Amazon​​បើក​ផ្សារ​ទំនើប​​មួយ​នៅ​​អាមេរិក​​គ្មាន​បុគ្គលិក​​បម្រើការ​​តែ​ប្រើ​ប្រព័ន្ធ​​បច្ចេកវិទ្យា​

23-01-2018 11:50 am 783
អតិថិជនកំពុងស្កេនពេលចូលក្នុងផ្សារ

​ដើម្បី​បង្កើន​ភាពងាយស្រួល​ជាង​មុន​សម្រាប់​អតិថិជន​ចូលទៅ​ទិញ​ទំនិញ ហើយ​មិនចាំបាច់​រង់ចាំ​ការទូទាត់​ប្រាក់ ក្រុមហ៊ុន​Amazon​បាន​ដំណើរការ​ផ្សារ​ទំនើប​ដំបូង​គេ​មួយ​នៅ​អាមេរិក ដែល​ប្រើ​បច្ចេកវិទ្យា​វ័យឆ្លាត គឺ​មិន​ត្រូវការ​បុគ្គលិក​ធ្វើការ​ក្នុង​ផ្សារ​នោះឡើយ​។

​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ពិសេស​ត្រូវបាន​រៀបចំឡើង ដោយមាន​កាមេរ៉ា​រាប់រយ​គ្រឿង​បាន​បំពាក់​នៅក្នុង​ផ្សារ និង​មាន​ប្រព័ន្ធ​Sensor​អេឡិចត្រូនិក​ជាច្រើន ប្រើ​សម្រាប់​ចំណាំ​មុខ​អតិថិជន​នីមួយៗ និង​អាច​តាមដាន​ពី​ទំនិញ​ដែល​អតិថិជន​ទិញ​។ ជាមួយនឹង​ប្រព័ន្ធ​Sensor​អេឡិចត្រូនិក តម្លៃ​ទំនិញ​នឹងត្រូវ​បញ្ចូល​ទៅក្នុង​គណនី​នៃ​កម្មវិធី​Amazon Go នៅពេលដែល​អតិថិជន​ចាប់យក​ទំនិញ​ឡើង ហើយនឹង​លុបចោល​វិញ​នៅពេល​អតិថិជន​ដាក់​ទំនិញ​ចុះ​។

​មុន​ចូល​ទិញ​ទំនិញ​អតិថិជន​គ្រាន់តែ​ដំឡើង​កម្មវិធី​Amazon Goនៅលើទូរស័ព្ទដៃ​ បន្ទាប់មក​ស្កេន​QR Code ជាការ​Check-In​។ ក្រោយ​ទិញ​ទំនិញ​រួចរាល់​អតិថិជន​អាច​ដើរចេញ​បាន​ភ្លាមៗ មិនចាំបាច់​រង់ចាំ​ការ​គិតលុយ​ទេ ព្រោះ​ការទូទាត់​ប្រាក់​បាន​ធ្វើឡើង​តាម​គណនី​ធនាគារ​អតិថិជន​រួចទៅហើយ នៅពេល​ជ្រើសរើស​យក​ទំនិញ​។

​សូមបញ្ជាក់ថា ផ្សារ​ទំនើប​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​វ័យឆ្លាត​នេះ បានចាប់ផ្ដើម​ដំណើរការ​សម្រាប់​បុគ្គលិក​ខ្លួនឯង​សាកល្បង តាំងពី​ខែធ្នូ​ឆ្នាំ​២០១៦​ដែល​គេ​រំពឹង​នឹងដាក់​ដំណើរការ​ជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​៕

សូមទស្សនាវីដេអូ៖

ព័ត៌មានផ្សេងទៀត