​ចិត្ដ​ជាខ្លាំង ពិសេស​កូរ៉េខាងត្បូង​ផ្ទាល់​តែម្ដង ព្រោះ​មិន​នឹកស្មានថា​លោក​គីម ជុង​អ៊ុន​អនុញ្ញាតឲ្យ​មានការច​រចា​កើតឡើង​។ វា​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ ដែលមាន​កិច្ច​ពិភាក្ស​អន្ដរ​កូរ៉េ​បន្ទាប់ពី​បានកាត់​ផ្ដាច់​ទំនាក់ទំនង​។​

តើ​ទំនាក់ទំនង​ល្ហូកល្អិន​រវាង​បងប្អូ​ន​បង្កើត​ទាំងពីរ​អាច​បន្ដ​បានយូ​រ​ប៉ុនណា?

នេះ​គឺជា​សំណួរ​ដែល​ពិបាក​នឹង​ឆ្លើយ ព្រោះ​មិនអាច​សន្និដ្ឋានបាន​ពី​ជម្រៅចិត្ដ​របស់​មេដឹក​នាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។ ជាក់ស្ដែង​ដូចជា​ការប្រកាស​ឲ្យមាន​កិច្ចចរចា​អន្ដរ​កូរ៉េ​ជាដើម បានធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​សឹង​មិនជឿ​។ បើ​និយាយ​ពី​កូរ៉េខាងត្បូង​វិញ​ពិតជា​ចង់បាន​ណាស់ ការពិភាក្សា​រក​ដំណោះស្រាយ​ធ្វើ​យ៉ាងណាឲ្យ​ទំនាក់ទំនង​អន្ដរ​កូរ៉េ​បាន​ល្អប្រសើរ​។​

​អ្នកតាមដាន​ស្ថានការណ៍​ខ្លះ​លើកឡើងថា កូរ៉េខាងជើង​ព្រម​បន្ទន់ឥរិយាបថ​ចូល​ចរចា​ជាមួយ​កូរ៉េខាងត្បូង គ្រាន់​ដើម្បី​ផលប្រយោជន៍​នៃ​ការប្រកួត​កីឡា​អូឡាំពិក​ប៉ុណ្ណោះ​។ តួយ៉ាង​នៅក្នុង​កិច្ចចរចា​ទាំង​បួន​លើក មិនបាន​និយាយ​អ្វី​ក្រៅពី​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឡើយ​។ សូម្បី​កូរ៉េខាងត្បូង​និយាយ​ពី​បញ្ហា​នុយក្លេអ៊ែរ នឹង​ព្រឹត្ដិការណ៍​ជួបជុំ​គ្រួសារ​បែកបាក់​ក្រោយ​សម័យ​សង្គ្រាម​បែងចែក​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ក៏​កូរ៉េខាងជើង​មិន​សប្បាយចិត្ដ​និយាយ​ពី​បញ្ហា​នេះដែរ​។ ដូច្នេះ​បញ្ជាក់ថា កូរ៉េខាងជើង​ពិតជា​មិន​ចង់​ពិភាក្សា​អ្វី​ក្រៅតែពី​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​ឡើយ​។​

​បើ​ចង់ឲ្យ​កូរ៉េ​ទាំងពីរ​មាន​ទំនាក់ទំ​នង​ល្អប្រសើរ​នឹង​គ្នា​បានយូរ ត្រូវ​មើល​លើ​ចំណុច​សំខាន់​មួយទៀត គឺ​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក​។ សមយុទ្ធ​ប្រចាំឆ្នាំ​ប្រទេស​ទាំងពីរ​ឲ្យតែ​ធ្វើ​ពេលណា ត្រូវ​កូរ៉េខាងជើង​រិះគន់​ហើយ​ថែមទាំង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្គើន​ទៀតផង​។ កូរ៉េខាងជើង​ជំទាស់​ដាច់ខាត​សមយុទ្ធ​យោធា​នេះ និង​ចាត់ទុកថា​ជា​ការរៀបចំ​ផែនការ​ត្រៀម​វាយប្រហារ​កូរ៉េខាងជើង បង្ក​អស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ក្រោម​ការផ្ដួចផ្ដើម​ពី​អាមេរិក​។

ងាក​ចាប់អារម្មណ៍​បន្ដិច​ពី​ការផ្ទុះ​កំហឹង​រវាង​អាមេរិក​និង​កូរ៉េខាងជើង​។ កាលពី​ឆ្នាំ​២០១៧​ទើប​កន្លងផុត​ថ្មីៗ ថ្នាក់ដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង បាន​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​ដាក់គ្នា ហើយ​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​គ្នា​ផង​។ លោក​គីម ជុង​អ៊ុន​អួតថា​មាន​មី​ស៊ី​ល​ឆ្លង​ទ្វីប​អាច​បាញ់​ដល់​ទឹកដី​អាមេរិក តែ​លោក​ដូណាល់ ត្រាំ​ថា​មិន​ញញើត​ឡើយ​អាច​ទប់ទល់​បាន​គ្រប់ពេល បើ​ហ៊ាន​ខ្លាំង​កូរ៉េខាងជើង​នឹង​ដឹង​ច្បាស់​។​

បែរមក​និយាយ​ពី​ចំណងមិត្ដភា​ពរ​វាង​កូរ៉េខាងត្បូង​ជាមួយ​អាមេ​រិក​វិញ ពិតជា​ស្អិតល្មួត​ពិបាក​កាត់ផ្ដាច់​។ កូរ៉េខាងជើង​ធ្លាប់​ប្រកាសថា ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ​បើ​ចង់​សុខ មានតែ​កូរ៉េ​ទាំងពីរ​ទេ​ទើប​អាច​កំណត់​បាន ដូច្នេះ​កូរ៉េខាងត្បូង​គួរតែ​ឈប់​ទាក់ទង​នឹង​អាមេរិក​ហើយ​កុំ​ធ្វើ​ទង្វើ​អសន្ដិសុខ​ទៀត​។ សួរថា​ធ្វើតាម​កូរ៉េខាងជើង​ម្ដេច​នឹង​កើត បើ​កូរ៉េខាងត្បូង​ទទួល​ប្រយោជន៍​ច្រើន​ពី​អាមេរិក​? ផលប្រយោជន៍​ទាំងនោះ​មាន​ជាអាទិ៍ កងទ័ព​អាមេរិក​ប្រមាណ​ជាង​៣៧,០០០​នាក់​បានដាក់​ប្រចាំការ​នៅ​កូរ៉េខាងត្បូង​តាំងពី​ឆ្នាំ​១៩៥៧​ដល់​បច្ចុប្បន្ន ចាំ​ជួយ​ដល់​កូរ៉េខាងត្បូង​គ្រា​មាន​អាសន្ន​។

​អ្វីដែល​សំខាន់​មួយទៀត​អាមេរិក​បាន​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទៅ​ដំឡើង​នៅ​កូរ៉េខាងត្បូង ត្រៀម​ទប់​ទល់នឹង​ការ​រ​គំរាមកំហែង​ពី​កូរ៉េខាងជើង​។ ហេតុនេះ​បើ​ឲ្យ​កូរ៉េខាងត្បូង​ផ្ដាច់​ទំនាក់ទំនង​ពី​អាមេរិក ពិតជា​ពិបាក​ដូច​បំបែក​កូន​ចេញពី​ឪពុកម្ដាយ​ដូច្នេះ​ដែរ​។ អ៊ីចឹង​ល្គឹកណា​កូរ៉េខាងត្បូង​និង​អាមេរិក​នៅតែ​បន្ដ​សមយុទ្ធ​យោធា​រួមគ្នា​លើ​ឧបទ្វីប​កូរ៉េ កូរ៉េខាងជើង​-​កូរ៉េខាងត្បូង​នឹង​នៅតែ​ពិបាក​ស្វែងរក​សេចក្ដីសុខ​។​

អ្វីដែល​ជា​ក្ដី​រំពឹង​នៅពេលនេះ គឺ​សង្ឃឹម​កូរ៉េខាងជើង​អាច​សម្រប​ខ្លួន​ធ្វើការ​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​ផលប្រយោជន៍​ប្រជាជន ប្រទេសជាតិ ផលប្រយោជន៍​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទាំងមូល​។ កូរ៉េខាងត្បូង​ពិតជា​ដឹងថា ត្រូវ​ជ្រើសរើស​ផ្លូវ​ដើរ​មួយ​ដែល​សមស្រប​សម្រាប់​ខ្លួនឯង ព្រោះ​ការជួប​ជាមួយ​កូរ៉េខាងជើង​មិន​ងាយស្រួល​តាម​ការចង់បាន​ឡើយ​។ ជឿជាក់ថា​កូរ៉េខាងត្បូង​ក៏​មិន​ចង់​បាត់បង់​ឱកាស​ដ៏​កម្រ​នេះដែរ​។ បើ​បាន​ជាមាន​ក្នុង​ដៃ​ហើយ គួរ​ណាស់​តែ​ប្រើ​ពេលវេលា​នេះ​ឲ្យមាន​ន័យ​។ ចង់​ឬ​មិន​ចង់​កូរ៉េខាងត្បូង​នឹង​ពិចារណា​នូវ​សំណើ​មួយចំនួន​របស់​កូរ៉េខាងជើង ហើយក៏​មិនអាច​បោះបង់ចោល​អាមេរិក​ទាំងស្រុង​ដែរ គឺ​មិនអាច​ធ្វើបាន​ដាច់ខាត​។​

ជារួម​ភាពស្និទ្ធស្នាល​រវាង​ប្អូនបង្កើត​ទាំងពីរ អាច​បន្ដ​យូរ​បាន​ប៉ុនណា​នោះ វា​អាស្រ័យ​លើ​ភាគី​ទាំងពីរ​ជា​អ្នកកំណត់ គ្រាន់តែ​ថា​ពេលនេះ​មាន​ឱកាសល្អ​ហើយ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​៕

ព័ត៌មានផ្សេងទៀត