ខួប៣៣​ឆ្នាំ​នៃ​ការឡើង​កាន់តំណែង​៖លោក ហ៊ុន សែន នៅតែជាបុរស​ខ្លាំងរបស់​កម្ពុជា​

14-01-2018 3:00 pm 1434
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

នៅថ្ងៃនេះទី១៤ មករា ឆ្នាំ២០១៨ គឺជាខួប៣៣ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោក ហ៊ុន សែន។សព្វថ្ងៃលោកនាយករដ្ឋមន្ត្រី ត្រូវមហាជនជាច្រើនប្រសិទ្ធនាមថាជា«បុរសខ្លាំងរបស់កម្ពុជា» ព្រោះលោកមានឥទ្ធិពលខ្លាំងក្នុងការដឹកនាំប្រទេសកម្ពុជា។ជាមួយនឹងខួបនៃថ្ងៃឡើងកាន់តំណែងរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី បានអះអាងថា បានតស៊ូការលំបាកជាច្រើនរួមទាំងយកអាយុជីវិត ធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីសង្គ្រាម ការប្រឹងប្រែងទាំងនេះ បានជួយកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ 

ថ្ងៃទី១៤ មករា ១៩៨៥ - ១៤ មករា ២០១៨ នេះគឺជាគម្រប់ខួបទី៣៣ ឆ្នាំនៃការឡើងកាន់អំណាចដឹកនាំប្រទេសកម្ពុជារបស់បុរសខ្លាំងលោក ហ៊ុន សែន ដើម្បីធ្វើជានាយករដ្ឋមន្ត្រី។កាលពី៣៣ឆ្នាំមុននៅថ្ងៃនេះ រដ្ឋសភាជាតិ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។សព្វថ្ងៃលោក ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា បានចំនួន៥អាណាត្តិ ហើយលោកត្រូវបានគេឲ្យឈ្មោះថា ជាមេដឹកនាំប្រទេសរយៈពេលយូមួយរូប នៅក្នុងតំបន់អាស៊ានផងដែរ។

ជាការគត់សម្គាល់ ក្នុងថ្ងៃចួបឡើងកាន់តំណែងរបស់លោកនាយករដ្ឋមន្ត្រី គេឃើញមាន មន្ត្រីអ្នក មុខ អ្នកការ ជាច្រើនបានផ្ញើសារអបអរសាទរ និងជូនពរលោកជាបន្តបន្ទាប់។ បន្ថែមលើពីនេះ មន្ត្រីទាំងអស់នោះ ក៏បានលើកសរសើរអំពីស្នាដៃរបស់លោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាច្រើនឆ្នាំកន្លងមកនេះ។

ដោយឡែកសម្រាប់លោក ហ៊ុន សែន ខ្លួនឯង ក៏បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ លោកបានតស៊ូការលំបាកជាច្រើន ដោយត្រូវយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេសជាតិចេញពីសង្គ្រាម និងអភវិឌ្ឍកសាងប្រទេសជាតិឲ្យមានការរីកចម្រើន។លោកបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោក កម្ពុជាបានក្លាយជាប្រទេសមានកម្រិតចំណូលមធ្យមកម្រិតទាប ហើយនឹងឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បច្ចុប្បន្នលោកមានគោរមងារជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន-សែន ហើយបច្ចុប្បន្នលោកជាមេដឹកនាំដ៏សំខាន់មួយរូប ក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។តាមឯកសារប្រវត្តិសាស្ត្រ បានបញ្ជាក់ថា កាលពីឆ្នាំ១៩៧៩ លោកបានដឹកនាំទ័ពដែលមានការចូលរួមពីទ័ពភាគីប្រទេសវៀតណាម ដើម្បីផ្តួលរលំរបបខ្មែរក្រហម។ចាប់ពីពេលនោះមក លោកបានក្លាយជាមនុស្សម្នាក់ ដែលមានឥទ្ធិពល និង កេរ្តិ៍ឈ្មោះល្បីល្បាញមួយរួប នៅក្នុងប្រទេសកម្ពុជា។សព្វថ្ងៃលោកត្រូវបានគេប្រសិទ្ធនាមថាជា«បុរសខ្លាំងរបស់កម្ពុជា»។

តែទោះយ៉ាងណាក្តី ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ ក៏ត្រូវបានមតិមួយចំនួនរិះគន់ផងដែរថា បានប្រើអំណាចរបស់ខ្លួនដើម្បីក្រុមបក្សពួក និងគ្រួសារ ក្នុងចេតនារក្សាអំណាច។ បើតាមការអះអាងរបស់អ្នកវិភាគខ្លះ លើកឡើងថា លោកនាយករដ្ឋមន្ត្រី ប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីវាយប្រហារគួប្រកួត។ គូប្រកួតណាដែលប្រឆាំងលោក ហ៊ុន សែន គូប្រកួតនោះនឹងត្រូវខ្ទេចជាច្រើនបំណែក។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ធ្លាប់បានហៅយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែនថា «បំបែក បំបាក់ ដើម្បីធ្វើការត្រួតត្រា» ហើយក្នុងនោះក៏មានយុទ្ធសាស្ត្រចំនួន៣ទៀត គឺទី១សូក ទី២សំឡុត និងទី៣សម្លាប់។ យុទ្ធសាស្ត្រអស់នេះ លោក កឹម សុខា អះអាងថា លោក ហ៊ុន សែន ប្រើប្រាស់ជានិច្ច ដើម្បីរក្សាអំណាច។

ប៉ុន្តែសម្រាប់អ្នកជំនាញខ្លះទៀត កោតសរសើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា ជាមនុស្ស ដែលមានភាពវៃឆ្លាត ក្នុងការដឹកនាំប្រទេស និងការរក្សាអំណាចរបស់ខ្លួន បើទោះបីជាគូប្រកួតរបស់លោកជាមនុស្សចេញពី ត្រកូលក្សត្រក្តី សុទ្ឋតែត្រូវបានចុះចាញ់ក្រោយកណ្តាប់ដៃរបស់លោកទាំងអស់។

ក្រោមការដឹកនាំរបស់លោក អ្នកជំនាញកត់សម្គាល់ឃើញនូវសមិទ្ធផលធំៗចំនួន០៤គឺ ១. ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ។២. ការនាំមកនូវសន្តិភាពពេញលេញជូនប្រជាជាតិកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់លោក និងរក្សាបាននូវស្ថិរភាពនយោបាយ ឯកភាពជាតិ។៣. ការអភិវឌ្ឍលើគ្រប់វិស័យដែលកំពុងមាននៅកម្ពុជានាពេលបច្ចុប្បន្ន។៤. ការនាំមកនូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលកម្ពុជាកាន់តែមានតួនាទីសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។គេរំពឹងថា នៅពេលអនាគត លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចត្រូវបានប្រវត្តិសាស្ត្រកម្ពុជាកត់ត្រាទុកជា “វីរបុរសជាតិ” ក៏ថាបាន៕ 

ព័ត៌មានផ្សេងទៀត