លោក​សម រង្ស៊ី ​បង្ហាញ​​អត្ថប្រយោជន៍​​នៃ​ការបង្កើត​​ចលនា​​សង្គ្រោះ​ជាតិ​​

14-01-2018 10:52 am 1611

​ថ្នាក់ដឹកនាំ សមាជិក និង​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅឯ​ក្រៅប្រទេស បាន​រួមគ្នា​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​មួយ​ដែលមាន​វត្តមាន​របស់​លោក​សម រង្ស៊ី និង​អ្នក​ដែល​ស្និទ្ធ​នឹង​រូបលោក ដូចជា​លោក​អេង ឆៃអ៊ាង និង​លោកស្រី​មូរ សុខ​ហួរ ជាដើម​។ 

តាម​ការលើកឡើង​ពី​លោក​សម រង្ស៊ី ដែល​គេ​គិតថា ជា​អ្នកមាន​ឥទ្ធិពល​បំផុត​នៅក្នុង​ក្រុម​នេះ បញ្ជាក់ថា ពេលនេះ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​រងា តែលតោល និង​ស្រពិចស្រពិល​ពី​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក​កឹម សុខា ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ ហើយ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​រំលាយ និង​ត្រូវបាន​គេ​ដកតំណែង​ទាំងអស់ ដែល​បានមកពី​ការបោះឆ្នោត ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់មូលដ្ឋាន​។ ដូច្នេះ លោក​ត្រូវតែ​ផ្តួចផ្តើម​គំនិត​ថ្មី​មួយ និង​រក​ដំណោះស្រាយ​មួយ ដើម្បី​លើកទឹកចិត្ត និង​បំផុសបំផុល​ឡើងវិញ កម្លាំង​ស្នេហា​ជាតិ និង​កម្លាំង​ប្រជាធិបតេយ្យ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព នៃ​ការតស៊ូ ក្នុងដំណាក់កាល ដ៏​លំបាក​នេះ​។​

លោក​សម រង្ស៊ី​ថា ចលនា​សង្គ្រោះ​ជាតិ​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​គិតថា ជា​ក្របខណ្ឌ​ថ្មី​មួយ គ្មាន​នរណា​អាច​ប៉ះពាល់​បាន ហើយ​គ្មាន​នរណា​អាចរំលាយ​បាន សូម្បីតែ​លើ​ក្រដាស​ក៏ដោយ​។ ចលនា​នេះ​ក៏​អាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ រៀបចំ​ធ្វើបាតុកម្ម និង​កូដកម្ម ហើយ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ឈរ​ខាង​ប្រជារាស្ត្រ កុំឲ្យ​ឈរ​ខាង​ជន​ផ្តាច់ការ​។​វា​ក៏​ជា​ផ្តល់​ភាពកក់ក្តៅ និង​សេចក្តីសង្ឃឹម​ឡើងវិញ ដល់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្តសកម្មភាព​របស់ខ្លួន តាម​រូបភាព​ថ្មី​មួយ ដែល​ខ្លាំង​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​មុន​ទៅទៀត​។​

​លោក​សម រង្ស៊ី និយាយ​ដោយ​ការ​ជឿជាក់ថា ចលនា​សង្គ្រោះ​ជាតិ នឹង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ច្រើនជាង​មុន​ទៅទៀត ពីព្រោះ​រូប​ភាពជា​ចលនា​នេះ អាច​ទទួល​សមាជិក ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដូចជា​សង្គម​ស៊ីវិល ដែល​មិនអាច​ធ្វើជា​សមាជិក​គណ​បក្សនយោបាយ​ណាមួយ​បានទេ​។​លោក​ថា ចលនា​សង្គ្រោះ​ជាតិ នឹង​ជំរុញ ឲ្យមាន​ការដោះលែង​លោក​កឹម សុខា និង​អ្នកទោស​មនសិកា​រទាំង​អស់ ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​មាន​សិទ្ធិសេរីភាព​ពេញលេញ ហើយ​ឲ្យមាន​ការបោះឆ្នោត ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ មានន័យថា ត្រូវតែមាន​ការចូលរួម​ដាច់ខាត ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​លោក​នៅតែ​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រស់​ឡើងវិញ និង​ទទួលបាន​ជ័យជម្នះ ក្នុង​ការបោះឆ្នោត​ខាងមុខ យ៉ាង​ពិតប្រាកដ​។​

យ៉ាងណា​រហូតមកដល់​ពេលនេះ វិទ្យុ​វាយោ នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​ក្រសួងមហាផ្ទៃ លើ​ចំណាត់ការ​ផ្លូវច្បាប់ នៃ​ក្រុម​ចលនា​ខាងលើនេះ បាន​យ៉ាងណា​នៅឡើយ​ទេ​។ ពីព្រោះ​លោក​សម រង្ស៊ី គឺជា​ទណ្ឌិត ដែល​កំពុង​វណ្ឌ​កដោយ​បណ្តឹង​ជាច្រើន និង​អ្នក​ឯទៀត​នៃ​ចលនា​នេះ សុទ្ធតែ​ត្រូវបាន​ហាម​ធ្វើ​សកម្មភាព​នយោបាយ ដោយ​អំណាច​សាលក្រម​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​។​

​ប៉ុន្តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ចលនា​ថ្មី​របស់​មន្ត្រី​អតីត​បក្សប្រឆាំង​នេះ​ថា ជា​អង្គការ​ចាត់តាំង​ឧទ្ទាម​និយម​ក្រៅច្បាប់​។ លោក​សុខ ឥសាន និយាយថា ការបង្កើត​ចលនា​នេះ គឺ​គ្រាន់តែ​ជាការ​បំភាន់​មតិ​មហាជន​ឲ្យ​យល់​ថាខ្លួន​នៅ​ខ្លាំង​ហើយ​មាន​ថាមពល​ដើម្បី​វិល​ត្រឡប់មក​ក្នុងប្រទេស​កម្ពុជា​វិញ​តែប៉ុណ្ណោះ​។ លោក​ព្រមាន​ថា រាជរដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​និង​ពេញសិទ្ធិ​ក្នុង​ការចាត់វិធានការ​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ​នេះ​ដែល​លោក​ហៅថា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះ​៕

 

ព័ត៌មានផ្សេងទៀត