លោកស្រី​​អ៊ុង​សាន ស៊ូ​ជី​៖​​កងទ័ព​​សារភាព​​ពី​ការសម្លាប់​មនុស្ស​​គឺជា​​ជំហាន​​វិជ្ជមាន​

13-01-2018 1:34 pm 959
លោកស្រី​អ៊ុងសាន ស៊ូជី​

​ការ​ភៀសខ្លួន​របស់​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ពី​មី​យ៉ាន់​ម៉ា ទៅកាន់​ប្រទេស​បង់​ក្លា​ដែស ដោយសារតែ​អំពើហិង្សា​កើតឡើង​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន​ចាប់ផ្ដើម​កាលពី​ខែសីហា​ឆ្នាំ​២០១៧ បានធ្វើឲ្យ​ល្បី​រន្ទឺ​ពេញ​ពិភពលោក​។​ការ​ភៀសខ្លួន​ទាំង​គំហុក​របស់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ដោយ​អ្នកខ្លះ​ត្រូវស្លាប់​ពេល​ធ្វើដំណើរ បានធ្វើឲ្យ​អន្ដរជាតិ​ថ្កោលទោស​យ៉ាងខ្លាំ​ងដល់​យោធា​មី​យ៉ាន់​ម៉ា​។​ថ្កោលទោស​យោធា​មី​យ៉ាន់​ម៉ា​ព្រោះថា ដោយសារតែ​ការបង្ក្រាប​និង​ការប្រើ​អំពើហិង្សា​លើ​ក្រុម​នេះ ទើប​ពួកគេ​សម្រេច​ចាកចេញ​ទាំង​ប្រថុយ​គ្រោះថ្នាក់​។​

​អង្គការសហប្រជាជាតិ​បាន​ចោទ​យោធា​មី​យ៉ាន់​ម៉ា​ថា បាន​ធ្វើទុក្ខបុកម្នេញ ប្រើ​អំពើហិង្សា សម្លាប់​យ៉ាង​រង្គាល ដែល​នេះ​ជា​ចេតនា​ចង់​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​ចេញពី​ប្រទេស​។​ចំណែក​អាមេរិក​វិញ​បាន​ទទូច​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា និង​បាន​ស្នើឲ្យ​រដ្ឋាភិបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ត្រូវ​រង​វិធានការ​ដោះស្រាយ​ជាបន្ទាន់​។​

​ការចោទប្រកាន់​ទាំង​ប៉ុន្មាន​ត្រូវ​យោធា​មី​យ៉ាន់​ម៉ា​បដិសេធ និង​បញ្ជាក់​ទៅវិញ​ថា​យោធា​ធ្វើ​ប្រតិ​បត្ដិការប​ង្ក្រា​បតែ​ក្រុមស​កម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ដែល​វាយប្រហារ​លើ​កង​ទ័ព​កន្លងមក​ប៉ុណ្ណោះ​។​ចាប់តាំងពី​មាន​ផ្ទុះ​អំពើហិង្សា​កើតឡើង​តាំងពី​ខែសីហា​ឆ្នាំមុន គ្មាន​សេចក្ដីរាយការណ៍​ថា​កងទ័ព​បានសម្លាប់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ទេ ទើបតែ​ប៉ុន្មាន​ថ្ងៃមុន​ដែល​យោធា​មី​យ៉ាន់​ម៉ា​ទទួលស្គាល់ថា កងទ័ព​របស់គេ​៤​នាក់​បាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​១០​នាក់​។​

​យោធា​មី​យ៉ាន់​ម៉ា​បាន​បើក​ការស៊ើបអង្កេត​ក្រោយ​រកឃើញ​ផ្នូរ​នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន លទ្ធផល​នៃ​ការស៊ើបអង្កេត​បង្ហាញថា នោះ​ជា​ផ្នូរ​កប់​សាកសព​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវបាន​កងទ័ព​ចូល​ដៃ​ជាមួយ​អ្នកភូមិ​សម្លាប់​ពួកគេ​។​យោធា​អះអាង​បន្ថែមថា កងទ័ព​ពិតជា​បាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទាំង​១០​នាក់​នោះ​មែន ដោយសារតែ​រង​ការគំរាមកំហែង​។​

​ជុំវិញ​ករណីនេះ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​បាន​លើកឡើងថា លោកស្រី​ពិតជា​ស្វាគមន៍​ចំពោះ​កងទ័ព​ដែល​បាន​សារភាព​ពី​អ្វីដែល​ពួកគេ​បានធ្វើ​។​វា​គឺជា​ជំហាន​វិជ្ជមាន​មួយ​។​នៅ​ទីបំផុត​នីតិរដ្ឋ​នៅ​មី​យ៉ាន់​ម៉ា​បានចេញ​មុខមក​ទទួល​ខុសត្រូវ​ចំពោះ​ប្រទេសជាតិ​ហើយ​។​អ្នក​ដែល​បានសម្លាប់​មនុស្ស​នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ យោធា​នឹង​ដាក់ទោស​កងទ័ព​ទាំងនោះ​។​វា​ជាការ​បញ្ជាក់ថា​មី​យ៉ាន់​ម៉ា​កំពុង​បោះជំហាន​លើ​ការទទួលខុសត្រូវ​ហើយ​។​

​សូមបញ្ជាក់ថា គិត​ដល់ពេលនេះ​មាន​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦៥​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស ដើម្បី​គេច​ពី​អំពើហិង្សា​។​ពួកគេ​នឹង​ត្រូវបញ្ជូន​ត្រឡប់មក​មី​យ៉ាន់​ម៉ា​វិញ​ក្នុងពេល​ឆាប់ៗ ព្រោះ​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែស​បានចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នារួ​ច​ហើយ​។​ប្រទេស​ទាំងពីរ​នឹង​បង្កើត​គណៈកម្មការ​មួយ​រៀបចំ​ការធ្វើ​មាតុភូមិនិវត្ដន៍​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​ប៉ុន្ដែ​អន្ដរជាតិ​នៅតែ​បារម្ភ និង​ថា​មី​យ៉ាន់​ម៉ា​មិនទាន់មាន​សុវត្ថិភាព​សម្រាប់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅវិញ​ទេ​៕

ព័ត៌មានផ្សេងទៀត