យុវជន​កំព្រា​ម្នាក់​សម្ងំ​ខ្លួន​ផលិត​ស្បែកជើង​ទាំងចាស់​-​ថ្មី​ដោយ​ដៃ​នៅ​ស្ទឹងមានជ័យ​

13-01-2018 6:11 pm
លោកលឹម ហ៊ី កំពុងដេរបាតស្បែកជើង ភ្ជាប់ជាមួយស្បែក ខ្សែស្បែកជើង បន្ទាប់ពីបិទកាវហើយ ។ រូបថតដោយ គង់ ឧត្តម ។

​លោក​លឹម ហ៊ី បាន​ប្រកបរ​បរជា​អ្នក​ផលិត​ស្បែកជើង​ដោយ​ដៃ គ្រប់​ប្រភេទ តាំងពី​អំឡុង​ឆ្នាំ​២០០៩​មក ក្រោយ​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើជា​អ្នក​រើស​អេតចាយ​និង​ធ្វើ​សំណង់​ក្នុង​ឆ្នាំ​២០០១ ។ សព្វថ្ងៃ យុវជន​កំព្រា​ឪពុក​ម្តាយ​រូប​នេះ មាន​ជំងឺ​ប្រចាំកាយ ដែល​ធ្វើឱ្យ​លោក​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ដូច្នេះ​ជម្រើស​ការងារ​ល្អ​តែមួយគត់​របស់​គាត់ គឺ​អង្គុយ​នៅ​ផ្ទះ​ធ្វើ​ស្បែកជើង​បោះ​ឱ្យ​ម៉ូយ ។ លោក​ប្រាប់​ថា បច្ចុប្បន្ន​លោក​ត្រូវការ​ម៉ាស៊ីន​ម៉ូទ័រ​សម្រាប់​ខាត់​ស្បែកជើង និង​ទុនទិញ​ស្បែក និង​បាត​ទុក​ផលិត​ស្បែកជើង...

ស្តាប់បទយកការណ៍ជាសំឡេង ៖

​ក្នុង​ទី​តំបន់ ដែល​មាន​សុទ្ធតែ​គំនរ​សំរាម ពិសេស​គឺ​គំនរ​ឥដ្ឋការ៉ូ​បាក់បែក ដែល​គេ​ចាក់​ក្រាល​ពាសពេញ​ផ្លូវ និង​មាន​ចង​ខ្សែ​ហាល​សំលៀក​បំពាក់​រំយោលរយា​នៅ​តាមរប​ង​ផ្ទះ នោះ​គឺជា​ទីតាំង​មួយកន្លែង​ដែល​ជា​ទីស្នាក់អាស្រ័យ​របស់​ពលរដ្ឋ​ខ្វះខាត​មួយចំនួន ។ 

​យុវជន​ម្នាក់ កំពុង​មា​មា​ញឹក​ក្នុង​ការកែច្នៃ​ស្បែកជើង​ចាស់ៗ មក​ផលិត​ជា​ស្បែកជើង​ថ្មី ហើយ​ក៏​ផលិត​ជា​ស្បែកជើង​ថ្មី​តែ​ម្តង នៅមុខ​បន្ទប់​ឈើ​ជួល​របស់​ខ្លួន ខណៈ​ពលរដ្ឋ​ខ្លះ កំពុង​អង្គុយ​លេងបៀរ​ជា​ការកម្សាន្ត ខ្លះ​ពកូន​អង្គុយ​លើ​អង្រឹង​ជជែក​លេង​ជុំ​គ្នា​ជាមួយ​អ្នកជិតខាង ហើយ​ខ្លះ​ទៀត​ក៏​កំពុង​អង្គុយ​វាយ​បំបែក​ថ្ម​ដែល​គេ​យកមក​ចាក់ចោល​តាមផ្លូវ ដើម្បី​រើស​យក​ដែកគោល​ទៅ​លក់​ចិញ្ចឹម​ខ្លួន ។​

​អង្គុយ​បិទ​បាត​ស្បែកជើង​បណ្តើរ និយាយ​ប្រាប់​ខ្ញុំ​បណ្តើរ យុវជន​ម្នាក់​នោះ​បាន​ឆ្លៀត​ប្រាប់​ខ្ញុំ​ថា ជា​មធ្យម បើសិនជា​គាត់​អាច​រក​ទិញ​បាន​នូវ​បាត​ស្បែកជើង​ចាស់ៗ​បាន នោះ​គាត់​អាច​ផលិត​ស្បែកជើង​បាន​ចំនួន​ពី​៦-១០​គូ តែ​បើ​ពេល​ណា​អត់​បាត​ស្បែកជើង គាត់​ត្រូវ​ទៅ​រក​ទិញ​បាត​ស្បែកជើង​ថ្មី​មក​ធ្វើ​តែ​ម្តង​…
​សំឡេង​លោក លឹម ហ៊ី ៖

​អាជីវករ​ផលិត​ស្បែកជើង​លក់រាយ និង​បោះ​ដុំ​ឱ្យ​ម៉ូយ​ដោយ​ដៃ​រូបនេះ ប្រាប់​ខ្ញុំ​ថា ចំណូល​ដែល​បានមក​ពី​ការធ្វើ​ស្បែកជើង​ច្រើន​មិន​ទៀងទាត់​ទេ ដោយសារ​តែ​បញ្ហា​ជីវភាព និង​សុខភាព​លោក​ជាដើម ។ ដើមឡើយ លោក លឹម ហ៊ី បាន​រៀន​វិជ្ជា​ផលិត​ស្បែកជើង​នេះ ពី​បងថ្លៃ កាលពី​អំឡុង​ឆ្នាំ​២០០៩ ពោល​គឺ​លោក​បាន​ប្រឡូក​ចូល​ក្នុង​កិច្ចការ​នេះ ប្រមាណ​ជា​៨-៩​ឆ្នាំ​មកហើយ ។ យុវជន​វ័យ​២៨​ឆ្នាំ​រូប​នេះ ប្រាប់​ខ្ញុំ​ថា ក្រោយ​លោក​បាន​ចាកចេញ​ពី​បងថ្លៃ មក​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​មក ហាក់​មិនសូវ​មាន​ម៉ូយ​មក​យក​ទេ ព្រោះ​កន្លែង​ដែល​លោក​ស្នាក់​នៅ​ប្រកប​អាជីវកម្ម​នេះ វា​នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​…
​សំឡេង​លោក លឹម ហ៊ី ៖

​គាត់​ប្រាប់​ខ្ញុំ​ថា បច្ចុប្បន្ន គាត់​ប្រកប​របរ​តែ​ជា​អ្នក​ផលិត​ស្បែកជើង​តែមួយ​មុខ​ទេ ព្រោះ​កត្តា​សុខភាព​មិន​អំណោយផល ។ កាលដើមឡើយ គាត់​គឺ​អ្នក​រើស​អេតចាយ និង​ធ្វើ​សំណង់​ដែរ រហូត​ចាប់បាន​ជំនាញ​ជា​អ្នក​ផលិត​ស្បែកជើង​ដល់​សព្វថ្ងៃ ។​

​បើ​និយាយ​ពី​ដើមទុន​ក្នុង​ការផ្តួចផ្តើម​អាជីវកម្ម​នេះ​វិញ គឺ​លោក​បាន​សន្សំ​លុយ​ជា​ចំណូល​បាន​មក​ពី​ការ​ស៊ីឈ្នួល​គេ មួយ​ថ្ងៃ​បន្តិចៗ ទិញ​សម្ភារៈ​ប្រើប្រាស់ ដូចជា​បាត​ស្បែកជើង កាវ ស្បែក​ជា​ដើម រហូត​អាច​រក​ទិញ​បាន​ម៉ាស៊ីនដេរ​ចាស់​មួយ​ទុក​ប្រើប្រាស់​…
​សំឡេង​លោក លឹម ហ៊ី ៖

​បច្ចុប្បន្ន គាត់​អាច​ធ្វើ​ស្បែកជើង ដោយ​បោះ​ឱ្យ​ម៉ូយ​ដុំ​បាន​៣​កន្លែង គឺ​នៅ​ផ្សារ​អូរឫស្សី ចោមចៅ និង​អាជីវករ​នៅ​ក្រោយ​វត្ត​ន​ន្ទ​មុនី ស្ទឹងមានជ័យ​។ ជាទូទៅ គាត់​ធ្វើ​ស្បែកជើង​បោះ​ឱ្យ​ម៉ូយ​គិត​ជា​ថ្ងៃ យ៉ាងតិច ក៏​បាន​ពី ២-៣​គូ ដែរ ដោយ​មួយគូ គាត់​ត្រូវ​ចំណាយ​ពេល​ធ្វើ​កន្លះ​ម៉ោង ។ តែបើ​និយាយ​ពី​ចំណូល​វិញ យ៉ាងច្រើន​បំផុត គាត់​អាច​រកចំណូលបាន​ចំនួន ២​ម៉ឺន ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។ ជាមួយគ្នានេះ គាត់​ត្រូវ​ចំណាយលុយ​ជួល​បន្ទប់​ឈើ​ដែល​មាន​ទំហំ​៣​ម៉ែត្រ ៤​ជ្រុង ក្នុង​មួយ​ខែ​២០​ដុល្លារ ។​

​អង្គុយ​ចោះ​ស្បែក ខ្សែ​ស្បែកជើង​ដើម្បី​ដាក់​ម៉ូដ​បណ្តើរ គាត់​ប្រាប់​ខ្ញុំ​បណ្តើរ​ទៀតថា ចំពោះ​ការផលិត​ស្បែកជើង​របស់គាត់ គឺ​ជា​ទូទៅ ម៉ូយ​របស់​គាត់​មិន​បាន​តម្រូវ​យក​ទំហំ​ស្បែកជើង​ប៉ុណ្ណា​នោះទេ គឺ​ធ្វើ​តាម​លេខ​ពេញនិយម​ទីផ្សារ​ឱ្យ​ម៉ូយ​ប៉ុណ្ណោះ​…
​សំឡេង​លោក លឹម ហ៊ី ៖

​ប្រមាណ​ជា​៣​ឆ្នាំ ក្រោយ​លោក​ចាក​ចេញ​មក​ប្រកប​អាជីវកម្ម​តែម្នាក់ឯង​នេះ គាត់​ថា សព្វថ្ងៃ គាត់​រក​ចំណូល​ធូរ​ជាង​កាលពីមុន ដោយសារ​វា​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន ។ តែ​ក្រោយ​ពី​លោក​ចាក​ចេញ​មក​ធ្វើ​អាជីវកម្ម​ខ្លួនឯង​មក ជើង​របស់​លោក​ក៏​ចាប់ផ្តើម​ឈឺ ដោយ​ពុំ​ដឹង​ពី​មូលហេតុ វា​ចេះតែ​ស្ពឹកៗ​ទាំងសងខាង ដោយ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ព្យាបាល ជំងឺ​របស់​លោក​ក៏​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ ។​

​បុរស​កម្ពស់​ប្រមាណ ១.៦០​ម៉ែត្រ ដោយ​ខ្នង​គម​ផង​នោះ បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​ផលិត​ស្បែកជើង​ជា​ច្រើន​ពាន់​ម៉ូដ ។ ការផលិត​ជាច្រើន​ម៉ូដ​នេះ ក៏​ព្រោះ​លោក​បាន​ចម្លង​ម៉ូដ​ស្បែកជើង​ចាស់ៗ​ទុក​ធ្វើ​ជា​ពុម្ព សម្រាប់​ផលិត​ស្បែកជើង​ក្រោយៗ​ទៀត ។​

​ងាក​ទៅ​និយាយ​បក​ក្រោយ​បន្តិច លោក លឹម ហ៊ី គឺ​ជា​ក្មេង​កំព្រា​ឪពុកម្តាយ ដែល​មាន​ស្រុកកំណើត​ម​ក​ពី​ខេត្តតាកែវ ។ គាត់​បាន​ចាកចេញ​ពី​ស្រុក​កំណើត​មក​ភ្នំពេញ ដើម្បី​ប្រកប​របរ​រើស​អេតចាយ នៅ​ម្តុំ​គំនរ​សំរាម​ស្ទឹងមានជ័យ​ចាស់ ក្នុង​ឆ្នាំ ២០០១ ។ ដោយសារ​ជីវិត​បែបនេះហើយ ធ្វើឱ្យ​លឹម ហ៊ី ខកខាន​ពុំបាន​ឆ្លងកាត់​ការសិក្សា​តាំងពី​កុមារភាព​មក ។ គាត់​គឺជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៥​នាក់ ។​

​សព្វថ្ងៃ លឹម ហ៊ី ស្នាក់នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​ម្នាក់ឯង នៅ​បន្ទប់​ឈើ​ជួល​មួយកន្លែង ម្តុំ​ភូមិ​ដំណាក់​ធំ​មួយ ក្នុង​ខណ្ឌ​ស្ទឹង​មានជ័យ ។ លឹម ហ៊ី ប្រាប់​ខ្ញុំ​ថា លោក​មាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​នេះ​បន្ថែម​ទៀត​ទៅ​ថ្ងៃមុខ ។ បច្ចុប្បន្ន កត្តា​ប្រឈម​របស់​គាត់ ដែល​មិន​អាច​ធ្វើឱ្យ​គាត់​ផលិត​ស្បែកជើង​បាន​ដោយ​រលូន​នោះ គឺ​កត្តា​ជីវភាព និង​សុខភាព ។ លឹម ហ៊ី មាន​ជំងឺ​ប្រចាំកាយ គាត់​មាន​បញ្ហា​ជើង ធ្វើដំណើរ​បាន​តែ​រយៈ​ចម្ងាយ​ខ្លីៗ ជិតៗ​ប៉ុណ្ណោះ ។ ពិសេស​នោះ​គឺ គាត់​ខ្វះ​ដើមទុន​ទិញ​សម្ភារៈ​មក​ប្រើប្រាស់​ក្នុង​អាជីវកម្ម​នេះ ដូចជា បាត​ថ្មី ស្បែក និង​ម៉ូទ័​រខាត់ស្បែក​ជើង​ជាដើម ។ 

​បើសិនជា​លោក​អ្នក​មាន​បំណង​ចង់​ទាក់ទង​លោក លឹម ហ៊ី ទិញ​ស្បែកជើង​ដែល​ផលិត​ពី​ដៃ​របស់​គាត់​ផ្ទាល់ អាច​ទៅ​រក​គាត់​បាន ដែល​មាន​ទីតាំង​នៅ​ខាងក្រោយ​វត្ត​ន​ន្ទ​មុនី ក្នុង​ខណ្ឌ​ស្ទឹង​មានជ័យ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ ឬ​អាច​ទាក់ទង​គាត់​ដោយ​ផ្ទាល់​តាមរយៈ​ទូរស័ព្ទ​លេខ ០៩៦ ៥៥០ ៧៨៨៤ ឬ ០៨១ ៧២២ ៤៩២ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត