ពលរដ្ឋអត់​ចោល​ទម្លាប់​បើកបរ​មិនគោពរ​ច្បាប់​ ខណៈការរឹតបន្តឹងច្បាប់​ដូចភ្លើងចំបើង​

19-01-2018 1:49 pm 1157
សកម្មភាពអនុវត្តច្បាប់ចរាចរណ៍។រូបភាពពីសប្បាយ

នៅដើមឆ្នាំ២០១៨នេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍របស់អាជ្ញាធរខ្មែរ បានផ្តើមឡើងជាថ្មី។ការរឹតបន្តឹងការអនុវត្តច្បាប់នេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្រោយមានប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាល លើក​រណី​ជិះបញ្ច្រាសទិសនៅមុខភូមិគ្រឹះរបស់លោក ជិតវិមានឯករាជ្យ និងការគំរាមដកតំណែងអភិបាលខណ្ឌដូនពេញ។មួយវិញទៀត ការរឹតបន្តឹងនេះមិនបានធ្វើឡើងដូចភ្លៀងរលឹមទេ ជាហេតុធ្វើឲ្យការបំពានច្បាប់នៅបន្តកើតមាន។

វិធានការផាកពិន័យ ចំពោះអ្នកបើកបរខុសច្បាប់សព្វថ្ងៃ មិនមែនជាករណីថ្មីទេ សម្រាប់នៅកម្ពុជា។ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ វិធានការបែបនេះក៏កើតមានដូចគ្នាអ៊ីចឹងដែរ ពោលគឺបន្ទាប់ពីមានអនុវត្តតាមអនុសាសន៍ ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ប៉ុន្តែក្រោយមកការរឹតបន្តឹងការអនុវត្តច្បាប់នេះហាក់ដូចជាស្ងាត់ទៅវិញ។

ជារៀងរាល់ថ្ងៃ គេកត់សម្គាល់ឃើញថា អ្នកបើកបរយានយន្តមួយចំនួន បានបំពានដោយគ្មានរអែងទៅលើច្បាប់ចរាចរណ៍ដូចជា៖ ការបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជន ការឈប់យានយន្តទំនើបៗនៅលើដងផ្លូវ ដោយមិនខ្វល់ពីការកកស្ទះ បើកបរមិនដឹងពីផ្លូវឡានផ្លូវម៉ូតូ ការបត់ដោយមិនប្រើស៊ីញ៉ូ ការបំពានទៅមុខទាំងភ្លើងក្រហម និងជិះបញ្ច្រាសទិសជាដើម។នេះ សុទ្ធសឹងជាសកម្មភាពល្មើសច្បាប់ចរាចរណ៍។

តាមរបាយការណ៍ របស់នគរបាលចរាចរ និងសណ្តាប់ធ្នាប់ រយៈពេលកន្លះខែដើមឆ្នាំ២០១៨នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរ ឃាត់យានយន្ដបានចំនួន៧៦,៩៩៦គ្រឿង យានយន្តល្មើស១២,៨០៧គ្រឿង ក្នុងនោះអប់រំ ៤,៣៣៨គ្រឿង និងផាកពិន័យ ៨,៤៦៩គ្រឿង។ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ក្នុងរយៈដូចគ្នា នគរបាលចរាចរ បានត្រួតពិនិត្យសរុបចំនួន៣៨,៥៤៣គ្រឿង អប់រំ១,០៤៣គ្រឿង និងផាក់ពិន័យចំនួន៦,៧០៤គ្រឿង។

ជាការពិតករណីបើកបរល្មើសច្បាប់ទាំងអស់នេះ សុទ្ធសឹងតែមានចែងទាំងអស់នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០១៥។ប៉ុន្តែហេតុអ្វីបានជាមានច្បាប់ហើយ ទម្លាប់បើកបរល្មើសច្បាប់បន្តកើតមានយ៉ាងដូច្នេះ? ចម្លើយអាចមកពី ច្បាប់ស្តីពីចរាចរណ៍ជើងគោកថ្មី បានដាក់ឲ្យអនុវត្តក៏មែនពិត ក៏ប៉ុន្តែភាពម៉ឺងម៉ាត់នៃមន្ត្រីអនុវត្តច្បាប់ ហាក់ដូចជាមិនទាន់ពេញលេញជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលមានតួនាទីគោរពច្បាប់ បណ្តែតបណ្តោយទៅតាមអាជ្ញាធរដែរ។

ជាការកត់សម្គាល់ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ត្រូវបានគេពិនិត្យឃើញថា អាជ្ញាធរធ្វើទៅតាមរដូវកាល ឬចាំតែមានអនុវត្តតាមអនុសាសន៍ថ្នាក់ដឹកនាំ។បើគ្មានប្រតិកម្ម ឬហេតុការណ៍ផ្ទុះឡើងទេ ការរឹតបន្តឹងការអនុវត្តច្បាប់ ត្រូវព្រលែងចោលហើយប៉ូលិសចរាចរបានត្រឹមបង្ហាញវត្តមាននៅតាមចិញ្ចើមថ្នល់ មិនមានវិធានការទៅលើអ្នកលើ្មសច្បាប់ចរាចរណ៍ទេ និងកន្លែងខ្លះទៀតអង្គុយចាំយកតែលុយពីឡានធំៗទៅវិញ។យូរៗទៅសកម្មភាពទាំងអស់នេះបានក្លាយជាទម្លាប់។

ជាក់ស្តែង ដូចវិធានការអាជ្ញាធរបច្ចុប្បន្ន ទាល់តែករណីមានការជិះបញ្ច្រាសទិស នៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ជិតវិមានឯករាជ្យ និង គំរាមដកតំណែងអភិបាលខណ្ឌដូនពេញទើបប៉ូលិស និងក្រុមសណ្តាប់ធ្នាប់រត់ខ្វែងដៃខ្វែងជើងគ្នា ចាប់ឡាន ម៉ូតូ និងម៉ូតូកង់៣ រាប់ម៉ឺនគ្រឿនយកទៅធ្វើកិច្ចសន្យា។មតិមួយចំនួនអះអាងថា សកម្មភាពបែបនេះ ប្រហែលជាមិនយូរឡើយ ហើយអាចនឹងបាត់ទៅវិញដោយគេហៅថាជាវិធានការ«ភ្លើងចំបើង»។

រីឯពលរដ្ឋវិញ ពួកគេហាក់ដូចជាខ្លាចប៉ូលិស ជាងខ្លាចច្បាប់ចរាចរណ៍។ជាទូទៅ នៅកន្លែងមានស្តុប ពលរដ្ឋភាគច្រើនចោលក្រសែភ្លែកមើលប៉ូលិស ច្រើនជាងមើលភ្លើងស្តុបដែលមាន ចែងក្នុងច្បាប់ បើគ្មានមន្ត្រីប៉ូលិសចរាចរប្រចាំការទេ គេបើកបរមិនគោរពភ្លើងសញ្ញា បើកជែងគេជែងឯង គ្មានការយោគយល់។នេះក៏ព្រោះតែភាពខ្វះការយល់ដឹងនូវមូលដ្ឋានច្បាប់ទម្លាប់ ជាពិសេស សីលធម៌ក្នុងការរស់នៅ និងគំនិតអាត្មានិយម។ភាពអាត្មានិយមនេះ វាបង្កឲ្យសង្គមគ្មានសណ្តាប់ធ្នាប់។ឧទាហរណ៍ បើកបរមិនដឹងផ្លូវម៉ូតូ ផ្លូវឡាន ឬជិះបញ្ច្រាសទិស មិនខ្វល់ខ្វាយនឹងអ្នកដទៃ សំខាន់ខ្លួនបានទៅមុន។

ជារួមមកវិញ អនុវត្តច្បាប់ចរាចរណ៍ គួររឹតបន្តឹងឲ្យដូចភ្លៀងរលឹម ចៀសវាងធ្វើម្តងតឹង ម្តងធូររលុង តាមរដូវកាល ឬការបញ្ជា ជាហេតុធ្វើឲ្យការអនុវត្ត និងការគោរពច្បាប់ចរាចរណ៍គ្មានប្រសិទ្ធភាព។ការបង្កើតច្បាប់ល្អជារឿងសំខាន់មួយ ប៉ុន្តែបើច្បាប់មានហើយ បែរជាអនុវត្តមិនពេញលេញ វាមិនមានន័យឡើយសម្រាប់ការបង្កើតច្បាប់។ គួរបញ្ជាក់ថាភាពធូរលុងនៃការអនុវត្តច្បាប់ វាអាចបង្កឲ្យប៉ះពាល់មុខមាត់ប្រទេសជាតិ តាមរយៈការរិះគន់ពីភ្ញៀវទេសចរណ៍បរទេស និងធ្វើឲ្យបាត់បង់ប្រាក់ចំណូលប្រទេសជាតិផងដែរ។

ម្យ៉ាងវិញទៀត ការអប់រំពលរដ្ឋស្តីពីច្បាប់ចរាចរណ៍ គឺជាចំណុចសំខាន់ដែលមិនអាចចោលបាន អាជ្ញាធរគួរព្យាយាមពន្យល់ ពលរដ្ឋពីច្បាប់ទម្លាប់នៃការបើកបរ ជាជាងអង្គុយចាំស្ទាក់តាមផ្លូវចាប់ផាក់យកតែលុយ និងប្រព្រឹត្តអំពើលុករលួយ។ម៉្លោះហើយ ប៉ូលិសចរាចរ និងប្រជាពលរដ្ឋពេលខ្លះ ចាត់ទុកគ្នាដូចជាសត្រូវ។

ជាមួយគ្នានេះ អាជ្ញាធរ គួរបង្កើនការបំពាក់ភ្លើងសញ្ញាចរាចរណ៍ជាច្រើនកន្លែង និងមានរៀបចំគំនូសចរាចរណ៍ត្រឹមត្រូវ និងតាំងចិត្តរួមគ្នាដើម្បីគោរពច្បាប់។ចំណែកប្រជាពលរដ្ឋ ត្រូវតែមានសីលធម៌ខ្ពស់ ក្នុងការបញ្ជាយានយន្ត ដោយស្មារតីគោរពច្បាប់ និងចោលទម្លាប់អាក្រក់ ដែលដេកចាំតែបន្ទោសអាជ្ញាធរ ឬនគបាលចរាចរ ខណៈដែលខ្លួនឯងមិនយល់ពីច្បាប់ទម្លាប់នៃការបើកបរ៕ 

ព័ត៌មានផ្សេងទៀត