កំណើន​ជនបរទេស​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​ចាត់​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​

19-01-2018 5:24 pm 2759

​បច្ចុប្បន្ននេះ វត្ត​មាន​ប្រជាជន​ចិន មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​ការកើនឡើង ជា​បន្តបន្ទាប់​។ អ្នក​ទាំងនោះ មានមក​បង្កើត​មុខរបរ​ខុសៗ​គ្នា ដូចជា អ្នកការទូត ពាណិជ្ជករ វិនិយោគគិន វិស្វករ កម្មករ​ជំនាញ ពលករ គ្រូបង្រៀន​ភាសា​ចិន អ្នក​ផ្សាយ​សាសនា ។​ល​។

​ទន្ទឹម​នឹង​ការ​ការវិនិយោគ និង​បង្កើត​មុខរបរ នៅ​កម្ពុជា ជនជាតិ​ចិន​មួយចំនួន បាន​យក​កម្ពុជា ធ្វើជា​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ហើយ​ខ្លះ​ទៀត បាន​យក​ប្រាក់​ជាច្រើន មក​វិនិយោគ​នៅក្នុង​តំបន់​ទេសចរណ៍ ហើយ​បាន​បង្ក​ឲ្យ​អាជីវកខ្មែ​រ​មួយចំនួន មាន​ព្រួយបារម្ភ​ពី​ការប្រកួតប្រជែង​។

​បើ​និយាយ​ពី​ការវិនិយោគ នាពេល​បច្ចុប្បន្ន​នេះ ចិន គឺជា​ប្រទេស​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ ជាមួយគ្នានេះ កំណើន​ភ្ញៀវ​ទេសចរ ជនជាតិ​ចិន ក៏​មាន​ចំនួន​ច្រើន​ជាង​គេ​ផង​ដែរ​។ បើ​តាម​របាយការណ៍ រយៈពេល​៧​ខែ ឆ្នាំ​២០១៧  កម្ពុជា​ទទួល​ភ្ញៀវ​ទេសច​រ​ចិន​ជាង​៦៣​ម៉ឺន​នាក់ កើន​ឡើង​ជាង​៤០​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

​ជា​ការពិត តួលេខ​ខាងលើនេះ​បង្ហាញ​ពី​សញ្ញា​ល្អ សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ អាជ្ញាធរ និង​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ក៏​បារម្ភ​ផងដែរ ពី​ភាពអវិជ្ជមាន​របស់​ជ​ន​ជាតិចិន ដែល​ចេះ​តែ​កើនឡើង​ជា​បន្តបន្ទាប់​។ បារម្ភ​ដោយសារតែ មាន​ជនជាតិ​ចិន​ខ្លះ បាន​បង្ក​ជា​អសន្តិសុខ ក្នុង​តំបន់​ទេសចរ​របស់​កម្ពុជា និង​ខ្លះទៀត​បាន​យក​កម្ពុជា ជា​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណេត​។​

​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១១ រហូតមកដល់​ពេលនេះ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ចំនួន​១៥​លើក​រួចមកហើយ ដោយ​ជនជាតិ​ចិន​សរុប​ជិត​១២០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ជា​ង​២០០​នាក់ ត្រូវបាន​បញ្ជូន​ចេញទៅ​ប្រទេស​ចិន​វិញ​។

​ដោយឡែក​បើ​គិត​ពី​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​បង្ក្រាប​បទល្មើស​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អាំងទែ​ណែ​ត​ចំនួន​៥​ករណី ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន បាន​៤០៧​នាក់ ក្នុងនោះ​ស្រី​៧៦​នាក់​។​

​ដោយឡែក បច្ចុប្បន្ននេះ អ្នកវិនិយោគ​ជនជាតិ​ចិន ក៏​មាន​កំណើន​ច្រើន​ផងដែរ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​ទេសចរណ៍​។ កំណើន​អ្នកវិនិយោគ​ចិន នេះ ត្រូវ​បាន​រដ្ឋាភិបាល​សាទរ ខណៈ​ដែល​អាជីវករ​ខ្មែរ​មួយចំនួន សម្តែង​ក្តីបារម្ភ​ពី​ផលប៉ះពាល់​ដល់ អាជីវកម្ម​របស់​ពួកគេ​។ ប៉ះពាល់​ដោយសារ អាជីវករ​ខ្មែរ​នៅ​តំបន់​ទេសចរណ៍ ធ្លាប់​បាន​ត្អូញត្អែ​ថា អាជីវកម្ម​របស់​ពួកគេ អាច​នឹង​ត្រូវ​ផ្អាក​ដំណើរការ ដោយសារ​តែ​ថ្លៃ​តូប ផ្ទះជួល ចេះ​តែ​ឡើងថ្លៃ​បណ្តើរៗ​។ ការឡើង​ថ្លៃ​នេះ ដោយសារ​តែ​អ្នក​រកស៊ី​ចិន បាន​ឲ្យ​ថ្លៃ​ខ្ពស់​ដល់​ម្ចាស់ផ្ទះ ដែល​ចង់​ជួល ដូច្នេះហើយ​បានជា​ម្ចាស់ផ្ទះ​ខ្លះ ចង់​ជួល​ឲ្យតែ​ជនជាតិ​ចិន​។​

​ជាក់ស្តែង នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ទេសចរណ៍​សំខាន់​របស់​កម្ពុជា វត្តមាន​របស់​ជនជាតិ​ចិន ដែល​ចូលមក​ស្នាក់នៅ និង​ប្រកបការងារ​ច្រើន​សន្ធឹកសន្ធាប់ នៅពេល​បច្ចុប្បន្ន​នេះ​។ ជនជាតិ​ចិន ទាំងនេះ ហ៊ាន​ជួល​សណ្ឋាគារ​ប្រណិតៗ លំដាប់​ផ្កាយ ឬ​ជួល​ភូមិគ្រឹះ និង​វិឡា​ធំ​ស្កឹមស្កៃ មាន​តម្លៃ​ខ្ពស់​រាប់ម៉ឺន​ដុល្លារ​ក្នុង ១​ខែៗ ដើម្បី​ស្នាក់នៅ ឬ​ធ្វើ​ជំនួញ​ជាដើម​។ នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ​។​

​ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តីជូនដំណឹង អំពី​ការស្នើ​វិធានការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការពង្រឹង​គ្រប់គ្រង​ស្ថិតិ​ជនបរទេស និង​ការងារ​ជនបរទេស នៅ​ខេត្ត​ព្រះសីហនុ​។​

​លិខិត​របស់​លោក ស្រ៊ុន ស្រ៊ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​១៦ មករា បានបញ្ជាក់​ថា ស្នងការ​នគរបាល​ខេត្ត ត្រូវ​ចុះ​ពិនិត្យ​ស្រង់​ស្ថិតិ ជនបរទេស ដែល​កំពុង​ស្នាក់នៅ​បំពេញ​ការងារ​ទាំង​រយៈ​ពេល​វែង និង​រយៈពេល​ខ្លី ឲ្យបាន​ច្បាស់ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សន្តិសុខ សណ្តាប់ធ្នាប់ ជាដើម​។ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការធ្វើ​អាជីវកម្ម​របស់​ជនបរទេស នៅ​កម្ពុជា ឲ្យ​ជនបរទេស​បាន​ជ្រួតជ្រាប និង​ពិនិត្យ​ឡើងវិញ នៅ​បណ្តា​ទីតាំង​អាជីវកម្ម​ជនបរទេស ដែល​កំពុង​ដំណើរការ ដូច​ជា​ទំហំ ប្រភេទ​អាជីវកម្ម​ទាំងនោះ​។​

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ធ្លាប់បាន​ប្រាប់​វិទ្យុ​វាយោ​ថា ទាំង​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ ជនជាតិ​ចិន នៅ​កម្ពុជា​បច្ចុប្បន្ន ស្ថិត​ក្នុង​ការគ្រប់គ្រង​យ៉ាង​ល្អិតល្អន់ ពី​មន្ត្រី​អាជ្ញាធរ ហើយ​រាល់​ការ​បង្កបញ្ហា​អសន្តិសុខ ឬ​ប្រព្រឹត្តល្មើស​ផ្សេងៗ គឺ​សមត្ថកិច្ច​អាច​គ្រប់គ្រង​បាន ដោយ​គ្មាន​បញ្ហា​ឡើយ​។​

​យ៉ាងណាក៏ដោយ ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា មាន​លក្ខណៈ​លេចធ្លោ​គួរឲ្យកត់សម្គាល់ ទាំង​វិស័យ​ភាពយន្ត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយ ទាំង​ផ្ទៃ​ក្នុង​ប្រទេស តំបន់ និង អន្តរជាតិ ដោយសារ​តែ​ចិន​ជា​មិត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​ផង ចិន​អ្នកផ្ដល់ជំនួយ ដល់​កម្ពុជា​ធំជាងគេ​បំផុត​ផង ហើយ​ទុន​វិនិយោគ​របស់ វិស័យ​ឯកជន​ចិន​នៅ​កម្ពុជា ក៏​ច្រើន​ជាង​គេ​ដែរ​។​

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បានលើកឡើង ក្នុង​វេទិកា​វិទ្យាសាស្ត្រ ទំនាក់ទំនង​កម្ពុជា​-​ចិន ឆ្នាំ​២០១៧ លើក​ទី​៧ ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ខាងមុខ កម្ពុជា នឹង​រៀបចំ​ធ្វើ​ជំរឿន​ប្រជាជន​ចិន ដែល​មក​រស់នៅ និង​ប្រកប​របរ​នៅ​កម្ពុជា​។

​លោក​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​បក​ប្រែភាសា​ខ្មែរ ជា​ភាសា​ចិន​សម្រាប់​ឲ្យ​ប្រជាជន​ចិន បាន​សិក្សា​ស្វែងរក​យល់​ពី​ទំនៀមទម្លាប់​របស់​ខ្មែរ ដើម្បី​ផ្តល់​ភាពងាយស្រួល​ទំនាក់ទំនង​គ្នា​។

​លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន បាន​ខិតខំ​ជំរុញ​ការវិនិយោគ ជាមួយ​ប្រទេស​ចិន ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន ដែលមាន​ប្រាក់​មក​រកស៊ី​នៅ​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ការងារ ដល់​ប្រជាជន​កម្ពុជា ដែល​មិនមែន​កម្ពុជា​ស្រូប​យក​កម្មករ​ចិន មក​ធ្វើការ​នោះឡើយ គឺ​គោលបំណង​ស្រូប​យក​ក្រុម​អ្នកវិនិយោទុន របស់​ចិន​តែប៉ុណ្ណោះ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត