អ្នកស្រាវជ្រាវថា​«កម្ពុជា​បច្ចុប្បន្នមិន​ត្រូវការ​សង្គ្រោះទេ​ តែត្រូវការអភិវឌ្ឍ»

22-01-2018 5:07 pm 819
  ស្តាប់
កិច្ចពិភាក្សាតុមូលស្ដីពី«ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។
ស្តាប់ជាសំឡេង

​អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកសម រង្សី បានប្រកាសបង្កើតចលនាមួយដែលមានឈ្មោះថា«ចលនាសង្គ្រោះជាតិ» ដើម្បីប្រមែប្រមូលកម្លាំងគាំទ្រធ្វើសកម្មភាពជំនួសឲ្យគណបក្សសង្គ្រោះជាតិ។ប៉ុន្តែចលនាថ្មីនេះ ត្រូវបានអ្នកនាញនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា មិនអាចទៅរួចទេ ព្រោះកម្ពុជាសព្វថ្ងៃត្រូវការអភិវឌ្ឍ មិនត្រូវការសង្គ្រោះជាតិដូចសម័យអតីតកាលឡើយ។

«កម្ពុជាបច្ចុប្បន្នមិនត្រូវការសង្គ្រោះទេ តែកម្ពុជាត្រូវការអភិវឌ្ឍ។ពាក្យថា សង្រ្គោះជាតិអាចកើតមានបាន នៅពេលដែលប្រទេសជួយគ្រោះអាសន្ន ឬមានសង្គ្រាមដូចសម័យអតីតកាល»។នេះជាការលើកឡើងរបស់ក្រុមអ្នកនាញនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី«ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨»នៅថ្ងៃនេះ។

លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃ មិនត្រូវការឲ្យមានការបង្កើតក្រុមចលនាសង្គ្រោះជាតិទេ ហើយនៅក្នុងតំបន់អាស៊ានក៏មិនអាចអនុញ្ញាត្តឲ្យបង្កើតដែរ។លោកសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសថៃ វៀតណាម និងឡាវ ហ៊ានឲ្យចលនារបស់ក្រុមប្រឆាំងឈរទីតាំងនៅទឹកដីខ្លួន ដើម្បីប្រឆាំងជាមួយរាជរដ្ឋាភិបាលខ្មែរ ប្រទេសជិតខាងកម្ពុជាទាំងនេះ ក៏មិនបានសុខដែរ ហើយកម្ពុជានឹងមានវិធានការតបតទៅវិញដែរ….

សំឡេងលោក សុខ ទូច៖

អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកសម រង្សី កាលពីពេលថ្មីៗនេះ បានប្រកាសបង្កើតចលនាមួយដែលមានឈ្មោះថា«ចលនាសង្គ្រោះជាតិ» ដើម្បីប្រមែប្រមូលកម្លាំងគាំទ្រធ្វើសកម្មភាពជំនួសឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលក្រុងភ្នំពេញប្រកាសរំលាយកាលពីចុងឆ្នាំមុន។ចលនាសង្គ្រោះជាតិនេះ មានចូលរួមសុទ្ធតែជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដូចជា៖លោកអេង ឆៃអ៊ាង លោកស្រីមូរ សុខហួរ លោកតុ វ៉ាន់ចាន់ លោកជា គឹមលី លោកអ៊ុង រិទ្ធី និងលោកគា រីជាដើម។

ការបង្កើតចលនានេះ ដោយក្រុមបក្សប្រឆាំងពន្យល់ថា ដោយសារតែស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មិនអាចទទួលយកបាន ហើយចលនានេះនឹងធានាឲ្យមានការឯកភាពនៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យមានការដោះលែងលោកកឹម សុខា និង អ្នកទោសផ្សេងទៀតព្រមទាំងទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌និងមានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិ។

តែយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា បើក្រុមប្រឆាំងចង់បង្កើត «ចលនាសង្គ្រោះជាតិ» គឺអាចបង្កើតបាននៅអឺរ៉ុប តែសម្រាប់នៅតំបន់អាស៊ានមិនអាចទៅរួចទេ។រីឯដំណើរការបោះឆ្នោតរបស់កម្ពុជា នៅតែបន្តដោយគ្មានការរារាំងពីភាគីណាមួយ លើកលែងតែកម្ពុជាខ្លួនឯងមានសង្រ្គាម។

គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំដំណើរការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។មុនការបោះឆ្នោតមក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅបរទេស បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនពន្យារពេលការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ អំពើហិង្សានឹងកើតមានឡើង ហើយកម្ពុជា ក៏នឹងត្រូវសហគមន៍អន្តរជាតិ មិនទទួលស្គាល់ទៀតផង។

តែជាការតបវិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាក់ថា ការបោះឆ្នោតនៅពេលខាងមុខ នឹងត្រូវបានធ្វើឡើងតាមការគ្រោងទុក ដោយពុំមានការផ្លាស់ប្តូរ បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ៕ 

ព័ត៌មានផ្សេងទៀត