កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ​ជួបពិភាក្សា​ជាថ្មី​នៅ​ថ្ងៃទី​១៥​ខែ​មករា​

14-01-2018 11:34 am 268

​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀង​ជួប​ពិភាក្សាគ្នា ជាថ្មីទៀត​នៅ​ថ្ងៃទី​១៥​ខែ​មករា ដើម្បី​ចរចា​អំពី​ការបញ្ជូន​ក្រុម​សិល្បៈ របស់​កូរ៉េខាងជើង ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា ដែល​រៀបចំ​ដោយ​កូរ៉េខាងត្បូង​នា​ខែក្រោយ​។ នេះ​បើតាម​ការឲ្យដឹង ពី​ក្រសួង​បង្រួបបង្រួម​របស់​ទីក្រុង​សេ​អ៊ូ​ល​។​

​ក្រសួង​ដដែល​នេះ បានឲ្យដឹង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​មួយថា រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង​លោក Cho Myung-kyun នឹង​ដឹកនាំ​គណៈប្រតិភូ ដើម្បី​ជួបចរចា ស្តីពី លទ្ធភាព​របស់​កូរ៉េខាងជើង នៅក្នុង​ការបញ្ជូន​ក្រុម​សិល្បៈ​របស់ខ្លួន ទៅ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង​។​

​ការជួបពិភាក្សា​នេះ​នឹង​ធ្វើឡើង បន្ទាប់ពី​កូរ៉េ​ទាំងពីរ​បានរៀបចំ​កិច្ចពិភាក្សា​ជាន់ខ្ពស់​លើកដំបូង កាលពី​ថ្ងៃទី​៩​មករា នៅ​ប៉ាន់​មុន​ជុម ស្ថិតក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ លទ្ធផល​នៅ​ក្នុងជំនួប​នោះ ប្រទេស​ទាំងពីរ បាន​ចេញសេចក្ដីថ្លែងការណ៍​រួម បញ្ជាក់ថា កូរ៉េខាងជើង​នឹង​បញ្ជូន​អត្ដ​ព​លិក មន្ដ្រីជាន់ខ្ពស់ អ្នកគាំទ្រ និង​សិល្បករ ទៅ​ចូលរួម​និង​សម្ដែង​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​រដូវរ​ងារ​នៅ​ទីក្រុង PyeongChang​ប្រទេស​កូរ៉េខាងត្បូង​។ កូរ៉េ​ទាំងពីរ​នឹង​បើក​កិច្ចពិភាក្សា​យោធា​ផងដែរ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ផ្លាស់ប្ដូរ​ឡើងវិញ​នៅក្នុង​វិស័យ​ផ្សេងៗ​។ បន្ថែម​លើ​នេះ កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​មានបំណង​នឹង​ដោះស្រាយ​បញ្ហា​ទ្វេភាគី​ទាំងអស់ តាមរយៈ​ការសន្ទនា​ក្នុងនាម​ជា​ជាតិ​សាសន៍​តែមួយ​។​

​គួរ​ជម្រាបជូន​ថា អស់​រយៈពេល​២​ឆ្នាំ​មកហើយ បងប្អូន​កូរ៉េ​ទាំងពីរ មិនដែល​បាន​ជួបចរចា​ផ្លូវការ​ម្តងណា​ឡើយ ហើយ​មូលហេតុ​ចម្បង​ដែល​រាំងស្ទះ​ដល់​ការពិភាក្សា ដោយសារ​បញ្ហា កម្មវិធី​នុក្លេអ៊ែរ​កូរ៉េខាងជើង​។ គេ​រំពឹងថា តាមរយៈ​ការចរចា​ពី​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នេះ នឹង​នាំឲ្យមាន​ជំនួប​បន្ត​បន្ទាប់ទៀត ដែល​អាច​ឈានទៅរក​ការចរចា ដែល​អាចធ្វើ​ទំនាក់ទំនង​បងប្អូន​កូរ៉េ​ទាំងពីរ មាន​ភាព​កាន់តែ​ល្អ​ប្រសើរឡើង​៕

ព័ត៌មានផ្សេងទៀត