អតីត​សមាជិក​​CNRP ​ដែល​ស្និទ្ធ​​នឹង​លោក​កឹម សុខា ​ចេញមុខ​ប្រឆាំង​​លោក​សម រង្ស៊ី ​

14-01-2018 4:20 pm 7834

​អតីត​សមាជិក​បក្សប្រឆាំង​ប្រមាណ​៥០​នាក់ ដែល​ត្រូវគេ​ដឹងថា សុទ្ធតែជា​អ្នក​ស្និទ្ធ​នឹង​លោក​កឹម សុខា បានចេញ​សេចក្តីប្រកាស​ភ្លាមៗ ប្រឆាំង​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ ដែល​បង្កើតឡើង​ដោយ ក្រុម​របស់លោក​សម រង្ស៊ី ដោយ​ពួកគេ​អះអាងថា នឹងមិន​ចូលរួម ជាមួយ​ចលនា​នោះ ជាមួយ​លោក​សម រង្ស៊ី ឡើយ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ គេ​ឃើញសមាជិកជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​៣​រួប ជា​អតីត​តំណាងរាស្ត្រ គឺ លោក​សួន រី​ដា លោក ង៉ោ គឹម​ជាង និង លោក ពិន រតនា​។ ក្រៅពីនោះ ភាគច្រើន អតីត​សមាជិក​បក្សប្រឆាំង​នៅ​ក្រៅប្រទេស​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ទី​១៣ មករា ពោលគឺ​ក្រោយ​មួយថ្ងៃ​ដែល​“​ចលនា​សង្គ្រោះ​ជាតិ​”​ត្រូវបាន​ប្រកាស​បង្កើត​ឡើង​នោះ ក្រុមមន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ អះអាងថា ពួកគេ​នៅតែ​បន្ត​ការតស៊ូ​នយោបាយ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច និង​គ្រប់​កាលៈទេសៈ ហើយ​ថា ពួកគេ​មិន​ចូលរួម​ជាមួយ​ចលនា ឫ​ក្រុម​អ្នកនយោបាយ​ណាមួយ​ក្រៅតែពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។ លើសពីនេះ​ទៀត ពួកគេ​ក៏បាន​អំពាវនាវ​ដល់​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យ៉ាងណា​នៅ​មិនទាន់មាន​ប្រភព​ណាមួយ អះអាង​ពី​ភាពជាក់លាក់​នៃ​លិខិត​នេះ នៅឡើយ​ទេ​។​ប៉ុន្តែ​សម្រាប់​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយរូប​នៅ​កម្ពុជា យល់ថា លិខិត​បែកធ្លាយ​នេះ អាចជា​ការពិត​ភាគច្រើន​។​បើ​ទោះ​វា​ជា​ការពិត ក៏​លោក​គិតថា នេះ​មិនទាន់​ដល់​សញ្ញា​នៃ​ការបែកបាក់​នៅឡើយ​ទេ​។​លោក​ថា នេះ អាចជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រឆាំង ក៏​ថា​បាន​.....

សំឡេង​លោក​មាស នី​៖

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៨ ក្រុម​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បានចេញ​សេចក្តីថ្លែងការណ៍​បង្កើត​ចលនា​មួយ​ឈ្មោះ «​ចលនា​សង្គ្រោះ​ជាតិ​»​។ សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ចលនា​នេះ​បង្កើតឡើង ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ ទាមទារ​ឲ្យមាន​ការដោះលែង លោក កឹម សុខា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។​ចលនា​នេះ​ដឹកនាំ​ដោយ លោក សម រង្ស៊ី​, លោក អេង ឆៃអ៊ាង​, លោកស្រី មូ សុខ​ហួរ​, លោកស្រី ជូ​ឡុង សូ​មូរ៉ា ជាដើម​៕

 

ព័ត៌មានផ្សេងទៀត