ហានិភ័យ​អ្វីខ្លះ​​ដែល​ពិភពលោក​​នឹង​ជួបប្រទះ​​ក្នុង​ឆ្នាំ​២០១៨?

16-01-2018 5:51 pm 1556
រូបភាព​បង្ហាញពី​ហានិភ័យ​​ក្នុងពិភពលោក

ពិភពលោក​ក្នុង​ឆ្នាំ​២០១៨​នឹង​ប្រឈម​ហានិភ័យ​ធំៗ​មួយចំនួន​។​បញ្ហា​ប្រឈម​ទាំងនោះ​មានដូចជា​ការវាយប្រហា​រ​តាម​អ៊ី​ន​ធឺ​ណេត បញ្ហា​អស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ដោយសារ​វិបត្ដិ​នុយក្លេអ៊ែរ ការប្រែប្រួល​អាកាសធាតុ ការវាយប្រហារ​ភេរវកម្ម និង​វិបត្ដិ​ហិរញ្ញវត្ថុ​។​ដូច្នេះ មេដឹកនាំ​ពិភពលោក​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​នឹង​ដោះស្រាយ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្ដិសុខ និង​សន្ដិភាព​នៅក្នុង​ពិភពលោក​ទាំងមូល​។​

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​បន្ថែម​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​

​យោងតាម​អ្នកជំនាញ​បានឲ្យដឹងថា ការគំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណេត​គាំទ្រ​ដោយ​រដ្ឋ និង​ការគំរាមកំហែង​ទាមទារ​ប្រាក់​ដោះដូរ​នឹង​ការ​ទាញ​មកវិញ​នូវ​ទិន្នន័យ​ដែល​បាត់បង់ ធ្វើឡើង​ដោយ​ក្រុម​វាយប្រហារ​(hacker) អាច​នឹង​ជះឥទ្ធិពល​ដល់​សន្ដិសុខ​ជាតិ​និង​នយោបាយ​។​កន្លងមក​មាន​ភាពចម្រូងចម្រាស​កើតឡើង​ជុំវិញ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែលមាន​ការចោទប្រកាន់​ថា រុស្ស៊ី​បាន​ចូល​វាយប្រហារ​ស្ថិតក្រោម​ការបើក​ដៃ​ពី​ក្រុមការងារ​លោក​ដូណាល់ ត្រាំ​។​

​ក៏មាន​ការវាយប្រហារ​លួច​ទិន្នន័យ​ក្រុមហ៊ុន​ជាច្រើន​ផងដែរ ធ្វើឡើង​ដោយ​ក្រុម​វាយប្រហារ ហើយ​ពួកគេ​បានទាមទារ​ឲ្យ​បង់ប្រាក់​ដើម្បី​ដោះដូរ​នឹង​ឯកសារ​ដែល​បាត់បង់​។​រឿង​បែបនេះ​អាច​កើតឡើង​ទៀត និង​បន្ដ​គំរាមកំហែង​ក្នុង​ឆ្នាំ​២០១៨​។​ហេតុនេះ​ក្នុង​ឆ្នាំ​២០១៨​ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ឯកជន ត្រូវ​ប្រើប្រាស់​លេខ​កូដ​សម្ងាត់​ផ្ទាល់ខ្លួន ដើម្បី​ការពារ​រក្សា​ទិន្នន័យ​កុំឲ្យ​បាត់បង់​។​នេះ​បើតាម​ការអះអាង​ពី​អ្នកជំនាញ​។​

​ការវាយប្រហារ​ភេរវកម្ម​

​ការវាយប្រហារ​ភេរវកម្ម​បង្កឡើង​ដោយ​ក្រុម​ជ្រុលនិយម​ផ្នែក​សាសនា និកាយ ជាតិនិយម​ជាដើម មើលទៅ​នៅតែ​បន្ដ​កើតឡើង​ដដែល ទោះបី​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​បាន​ដួលរលំ​ហើយ​ក្ដី​ក្នុង​ឆ្នាំ​២០១៧​។​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ការវាយប្រហារ​ភេរវកម្ម​បន្ដ​កើតឡើង​ទូទាំង​ពិភពលោក​។​យោងតាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ពី​ការគ្រប់គ្រង​ហានិភ័យ ក្នុង​ឆ្នាំ​២០១៧​ការវាយប្រហារ​ភេរវកម្ម​មាន​ការថយចុះ ប៉ុន្ដែ​នៅក្នុង​ប្រទេស​មួយចំនួន​បន្ដ​មាន​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ដដែល​។​រឿងរ៉ាវ​នេះ​ផ្ទុះឡើង​ដោយសារ​ជម្លោះ និង​ភាពខ្លាំង​របស់​ក្រុម​សកម្មប្រយុទ្ធ​។​

​ឆ្នាំ​២០១៧​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន បាន​ព្យាយាម​ពង្រីក​ខ្លួន​ប្រឆាំងនឹង​កងទ័ព​រដ្ឋាភិបាល ប៉ុន្ដែ​ក៏​ត្រូវបាន​បង្ក្រាប​ទៅវិញ​។​មិន​ប្រាកដថា​ពួកគេ​ត្រូវ​រលាយ​ទាំងស្រុង​ឡើយ​។​ចំណែក​នៅ​មី​យ៉ាន់​ម៉ា​វិញ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បានចាប់ផ្ដើម​ធ្វើ​សកម្មភាព​វាយប្រហារ​ប្រឆាំង​កងទ័ព ដោយសារ​រង​ការគាបសង្កត់ ដែល​នេះ​ជា​ការឆ្លុះបញ្ចាំង​ថា ការវាយប្រហារ​នៅតែ​បន្ដ​កើតឡើង​មិនទាន់​បញ្ចប់​។​

​ក្រុម​សកម្មប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ក្រុម​អាល់​កៃ​ដា នៅតែ​បន្ដ​បើក​ការវាយប្រហារ​ទូទាំង​ពិភពលោក តាមរយៈ​ការបង្គាប់បញ្ជា​ដោយផ្ទាល់​ឬ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។​នោះគេ​ហៅថា​បេសកកម្ម​ចចក​តែមួយ បាន​កើតឡើង​នៅ​អាមេរិក អង់គ្លេស ហ្វាំង​ឡ​ង់ អេ​ស្ប៉ាញ ស៊ុយអែត និង​អូស្ដ្រាលី​។​ស្របពេល​ជាមួយគ្នា​ក្រុម​ជាតិនិយម ក្រុម​កងទ័ព​ព្រៃ គឺជា​ការគំរាមកំហែង​ភេរវកម្ម​ដ៏​ធំ​មួយទៀត​នៅក្នុង​ប្រទេស​កូឡុំប៊ី តួ​ក​គី ឥណ្ឌា និង​ថៃ ខណៈដែល​អឺរ៉ុប​ខាងលិច​និង​អាមេរិក​ខាងជើង បាន​រង​ការវាយប្រហារ​ពី​ក្រុម​ឆ្វេង​និយម​។​ឆ្នាំ​២០១៨​ក្រុម​ជ្រុលនិយម​អ៊ីស្លាម ក្រុម​បះបោរ​ជាតិនិយម និង​ក្រុម​ឆ្វេង​និយម នឹង​នៅតែ​ជា​ប្រភព​នៃ​អំពើហិង្សា​និង​អំពើ​ភេរវកម្ម​ដដែល​នៅក្នុង​ប្រទេស​ភាគច្រើន​។​

​វិបត្ដិ​ហិរញ្ញវត្ថុ​

ការធូរស្រាល​ឡើងវិញ​ក្រោយ​ជួប​វិបត្ដិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ជា​ភាព​រីករាយ​មួយ​សម្រាប់​ពិភពលោក​ទាំងមូល​។​ការ​ងើប​ឡើងវិញ​ពី​វិបត្ដិ​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ប្រមាណ​មួយ​ទសវត្ស​កន្លងមកនេះ ពិភពលោក​មាន​កំណើន​សេដ្ឋកិច្ច​លោត​ដល់​ប្រមាណ​៣.៦​ភាគរយ​។​នេះ​បើតាម​ការព្យាករណ៍​របស់ IMF​។​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​កម្រិត​ទាប​នៅក្នុង​ប្រទេស​ជឿនលឿន  ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​លោត​ឡើង​ខ្ពស់​។​

​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​កម្រិត​បំណុល​នៅ​ក្នុងប្រទេស​សេដ្ឋកិច្ច​ធំៗ ខ្ពស់ជាង​អំឡុង​មុនពេល​មាន​វិបត្ដិ​កើតឡើង ហើយ​វិបត្ដិ​ទីផ្សារ​ក៏​កំពុង​កើនឡើង​។​នៅក្នុង​ប្រទេស​ជាច្រើន​ការ​ងើប​ឡើងវិញ​នេះ​បានត្រឹមតែ​ជា​វិសមភាព​នៃ​ប្រាក់ចំណូល​ខ្ពស់​ប៉ុណ្ណោះ មិនអាច​ឆ្លើយតប​នឹង​សកលភាវូបនីយកម្ម​បាន​ទេ​។​ដោយសារតែ​ការផ្លាស់ប្ដូរ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ផលវិបាក​ដែល​មិន​រំពឹងទុក​បាន​កើតឡើង​។​

​វិបត្ដិ​នុយក្លេអ៊ែរ​

​អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ជាថ្មី បានធ្វើឲ្យ​មាន​ភាពតាន​តឹងនិង​ការយល់ច្រឡំ​ជាច្រើន​កើតឡើង​។​ដូច្នេះ​ក្នុង​ឆ្នាំ​២០១៨​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ ក៏​មិន​ប្រាកដថា​ធ្លាក់​ដល់​សូន្យ​ភាគរយ​ដែរ​។​ឆ្នាំ​២០១៧​ឃើញថា​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៦ និង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​ហោះ​ដល់​ទឹកដី​អាមេរិក​ផង​។​កូរ៉េខាងជើង​បានប្រកាស​ថា​ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ គឺជា​ទង្វើ​នៃ​សង្គ្រាម ហើយ​បាន​ប្ដេជ្ញា​ថា​នឹង​សងសឹក​វិញ​យ៉ាង​ពេញចិត្ដ​។​

​ចំណែក​ប្រធានា​ធិ​តី​អាមេរិ​កលោក​ដូណាល់ ត្រាំ បាន​បង្កើន​ការរិះគន់​ដោយ​ពាក្យសម្ដី​ធ្ងន់ៗ​ដាក់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។​សង្គ្រាមពាក្យសម្ដី​បាន​កើនឡើង​ខ្លាំង ប៉ុន្ដែ​មិន​បង្ក​ជា​សង្គ្រាមយោធា​ទេ គ្រាន់តែ​មាន​ការយល់ច្រឡំ​ខ្លះៗ​ទាក់ទង​នឹង​សង្គ្រាម​ដែល​គេ​រំពឹងថា​អាច​កើតឡើង​ក្នុង​ពេលខាងមុខ​។​ការ​បន្ដធ្វើ​សមយុទ្ធ​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង ក៏បង្ក​កំហឹង​ដល់​កូរ៉េខាងជើង​ផងដែរ​។​រីឯ​ចិន​និង​រុស្ស៊ី​បាន​ព្យាយាម​អំពាវនាវ​ឲ្យមាន​កិច្ច​ចរចា​៦​ភាគី​ឡើងវិញ ក្រោយ​ជាប់គាំង​តាំងពី​ឆ្នាំ​២០០៩​។​ដ្បិត​បច្ចុប្បន្ន​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ធូរស្រាល​បន្ដិច ប៉ុន្ដែ​នៅតែ​មើលមិនឃើញ​ពី​រឿង​អនាគត​។​

​គ្រោះមហន្ដរាយធម្មជាតិ​

​ជាមួយនឹង​ការ​រលាយ​ទឹកកក​នៅ​តំបន់​ប៉ូល កម្ពស់​ទឹកសមុទ្រ​កើនឡើង​លឿន​បំផុត​ក្នុង​រយៈពេល​ជាង​២,០០០​ឆ្នាំ ទឹកជំនន់​និង​ភាពរាំងស្ងួត​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ បាន​បំផ្លិចបំផ្លាញ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ធ្វើឲ្យ​ពួកគេ​ផ្លាស់ប្ដូរ​ទីលំនៅ​។​ក្នុង​ឆ្នាំ​២០១៨​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ នឹង​ត្រូវធ្វើ​កាន់តែខ្លាំង​ជាង​មុន ទោះបី​រង្គោះរង្គើ​ដោយសារតែ​អាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ក៏ដោយ​។​

​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំជាងគេ​លេខ​ពីរ​ក្នុង​ពិភពលោក អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្ថិតក្រោម​ការសម្រេចចិត្ដ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​។​យោងតាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ប្រទេស​ទាំងអស់​នឹងត្រូវ​រួមគ្នា​ធ្វើការ​លើ​កិច្ចព្រមព្រៀង​នេះ នៅពេល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០២០ ក្នុង​គោលបំណង​ធ្វើឲ្យ​ការ​ឡើង​កម្ដៅ​ផែនដី​ស្ថិតក្រោម​២​អង្សា​សេ​ឬ​តិច​ជាងនេះទៅទៀត​បើ​អាច​ធ្វើបាន​។​ក្រៅពីនេះ​នឹងមាន​ការត្រួតពិនិត្យ​ពី​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅតាម​ប្រទេស​នានា​ផងដែរ​។​តែ​ទោះជា​យ៉ាងណាក៏ដោយ ហានិភ័យ​នៃ​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​គ្រោះមហន្ដរាយធម្មជាតិ​នៅតែ​បន្ដ​កើតឡើង​៕

ព័ត៌មានផ្សេងទៀត