ករណីផ្ទុះ​ជម្ងឺ​ផ្តាសាយ​បក្សី​នៅ​ខណ្ឌ​សែន​សុខ ត្រូវ​បាន​ទប់ស្កាត់​ទាន់ពេល​

13-01-2018 3:11 pm 1406

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា ករណី​ជម្ងឺផ្តាសាយបក្សី H5N1 ដែល​បាន​ផ្ទុះឡើង នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​ទប់ស្កាត់ ទាន់ពេលវេលា មិន​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។

​លោក វេង សាខុន បាន​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅនេះ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ធ្វើ​វិភាគ​រកឃើញ មេរោគ​ផ្តាសាយ​បក្សី លើ​សំណាក​សត្វ​មាន់​ចំនួន ០៣​ក្បាល នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ ​បើ​ទោះបីជា​យ៉ាងណា ជម្ងឺ​ផ្តាសាយ​នេះ ត្រូវ​បាន​ទប់ស្កាត់​ទាន់ពេលវេលា មិន​មាន​ការរីក​រាល​ដា​ល ឬ​បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។

​សូមបញ្ជាក់​ថា វត្ត​មាន​វីរុស​ដ៏​កាច​សាហាវ​ផ្តាសាយ​បក្សី (H5N1)​ត្រូវបាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង នៃ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​នឹង​កំពុង​ផ្ទុះ​ឡើង​ជា​ថ្មី នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ អំពី​ការចម្លង​ជម្ងឺ​នេះ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង ក៏​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ងាប់ ទៅ​ចម្អិន​ធ្វើ​ជា​អាហារ ឬ​លក់​បន្ត​ឡើយ​។ ម្យ៉ាងវិញទៀត ត្រូវ​រក្សា​អនាម័យ​ឲ្យបាន​ជាប់​ជានិច្ច នៅពេល​បោច​សម្អាត​រោម និង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ នៅពេល​សង្ស័យ កើតមាន​នូវ​វីរុស​ផ្តាសាយ​បក្សី​។​

​របាយការណ៍ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង បានបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ ២០០៥-២០១៤ ប្រទេស​កម្ពុជា​ធ្លាប់​កើត​មាន​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី មក​មនុស្ស​ចំនួន​៥៦​ករណី ក្នុង​នោះ​ស្លាប់​៣៧​ករណី​។ ដោយឡែក​គ្រាន់តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ក្នុងនោះ​មាន ១៤​ករណី​បាន​ស្លាប់ និង ក្នុង​ឆ្នាំ​២០១៤ មាន​៩​ករណី និង ៤​ករណី​បាន​ស្លាប់​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត