រដ្ឋាភិបាល​ទុយ​នេ​ស៊ី​សម្រេច​ធ្វើកំណែទម្រង់​ក្រោយ​ផ្ទុះ​ការតវ៉ា​

14-01-2018 2:55 pm 156
កិច្ចប្រជុំដោះស្រាយវិបត្តិដោយមានការចូលរួមពីប្រធានាធិបតីទុយនេស៊ីកាលពីថ្ងៃសៅរ៍

​ដើម្បី​ដោះស្រាយ​វិបត្តិ​ចំពោះមុខ រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ទុយ​នេ​ស៊ី Beji Caid Essebsi បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយមាន​ការចូលរួម​ពី​ប្រធានាធិបតី​ទុយ​នេស៊ី តំណាង​គណបក្សនយោបាយ សហជីព​ដ៏​មាន​ឥទ្ធិពល UGTT និង​សហព័ន្ធ​និយោជក UTICA នៅ​វិមាន​ប្រធានាធិបតី កាលពី​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៨ ​។ បន្ទាប់ពី​ឆ្លងកាត់​ការពិគ្រោះ​យោបល់ អស់​រយៈពេល​២​ម៉ោង រដ្ឋាភិបាល​បាន​សម្រេចចិត្ត ធ្វើកំណែទម្រង់ លើ​ការថែទាំ​សុខភាព និង​បង្កើន​ជំនួយ​ដល់​ជនក្រីក្រ ដែលជា​ផ្នែក​មួយ នៃ​ការកែលម្អ​សង្គម​ឲ្យ​កាន់​តែប្រសើរ​។ 

​រដ្ឋមន្ត្រី​សង្គមកិច្ច លោក Mohamed Trabelsi បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ជំនួយ​សម្រាប់​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត នឹង​កើនឡើង​។ ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​គ្រួសារ​ចំនួន​២៥០ ០០០​គ្រួសារ​។ ក្រៅពីនោះ រដ្ឋាភិបាល​នឹង​ផ្តល់​លំនៅដ្ឋាន ដល់​គ្រួសារ​ដែល​ជួបប្រទះ​នូវ​ការលំបាក​ផងដែរ​។  

​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​ឲ្យដឹងថា ផែនការ​កែទម្រង់​នេះ បាន​ដាក់ជូន​សភា​ហើយ ដែល​នឹងត្រូវ​ពិភាក្សា ក្នុងអំឡុង​រយៈពេល​មួយ​សប្តាហ៍​។ យ៉ាងណា មិន​បានបង្ហាញ​ពី​កញ្ចប់​ថវិកា ដែល​ត្រូវ​បានដាក់ឲ្យ​ប្រើប្រាស់ នៅក្នុង​ផែនការ​កំណែទម្រង់​ថ្មី​នេះ​ទេ​។​

​ផែនការ​កែទម្រង់​ថ្មី​នេះ ធ្វើឡើង​ដើម្បី​ពន្លត់ភ្លើង​កំហឹង​របស់​ប្រជាពលរដ្ឋ ដែល​បាន​ប្រមូលផ្តុំ​តវ៉ា ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​ដំឡើង​ពន្ធ​លើ​តម្លៃ​ទំនិញ រួម​នឹង​ការទាមទា​រឲ្យបរិច្ចាក​ប្រាក់​សម្រាប់សង្គម ដែល​កញ្ចប់​ថវិកា​ថ្មី ត្រូវបាន​ប្រកាស​កាលពី​ដើមឆ្នាំ​២០១៨​នេះ​។ នៅក្នុង​ការតវ៉ា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បណ្តាលឲ្យ​មនុស្សជាង​៨០០​នាក់​ត្រូវបាន​ចាប់ខ្លួន និង​សមាជិក​សន្តិសុខ​៩៧​នាក់​រងរបួស ប៉ុន្តែ​មិនបាន​បញ្ជ​ក់ថា ក្រុមបាតុករ​ប៉ុន្មាន​នាក់ បាន​រងរបួស​នៅក្នុង​ការតវ៉ា​នេះ​នោះទេ​។​

​ការិយាល័យ​សិទិ្ធមនុស្ស របស់​អង្គការសហប្រជាជាតិ បាន​សម្តែង​នូវ​ការព្រួយបារម្ភ កាលពី​ថ្ងៃ​សុក្រ ក្រោយ​មានការ​ចាប់ឃុំខ្លួន​មនុស្ស​ជាច្រើន​នាក់​។ ប៉ុន្តែ​ប្រធានាធិបតី​ទុយ​នេ​ស៊ី បាន​ចោទប្រកាន់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ថា បាន​ប​ពង្រីក​ព្រឹត្តិការណ៍​តវ៉ា​នេះ ដែល​ធ្វើឲ្យ​មានភាព​រំជើបរំជួល​កាន់តែខ្លាំង និង​ធ្វើឲ្យប៉ះពាល់​ដល់​រូបភាព​របស់​ប្រទេស​នេះ​៕


ព័ត៌មានផ្សេងទៀត