លោក​ហ៊ុន សែន​​ឲ្យ​អ្នកធាក់ស៊ីក្លូ​​ចូល​​ជា​​សមាជិក​សមាគម​​ដែល​​បង្កើត​ជា​​ផ្លូវការ​​នៅ​ថ្ងៃ​នេះ​​

13-01-2018 1:43 pm 1241

​សមាគម​មូលនិធិ​អ្នកធាក់ស៊ីក្លូ​ដំបូង​នៅ​កម្ពុជា ត្រូវបាន​ប្រកាស​បង្កើត​ជា​ផ្លូវការ​ហើយ​នៅថ្ងៃនេះ​។ ជា​សមាគម​មូលនិធិ​របស់​រដ្ឋាភិបាល ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់អ្នក​ធាក់​ស៊ីក្លូ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នកធាក់ស៊ីក្លូ​ទាំងអស់ ចុះឈ្មោះ​ចូល​ជា​សមាជិក ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​សមាគម​។

​សំឡេង​លោក​ហ៊ុន សែន​៖
​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ជួប​ជាមួយ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៣០៨​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ជា​ពិធី​ដែល​បានប្រកាស​បង្កើតជា​ផ្លូវការ​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ហៅ​កាត់​ថា មូលនិធិ​ស៊ីក្លូ ដែលជា​ជំនួយ​ដំបូង​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ស​មាគ​អ្នកធាក់ស៊ីក្លូ គឺ​មិន​តម្រូវឲ្យ​បង់ប្រាក់​សមា​ជិក​ឡើយ​។ ហើយ​សមាជិក​ទាំងអស់​នឹង​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​ដូចជា ប្រាក់​ជួល​ស៊ីក្លូ​ប្រចាំថ្ងៃ​ពីរ​ពាន់រៀល ប្រាក់​អាហារ​ប្រាំ​ពាន់​រៀល និង​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដែល​ផ្តល់​ដោយ​មូលនិធិ​សមធម៌​។ ក្រៅពី​ផលប្រយោជន៍​ទាំងនេះ គឺ​សមាគម​នឹង​ពិចារណា​ក្នុង​ការផ្តល់​ការឧ​ប​ត្ត​ម្ភ​បន្ថែម​ជូន​ដល់​អ្នកធាក់ស៊ីក្លូ ដូចជា​ក្នុង​រដូវ​បុណ្យទាន​ផងដែរ​។​

​គួរ​បញ្ជាក់ថា មូលនិធិ​ស៊ីក្លូ​អាច​នឹងត្រូវ​ចំណាយ​ក្នុង​រង្វង់ ២៤​ម៉ឺន​ដុល្លារ ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ លោក​ហ៊ុន សែន ដែលជា​ប្រធានកិត្តិយស​របស់​សមាគម​មូលនិធិ​ស៊ីក្លូ បានសម្រេច​ដាក់​ថវិកា​ចូល​មូលនិធិ​ដំបូង​ប្រមាណ ១៤​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ឧបត្ថម្ភ​ប្រចាំខែ​ប្រមាណ ២​ម៉ឺន​ដុល្លារ​ថែមទៀត​។​

​ប្រមុខ​រដ្ឋាភិបាល​រូបនេះ រំពឹងថា ការជួយឧបត្ថម្ភ​ដល់​អ្នកធាក់ស៊ីក្លូ​តាមរយៈ​សមាគម​មូលនិធិ​នេះ នឹង​ធ្វើឲ្យ​ជីវិត និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អ្នកធាក់ស៊ីក្លូ​ទូទាំងប្រទេស​កាន់តែ​ប្រសើរឡើង​។ លោក​ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ទេសចរណ៍​ជួយ​ទាក់ទាញ​ទេសចរ​បរទេស​ឲ្យចូល​រួម​ប្រើប្រាស់​ស៊ីក្លូ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជិះ​ស៊ីក្លូ ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​អ្នកធាក់ស៊ីក្លូ​។ មិនតែប៉ុណ្ណោះ ជា​ការរួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង និង​ជួយ​ថែរក្សា​ស៊ីក្លូ ដែល​អត្តសញ្ញាណ​មួយ​របស់​ជាតិ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត