បរិបទ​​នយោបាយ​​បែបនេះ ​គួរ​ពន្យារពេល​ ការបោះឆ្នោត​ ឬទេ​?​

18-01-2018 2:29 pm 715

​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំឲ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពន្យារពេល​បោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ​។ យោងតាម​ការឲ្យដឹង​នៅលើ​បណ្តាញ tweeter​លោក​សម រង្ស៊ី​បាន​បញ្ជាក់ថា លោក​ស្នើ​ដល់​លោក​ហ៊ុន សែន​ឲ្យ​ពន្យារពេល​បោះឆ្នោត​ថ្នាក់ជាតិ រហូតដល់ អាច​ធានាបាន​ថា ការបោះឆ្នោត​នៅ​ពេលខាងមុខ​យ៉ាងហោចណាស់ ក៏​អាចមាន​លក្ខណៈ​អប្បបរមា​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ ដើម្បី​ចៀស​សវាង​អំពើហិង្សា និង​ការមិនទទួលស្គាល់​កម្ពុ​ជា ពី​សំណាក់​សហគមន៍​អន្តរជាតិ​។​

​លោក សម រង្ស៊ី ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារពេល​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ទេ  អំពើហិង្សា​នឹង​កើតមានឡើង ហើយ​កម្ពុជា ក៏​នឹងត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួលស្គាល់​ទៀតផង​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នកនាំពាក្យ លោក​ផៃ ស៊ី​ផាន បាន​ឆ្លើយតប​នឹង​លោក​សម រង្ស៊ី​ថា ការសុំ​ពន្យារ​ការបោះឆ្នោត និង គំរាមថា​មាន​អំពើហិង្សា នេះ គឺជា​ល្បិច នៃ​ក្តី​អស់សង្ឃឹម និង​ឯកោ ដែល​បាត់បង់​នូវ​ការគាំទ្រ​។​

​លោក​ផៃ ស៊ី​ផាន លើកឡើងថា លោក​សម រង្ស៊ី គ្មាន​តម្លៃ​ណា​ដែល​លោក​ហ៊ុន សែន ត្រូវ​ផ្តល់ តម្លៃ​ក្នុង​ការពិភាក្សា​នោះឡើយ​។ លោក​ក៏បាន​ហៅ​ការសុំ​ពន្យា​ពេល​ការបោះឆ្នោត ថា​ជា​ការប្រឆាំង នឹង​ដំណើរការ​ប្រជាធិបតេយ្យ ទៅវិញ ឯ​ការដាក់​លក្ខខណ្ឌ គឺជា​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ក៏ដូចជា​ប្រឆាំងនឹង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិនទាន់​គិតដល់​ការនាំ​បរទេស​មក​លុកលុយ​ដែន​អធិបតេយ្យភាព​កម្ពុជា​ផង​ទេ​។ កន្លងមក លោក​ហ៊ុន សែន ក៏​ថ្លែង​ជា​សាធារណៈ​ពី​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​សកល​រួចស្រេច​ហើយ​។ 

​បន្ថែម​ពីលើ​លោក​ផៃ ស៊ីផា​នេះ នៅ​ព្រឹក​ថ្ងៃទី​១៨ មករា លោក​ហ៊ុន សែន បញ្ជាក់​ជា​ចំហ បង្ហោះ​នៅលើ Facebook ផ្លូវការ​របស់លោក​ថា ការបោះឆ្នោត ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា បានកំណត់​រួចហើយ មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​។​

​ការបញ្ជាក់ ពី​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​នៅពេលនេះ ដោយ​លោក​រង្គៀស​ចិត្ត​នឹង​កាសែត​អន្តរជាតិ​ក្នុងស្រុក​មួយ ដែល​សរសេរថា លោក​នាយករដ្ឋមន្ត្រី​ថា​«​ការបោះឆ្នោត​អាចធ្វើ​មិនបាន បើ​មាន​ការច្របូកច្របល់​»​។ អត្ថបទ​នេះ ចង់​និយាយថា លោក​ហ៊ុន សែន អាច​នឹង​លុបចោល ឬ​ពន្យារ​ការបោះឆ្នោត​នាពេលខាងមុខ​។ ដោយ​មិនបាច់​បកស្រាយ​ច្រើន លោក​គ្រាន់តែ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា គឺ​ថ្ងៃ​២៥​កុម្ភះ ២០១៨ និង​ការបោះឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​២៩ កក្កដា​២០១៨ ដែល​បានកំណត់​រួចហើយ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​។​

​ស្រដៀង​គ្នា​នេះដែរ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក​សុខ ទូច អះអាងថា ការលើកឡើង​ទាក់ទង​នឹង​ការចង់ឲ្យ​ពន្យារពេល​បោះឆ្នោត ពី​ក្រុម​មេដឹកនាំ​អតីត​បក្សប្រឆាំង​នេះ មិន​អាចទៅរួច​ទេ បើ​គិតពី​ទិដ្ឋភាព​ច្បាប់​។​ម្យ៉ាង អ្នកស្នើ​នោះ​ជា​ទណ្ឌិត មិនមាន​អ្វី​ជា​ទម្ងន់​សម្រាប់​ការពិភាក្សា​ទេ​។​លោក​សុខ ទូច ចាត់ទុក​ការស្នើ​នេះ គ្រាន់តែ​ជា​រលក​នយោបាយ ដើម្បី​ប្រាប់​អ្នកគាំទ្រ​ថា ខ្លួន​នៅតែមាន​សកម្មភាព​នយោបាយ​ប៉ុណ្ណោះ​...

​សំឡេង​លោក​សុខ ទូច​៖

​ចំណែក​លោក​សាម អ៊ី​ន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មើលឃើញថា ស្ថានភាព​ពេលនេះ មិនមាន​អ្វី​ត្រូវ​ពន្យារពេល​បោះឆ្នោត​នោះទេ តែ​អ្វីដែល​ត្រូវធ្វើ​ពេលនេះ គឺ​បរិយាកាស​នៃ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដែល​រដ្ឋាភិបាល​ត្រូវតែ​ធានាឲ្យមាន​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព បង្ក​ភាពងាយស្រួល​ក្នុង​ការលើក​ស្លាក ការចុះ​ជួប​សកម្មជន​អ្នកគាំទ្រ​ជាដើម​។​អ្វីដែល​សំខាន់ រដ្ឋាភិបាល​ត្រូវតែ​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ត្រឹមត្រូវ យុត្តិធម៌ មិនមាន​ការភ័យខ្លាច និង​មានការ​សង្កេតការណ៍​ពី​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល .....

​សំឡេង​លោក​សាម អ៊ី​ន​៖

ប៉ុន្តែ​សម្រាប់​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា យល់ថា ពន្យារ​ក្តី​មិន​ពន្យារ​ក្តី មិន​សំខាន់​ទេ​។​អ្វីដែល​សំខាន់ គឺ​រដ្ឋាភិបាល​គួរ​បន្ធូ​បន្ថយ​ស្ថានភាព​នយោបាយ ឲ្យ​ធូរស្រា​លជាង​នេះ​។ លោក​ថា បើ​ស្ថានភាព​នយោបាយ​នៅតែ​បែបនេះ ហើយ​នៅតែ​បង្ខំ​បោះឆ្នោត​តាម​ការកំណត់ គឺ​វា​បង្ហិន​តែ​លុយ​ឥតប្រយោជន៍ ព្រោះ​ជា​ការបោះឆ្នោត​ដែល​គ្មាន​គុណភាព​....

​សំឡេង​លោក​មាស នី​៖

​ថ្លែង​នៅលើ​បណ្តាញ tweeter​លោក​សម រង្ស៊ី និយាយថា ប្រសិនបើ​លោក ហ៊ុន សែន មានគំនិត​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំនេះ​ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​តែមួយគត់ គួរតែ​លុបចោល​ការបោះឆ្នោត​បែបនេះ ពីព្រោះ​វា​មិន​ស្របច្បាប់ គ្មាន​ន័យ និង​គ្មាន​ប្រយោជន៍​។ លោក​ស្នើ​ដល់​លោក​ហ៊ុន សែន​ថា​«​ការពន្យារ​ការបោះឆ្នោត​ជាតិ​នេះ រហូតដល់​យើងទាំងអស់គ្នា​មានការ​ធានាថា ការបោះឆ្នោត​ទាំងនោះ​អាចឆ្លើយតប​ទៅនឹង​បទដ្ឋាន​ស្ដង់ដារ​អន្តរជាតិ​នៃ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ដែល​នេះ វា​នឹង​បញ្ចៀស​ទាំងស្រុង​នូវ​អំពើហិង្សា និង​កម្ពុជា​ក្លាយជា​រដ្ឋ​ដែល​ត្រូវគេ​ផាត់​ចោល​»​។​

​ជា​ការកត់សម្គាល់​សំណើ​របស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ បន្ទាប់ពី​លោក និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដទៃទៀត បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ការដោះលែង​លោក កឹម សុខា អ្នកទោស​មនសិការ និង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។​តែ​ចលនា​នេះ ក៏​ត្រូវបាន​គេ​មើលឃើញថា មិនទាន់​ត្រូវរ៉ូវ​គ្នា ក្នុងចំណោម​សមាជិក​អ​តីត​គណបក្ស​សង្គ្រោះ​ជាតិ​ដូចគ្នា​ផង​ទេ​៕
 


ព័ត៌មានផ្សេងទៀត