មនុស្ស​៤​នាក់​មាន​ទោស​ព្រោះ​ចោទ​លោក ហ៊ុន សែន ថា​សម្លាប់​លោក កែម​ ឡី​

14-01-2018 2:11 pm 3171
(រាប់ពីឆ្វេង)អ្នកស្រី ថាក់ ឡា​នី លោក សម រង្ស៊ី លោក គឹម សុខ និងអ្នកស្រី ហ៊ី​ន វ៉ាន់​ស្រី​ពៅ

​យុត្តិធម៌​សម្រាប់​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី ត្រូវបាន​គេ​មើលឃើញ​ពី​រ​ផ្លូវ​ខុសគ្នា​។ សម្រាប់​រដ្ឋាភិបាល ការផ្តន្ទាទោស​បុរស​តែ​ម្នាក់​ដែល​បាន​សារភាព​ថា​ខ្លួន​ជា​ឃាតករ ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត គឺជា​យុត្តិធម៌​។ ដោយឡែក​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​មួយចំនួន នៅ​តែ​ទាមទារ​ឲ្យ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ និង​ខ្លះ​បាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់លោក កែម ឡី​។ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​បែប​នេះ មាន​មនុស្ស​ចំនួន​៤​នាក់​ហើយ ត្រូវបាន​តុលាការ​កម្ពុជា សម្រេច​ផ្តន្ទាទោស​ជា​ផ្លូវការ តាម​បណ្ដឹង​របស់​នាយក​រដ្ឋមន្ត្រី​។

​រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​ករណី​ឃាតកម្ម​ទៅលើ​លោក​កែម ឡី ជា​អ្នកវិភាគ និង​ស្រាវជ្រាវ​បញ្ហា​សង្គម គឺមាន​តែ​បុរស​ម្នាក់​គត់ ឈ្មោះ​អឿ​ត អាង ហៅ​ជួប​សម្លាប់ ដែល​អះអាងថា​ជា​ឃាតករ ត្រូវបាន​ផ្ដន្ទាទោស​។ ដោយឡែក​អ្នកនយោបាយ អ្នកវិភាគ និង​ពលរដ្ឋ ចំនួន​៤​នាក់ ផ្សេងទៀត ត្រូវបាន​កាត់ទោស​ជា​បន្តបន្ទាប់ ព្រោះតែ​ការចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

​អ្នក​ទាំង​៤​នោះ​រួមមាន​៖

១. អ្នកស្រី ថាក់ ឡា​នី អតីស​មាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវបាន​តុលាការ​កម្ពុជា ចោទ​ពី​បទ «​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់​ដល់​សន្តិសុខ​សង្គម​» កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ អ្នកស្រី​ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល និង​សងជំងឺចិត្ត​លោក ហ៊ុន សែន ១០០​រៀល​ផង​ដែរ​។ ការផ្តន្ទាទោស​នេះ​ធ្វើឡើង ក្រោយ​មាន​ការផ្សព្វផ្សាយ​វីដេអូរ​ក្លី​បប្រមាណ​២​នាទី ដែល​អ្នកស្រី ថាក់ ឡា​នី បាន​លើកឡើង​ថា​៖ «​លោក ហ៊ុន សែន នៅ​មិន​នៅ ចុះឡើងៗ ទៅ​បាញ់​លោក កែម ឡី អ្នកវិភាគ​នយោបាយ​»​។ ក្រោយ​រង​បណ្ដឹង​ពី​នាយក​រដ្ឋមន្ត្រី អ្នកស្រី ថាក់ ឡា​នី បកស្រាយ​ថា វីដេអូរ​នោះ គឺជា​ការ​កត់​ត​។ រហូតមកដល់​ពេលនេះ អ្នកស្រី​កំពុង​ភៀសខ្លួន​នៅឯ​ក្រៅប្រទេស​។​

២.​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ភ្លាមៗ​ក្រោយ​លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ថា​ឃាតកម្ម​លើ​លោក កែម ឡី គឺជា​ការរៀបចំ​ដោយ​រដ្ឋអំណាច​។ ក្រោយមក​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧ លោក​សម រង្ស៊ី ត្រូវបាន​តុលាការ​ចោទ​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ លោក​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគា ១​ឆ្នាំ​៨​ខែ ពិន័យ​ចូល​រដ្ឋ​១០​លាន​រៀល និង​សងជំងឺចិត្ត​លោក ហ៊ុន សែន ១០០​រយ​រៀល​។ ប​ច្ចុន្ន​ប្បលោក សម រង្ស៊ី កំពុង​រស់​នៅ​ក្រៅប្រទេស និង​រង​បណ្ដឹង​ផ្សេងៗ​ទៀត​សរុប​ប្រមាណ​១០​ករណី​។​

៣.​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ធ្លាប់​ធ្វើ​អធ្បាធិប្បាយ​ថា គណបក្ស​ប្រជាជន ជា​អ្នក​សម្លាប់​លោក កែម ឡី និង​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​វែកមុខ​រក​ឃាតករ​មិនឃើញ​។ ក្រោយមក លោក ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង និង​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ លោក គឹម សុខ ត្រូវបាន​តុលាការ​ផ្តន្ទាទោស កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង សងជំងឺចិត្ត ដល់​លោក ហ៊ុន សែន​ចំនួន​១០០​លាន​រៀល​។ ប​ច្ចុន្ន​ប្បលោក គឹម សុខ កំពុង​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​។​

៤. ស្ត្រី​ឈ្មោះ ហ៊ី​ន វ៉ាន់​ស្រី​ពៅ អាយុ​៣៧​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ក្រោយ​ចោទ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ ថា​សុទ្ធតែជា​ឃាតករ និង​មាន​បាតដៃ​ប្រឡាក់​ឈាម​លោក កែម ឡី​។ ការលើកឡើង​បែប​នេះ​ធ្វើឡើង​នៅ​ពេល​អ្នកស្រី ចូលរួម​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​មរណៈភាព​លោក​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​។ តុលាការ​បាន​សម្រេច​កាត់ទោ​សស្ត្រី​រូបនេះ ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដាក់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​១​លាន​រៀល​។ ប​ច្ចុន្ន​ប្បន្ន អ្នកស្រី​កំពុង​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​។​

​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​សង្គម​ដ៏​ល្បីល្បាញ ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្ដារ​ម៉ា​ត ស្ថានីយ​ប្រេង​ឥន្ថនៈ​កាលតិ​ច ស្ដុប​បូកគោ​។ សំណុំរឿង​ឃាតកម្ម​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ខណៈ​វីដេអូ​កា​រ៉ា​សុវត្ថិភាព​នៃ​ការបាញ់ប្រហារ មិន​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នោះ​ឡើយ បើ​ទោះ​មាន​ការទាមទារ​ពី​មហាជន​ក្ដី​។ យ៉ាង​ណា​តុលាការ​បាន​ផ្តន្ទាទោស បុរស​ឈ្មោះ អឿ​ត អាង ដាក់​ពន្ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទ «​ឃាតកម្ម​គិត​ទុកជាមុន និង កាន់កាប់​អាវុធ​ខុសច្បាប់​»៕


ព័ត៌មានផ្សេងទៀត