ក្រសួង​ការងារ​បង្ហាញ​៤​ចំណុច​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សម្រាលកូន​បាន​ឆាប់រហ័ស​

14-01-2018 11:40 am 159

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​និយោជក និង​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន និង​បុគ្គលិក កម្មករ និយោជិត ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​រួច​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​( ប​.​ស​.​ស​) ឲ្យបាន​ដឹង​ថា បច្ចុ្បន្ន ប​.​ស​.​ស បាន​នឹង​កំពុង​បើក​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មករ និយោជិត ពេល​សម្រាលកូន​ទូទាំង ២៥ រាជធានី ខេត្ត​។​ទន្ទឹមនឹង នោះ​ដែរ កន្លងមក ប​.​ស​.​ស បាន​រកឃើញ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ការបើក​ប្រាក់ឧបត្ថម្ភ ដែល​កន្លែង​ខ្លះ​មាន​ភាពយឺតយ៉ាវ ដោយសារតែ​ខ្វះ​ឯកសារ និង​ខ្វះ​ព័ត៌មាន​ពី​ការ​សម្រាលកូន​។​

​តាមរយៈ​សេចក្តីជូនដំណឹង ប​.​ស​.​ស នៃ​ក្រសួង​ការងារ ក៏​បាន​បញ្ជាក់បន្ថែម​ថា ដើម្បីឲ្យ​ការបើក​ប្រាក់​ឧបត្ថម្ភ​នេះ មាន​ប្រសិទ្ធភាព និង​រហ័ស ជូន​កម្មករ​និយោជិត ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ សូម​ណែនាំ​អំពី​បែបប​ទ និង​នីតិវិធី​មួយ​ចំនួន​ដល់​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន បុគ្គលិក កម្មករ​និយោជិត និង​មូលដ្ឋាន​សុខាភិបាល​ដូចខាងក្រោម​៖

     ​-​សាមីខ្លួន​ត្រូវ​ភ្ជាប់​មក​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់​

   ​-​សាមីខ្លួន​ត្រូវ​ភ្ជាប់​មក​នូវ​ប័ណ្ណសមាជិក ប​.​ស​.​ស ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​

   ​-​សាមីខ្លួន ឬ​សាច់ញាតិ ត្រូវ​ជូនដំណឹង​មក ប​.​ស​.​ស តាមរយៈ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​១២៨៦ ពេល​ចូល​ទៅ​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស

   ​-​ស្នើ​មូលដ្ឋាន​សុខាភិបាល​ទាំងអស់ ផ្តល់​កិច្ច​សហការ និង​ព័ត៌មាន ដល់​មន្ត្រី​សាខា ប​.​ស​.​ស នៅតាម​ស្នាក់ការ ប​.​ស​.​ស រាជធានី ខេត្ត ខណ្ឌ អំពី​ការ​ទៅ​ទទួល​សេវា​សម្រាលកូន​ក្នុង​មូលដ្ឋាន​សុខាភិបាល​របស់​ខ្លួន​។​

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​កម្មការិនី​ដែល​សម្រាលកូន​ម្នាក់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ម៉ឺន​រៀល​,​សម្រាល​បាន​កូនភ្លោះ​ពីរ​នឹង​ទទួលបាន​ប្រាក់​៨០​ម៉ឺន​រៀល និង​សម្រាល​បាន​កូនភ្លោះ​បីនាក់ នឹង​ទទួលបាន​ថវិកា​១​លាន​២០​ម៉ឺន​រៀល ពី​រាជរដ្ឋាភិបាល​៕


ព័ត៌មានផ្សេងទៀត