លោក​ហ៊ុន សែន​ ប្រកាស​​ធ្វើជា​​ប្រធាន​មូលនិធិ​​មន្ទីរពេទ្យ​​គន្ធបុប្ផា​​

14-01-2018 2:38 pm 2594

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចជា​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រត់​តាក់ស៊ី សរុប​ជិត ៥​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៨​នេះ លោក​ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​ថា ពេល​អត់​ពី​លោក Beat Richner ទៅ លោក​មិនឲ្យ មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ព្យាបាល​កុមារ​កម្ពុជា​រាប់លាន​នាក់ ដួល​រំលំ​នោះទេ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​យ៉ាងណាឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដំណើរការ​បន្ត នឹង​បង្កើត​មូលនិធិ​គន្ធបុប្ផា​មួយទៀត​នៅ​កម្ពុជា ដោយ​លោក​នឹងធ្វើ​ប្រធាន​នៃ​មូលនិធិ​នេះ​។​លោក​ថា នឹង​មិនឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ដួល​រំលំ​នោះទេ បើទោះជា​អត់​ពី​លោក Beat Richner ក៏ដោយ​។​

​លោក​ប្រកាស​ក្តែង​ថា រាជរដ្ឋាភិបាល​ត្រូវតែ​បន្ដ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​រស់ ជាមួយនឹង​ការផ្ដល់​ចំណែក​កាន់តែ​ធំ​ទៅ​មន្ទីរពេទ្យ មាន​មូលនិធិ​គន្ធបុប្ផា​នៅ​ប្រទេ​សស្វី​សមួយ​ហើយ តែ​យើង​នឹង​បង្កើត​នូវ​មូលនិធិ​គន្ធបុប្ផា​នៅ​កម្ពុជា​មួយទៀត ។​លោក​ថា លោក​នឹងធ្វើ​ប្រធានកិត្តិយស​នៃ​មូលនិធិ​នេះ ដើម្បី​ប្រមូល​ធនធាន​ឲ្យ​កាន់តែច្រើន​សម្រាប់ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ការព្យាបាល​កុមារ​កម្ពុជា​រាប់លាន​នាក់​។​

​បើ​គិត​ត្រឹម​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺមាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បើកទ្វារ​ផ្តល់​សេវា​ព្យាបាល​កុមារ​មាន​ជំងឺ និង​ស្ត្រី​មាន​ផ្ទៃពោះ នៅ​កម្ពុជា​។ រយៈពេល​២៥​ឆ្នាំនេះ មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​សរុប ១៦,៨២២,២២៥​ករណី​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ មន្ទីរពេទ្យ​គន្ធបុប្ផា​បានឲ្យដឹងថា រយៈពេល​២៥​ឆ្នាំនេះ ខ្លួន​ចំណាយ​ថវិកា​សរុប ៦៣២​លាន​ដុល្លារ​។ ២៥​ឆ្នាំនេះ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១,៨៥៣,៥១០​ករណី ត្រូវបាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ ២៤៥,៥៩១​នាក់ បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​គន្ធបុប្ផា​ទី​៣)៕


ព័ត៌មានផ្សេងទៀត