ព្រះ​តេជ​គុណគូ សុភាព​ផលិត​វីដេអូ​អប់រំ​ផ្លូវចិត្ត​ក្រោយ​ឃើញ​ថា​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើន​ក្នុង​សង្គម​

20-01-2018 6:55 pm 2035
  ស្តាប់
​ព្រះភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព ក្នុងវីដេអូអប់រំមួយកន្លងមក ។ រូបថតពី ហ្វេសប៊ុក ព្រះតេជគុណ គូ សុភាព ។
ស្តាប់ជាសំឡេង

​ព្រះ​តេជ​គុណគូ សុភាព ចាប់ផ្តើម​ផលិត​ចេញ​ខ្សែ​វីដេអូ​អប់រំ​ផ្លូវចិត្ត​ខ្លី ក្រោយ​មើលឃើញថា ចំនួន​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត​បាន​កើនឡើង​ជា​លំដាប់ ។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្តថា បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នេះ គឺជា​រឿង​របស់​បុគ្គល​ទាំងអស់គ្នា មិនមែន​ជា​បញ្ហា​សំដៅ​បុគ្គល​ណាមួយ​ឬ​វ័យ​ណាមួយ​នោះ​ទេ អ្វី​ដែល​យើង​អាចធ្វើ​បាន ដើម្បី​ឱ្យ​មាន​ជោគជ័យ​ក្នុង​ជីវិត គួរតែ​អប់រំ​ផ្លូវ​ចិត្ត​មនុស្ស​តាំងពី​កុមារភាព ...

​ការអប់រំ​ផ្លូវចិត្ត​សព្វថ្ងៃ វា​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន ដែល​មនុស្ស​គ្រប់រូប​តែង​ប្រតិបត្តិ និង​ទទួលយក តាមរយៈ​ការ​មាន​ជំនឿ​ទៅលើ​សាសនា​នានា ការសិក្សា​ស្វែងយល់​ពី​ជីវិត​ពិត ការសិក្សា​ស្វែងយល់​ពី​គម្ពី​រ សៀវភៅ​អប់រំ ជាដើម​។ ដោយសារ​បច្ចុប្បន្ន ជា​សម័យកាល​មួយ​ជឿនលឿន​លើ​ផ្នែក​បច្ចេកវិទ្យា ព្រះ​តេជគុណ គូ សុភាព គង់នៅ​វត្ត​គល់​ទទឹង ដែល​ជា​ព្រះសង្ឃ​មួយអង្គ ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ការអប់រំ​ផ្លូវចិត្ត​ទៅកាន់​សាធារណជន ជា​សារ​អប់រំ​ចិត្ត​ខ្លីៗ ជា​ខ្សែ​វីដេអូ​ខ្លីៗ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់​របស់​ព្រះ​តេជគុណ ។​

​ព្រះ​តេជ​គុណគូ សុភាព បាន​មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ថា ដោយ​បាន​សង្កេតឃើញ មនុស្ស​ខ្មែរ​សព្វថ្ងៃ​មាន​បញ្ហា​ផ្លូវ​ចិត្តច្រើន រហូត​អ្នកខ្លះ​ក៏​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ទៅ​ទៀត ម្យ៉ាង​ដោយ​ហេតុ​ថា ព្រះ​តេជគុណ​មើលឃើញ​ពី​សារប្រយោជន៍​នៃ​ព្រះពុទ្ធសាសនា​ក្នុង​ការអប់រំ​ផ្លូវចិត្ត ដូច្នេះ​ហើយ​ព្រះ​តេជគុណ​ក៏​សម្រេច​ព្យាយាម​អប់រំ​ផ្លូវចិត្ត​ពលរដ្ឋ​ទូទៅ តាមរយៈ​វីដេអូ​ខ្លីៗ​នេះ​តែម្តង …
​សំឡេង​ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព ៖

​ព្រះ​តេជគុណ​បញ្ជាក់ថា ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​អប់រំ​ផ្លូវចិត្ត​មនុស្ស​បាន​ច្រើន ដោយ​ធ្វើឱ្យ​មនុស្ស​ទូទៅ​ហ៊ាន​លះបង់​មេរោគ​ក្នុង​ចិត្ត អប់រំ​ផ្លូវចិត្ត​បណ្តើរ ដូច​នោះ ក្តី​សុខ ក៏​នឹង​កើតឡើង​ជា​បណ្តើរៗ​ដែរ​…
​សំឡេង​ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព ៖

​ព្រះ​តេជ​គុណគូ សុភាព បាន​លើក​បង្ហាញ​ខ្ញុំ ដោយ​ភ្ជាប់​ជាមួយ​តួលេខ​អះអាង​ផងដែរ​ថា សព្វថ្ងៃ ចំនួន​អ្នក​មាន​វិបត្តិ​ផ្លូវចិត្ត​នៅ​កម្ពុជា​មាន​ចំនួន​កើនឡើង​ជា​លំដាប់ ។ បើតាម​ស្ថិតិ​របស់​មន្ទីរពេទ្យ​រុស្សី​ផ្នែក​សុខភាព​ផ្លូវចិត្ត ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ចំនួន​ប្រមាណ​៥០០​នាក់​ចូល​ពេទ្យ​ផ្នែក​សុខភាព​ផ្លូវចិត្ត ហើយ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​នោះ ភាគច្រើន ច្រើនតែ​ជា​យុវជន និង​ជន​វ័យ​កណ្តាល ជា​អ្នក​ជួបប្រទះ​នូវ​បញ្ហា​នេះ​ច្រើនជាងគេ ។​

​ក្នុង​គោលបំណង​អប់រំ​ផ្លូវចិត្ត​ដល់​សាធារណជន ព្រះ​តេជគុណ គូ សុភាព បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សព្វផ្សាយ​ជា​ការផលិត​ខ្សែ​វីដេអូ​ថត​ទុក ដោយ​ការអាន ការសរសេរ​ជា​រឿង​អប់រំ​ចិត្ត​ខ្លីៗ និង​ការផ្សាយ​វីដេអូ​ដោយផ្ទាល់ ដែល​ប្រធានបទ​លើកឡើង ជា​ប្រធានបទ​សាមញ្ញ តែង​និយាយ​អំពី​បញ្ហា​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ដែល​កំពុង​ជួបប្រទះ​…
​សំឡេង​ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព ៖

​បើ​តាម​ព្រះ​តេជ​គុណគូ សុភាព មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ទៀត​ថា ការចាប់ផ្តើម​ធ្វើ​វីដេអូ​អប់រំ​ខ្លីៗ​នេះ ត្រូវបាន​ចាប់ផ្តើម​នៅក្នុង​អំឡុង​ឆ្នាំ​២០១៥ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ននេះ មាន​ខ្សែ​វីដេអូ ប្រមាណ​ជា​៣០០​វីដេអូ​ហើយ​ដែល​ត្រូវបាន​ផលិត ។ 

​ព្រះ​តេជគុណ​មាន​សង្ឃដីកា​បញ្ជាក់​បន្ត​ថា ការផលិត​វីដេអូ​អប់រំ​នេះ នឹង​នៅតែ​បន្ត​ផលិតឡើង ដោយ​ជ្រើសរើស​យក​ប្រធានបទ​ជីវិត​មក​បង្ហាញ ។ ព្រះ​តេជគុណ​បង្ហើប​ប្រាប់​ខ្ញុំ​ថា គម្រោង​ទៅ​ថ្ងៃមុខ គឺ​នឹង​មាន​វីដេអូ​អប់រំ​ជា​ការសម្តែង​រឿង​ខ្លីៗ​…
​សំឡេង​ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព ៖

​ដោយសារ​ឆន្ទៈ​ក្នុង​ការអប់រំ​ផ្លូវចិត្ត​ដល់​មនុស្ស​ទូទៅ និង​ដោយសារ​មាន​ការគាំទ្រ​ពី​សំណាក់​ពលរដ្ឋ​ផង​នោះ ការងារ​ជា​ធម្មទាន នេះ ក៏​ចេះតែ​រីកចម្រើន​ពី​មួយថ្ងៃៗ​ទៅមួយថ្ងៃ ។ សព្វថ្ងៃ បើ​និយាយ​អំពី​ក្រុមការងារ​ផលិត និង​ភ្នាក់ងារ​ផ្សព្វផ្សាយ គឺ​មាន​ប្រមាណ​ជា​៥-៦​ក្រុម និង​ស្ថាប័ន ទាំងនោះ គឺជា​ក្រុម​យុវជន វិទ្យុ កាសែត និង​ទូរទស្សន៍​ជាដើម ។​
​ជា​មធ្យម​វីដេអូ​ដែល​ផ្សាយ​ចេញ​ជា​សាធារណៈ​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​ព្រះ​តេជគុណ គឺ​ចេញ​ជា​ប្រចាំ​ថ្ងៃ ថ្ងៃ​ខ្លះ​ក៏​ចែករំលែក​ពី​វីដេអូ​ចាស់ៗ ហើយ​ថ្ងៃ​ខ្លះទៀត ក៏​ផលិត​ចេញ​ផ្សាយ​ចំនួន​២​ក៏មាន ។​

​ប៉ុន្តែ បើ​និយាយ​អំពី​ការលំបាក​ក្នុង​ការផលិត​វីដេអូ​អប់រំ​កន្លងមក ព្រះ​តេជ​គុណគូ សុភាព មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ថា លំបាក​ទី​១ គឺ​ការស្វែងរក​ប្រធានបទ ទី​២ គឺ​ការសរសេរ​សាច់រឿង ទី​៣ គឺ​បញ្ហា​បច្ចេកទេស និង​ទី​៤ គឺ​ថវិកា​ឧបត្ថម្ភ​ការងារ …
​សំឡេង​ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព ៖

​បើ​យើង​និយាយ​អំពី​ការអប់រំ​ផ្លូវចិត្ត​វិញ ព្រះ​តេជគុណ​បញ្ជាក់​អះអាង​ប្រាប់​ខ្ញុំ​ថា ដើម្បី​ឱ្យមាន​សុខភាព​ផ្លូវចិត្ត​ល្អ គឺ​វា​ទាក់ទង​ទៅ​នឹង​កត្តា​ចំនួន​៤ ទី​១ ផ្នែក​សុខភាព​ផ្លូវកាយ​ល្អ ទី​២ ផ្នែក​សេដ្ឋកិច្ច​ល្អ ទី​៣ ត្រូវ​មាន​មុខរប​រទ​ទួលបាន​សមរម្យ​ល្អ ទី​៤ ចេះ​រក្សា​ផ្លូវ​ចិត្ត​កុំឱ្យ​រវើរវាយ ឃុំគ្រង​ចិត្ត​កុំ​ឱ្យ​ឆាប់​ខឹង ឆេវឆាវ ជាដើម ។​

​បើ​តាម​ព្រះ​តេជ​គុណគូ សុភាព បន្ត​មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ទៀតថា សព្វថ្ងៃ វត្ត​គល់​ទទឹង​មាន​កម្មវិធី​អប់រំ​ផ្លូវចិត្ត​តាមរយៈ​វិទ្យុ ៩៧.៨ FM និង​មាន​កម្មវិធី វគ្គ​សិក្សា និង​ការ​តាំងសមាធិ រៀងរាល់​ថ្ងៃ​អាទិត្យ សម្រាប់​សាធារណ​ជន ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ទូទៅ​អាច​ចូលរួម ពី​ម៉ោង​៣ ដល់​ម៉ោង ៥:៣០ ល្ងាច ។​

​ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្តថា បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នេះ គឺជា​រឿង​របស់​បុគ្គល​ទាំងអស់គ្នា មិនមែន​ជា​បញ្ហា​សំដៅ​បុគ្គល​ណាមួយ​ឬ​វ័យ​ណាមួយ​នោះ​ទេ អ្វី​ដែល​យើង​អាចធ្វើ​បាន គួរតែ​អប់រំ​ផ្លូវចិត្ត​តាំងពី​កុមារភាព ដើម្បី​ឱ្យ​មនុស្ស​នោះ អាច​ជោគជ័យ​ក្នុង​ជីវិត​…
​សំឡេង​ភិក្ខុ​វជិ​រប្ប​ញ្ញោ គូ សុភាព ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត