កម្ពុជា​នឹង​បំបែក​ឯតទគ្គ​កម្ម​ថ្មី​មួយទៀត​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​កុម្ពៈ​

13-01-2018 12:45 pm 1568
ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ក្នុងពិធីសម្ពោធយុទ្ធនាការបំបែកឯតទគ្គកម្ម កាលពីយប់ថ្ងៃទី១៣ ខែមករា ។ រូបថតពី fn ។

​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​នៅលើ​ពិភព ដែល​រៀបចំឡើង​ដោយ​ក្រុម​ការងារ​ចលនា GoGoCambodia នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ តាមរយៈ​ការចូលរួម​ត្បាញ​សរសៃ​ដំបូង​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ នៅ​វាល​ព្រះមេរុ ។ លោក សាន វឌ្ឍនា តំណាង​ក្រុមការងារ GoGoCambodia, លោក​ហ៊ុន ម៉ា​នី ក៏ដូចជា​សិល្បករ​និយម​ម៉ូដ​សំលៀក​បំពាក់​ដែល​ផលិត​ពី​ក្រមា កញ្ញា មាន សូ​នី​តា ថ្លែង​គាំទ្រ​ព្រម​គ្នា​ដោយ​ស្នើ​ពលរដ្ឋ​ទាំង​អស់​ចូលរួម​ត្បាញ​ក្រមា​ទាំងអស់គ្នា... 

​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នា​ល្ងាច​ថ្ងៃទី​១២ ខែ​មករា នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ ជាមួយនឹង​វត្តមាន​ពី​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល បុគ្គល​ឆ្នើម​ដែល​មាន​ឥទ្ធិពល​ក្នុងសង្គម ប្រធាន​ក្រុមហ៊ុន សមាគម វីរ​សិល្បករ សិល្បការិនី តារា​សម្តែង​ចម្រុះ​ជាច្រើនរូប សរុប​ប្រមាណ​ជា​៣០០​នាក់ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមការងារ​ចលនា GoGoCambodia យុទ្ធនាការ​ក្រមា​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​៣​ធំៗ​គឺ ទី​១ ដើម្បី​លើកកម្ពស់​មោទនភាព និង​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការបង្កើត​ស្នាដៃ​មួយ​ដែល​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ ទី​២ ដើម្បី​បង្ក​បរិយាកាស​ចូលរួម​ចំណែក​ពី​ប្រជាពលរដ្ឋ​ទាំងអស់​ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ និង​ទី​៣ ដើម្បី​ជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ ក្រោម​ដំបូល​នៃ​ការរួបរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេសជាតិ ។​

​ដោយឡែក​បើ​និយាយ​អំពី​គោលបំណង​នៃ​ការជ្រើសរើស​យក​ក្រមា មក​ធ្វើជា​ឧបករណ៍​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ថ្មី​របស់​កម្ពុជា​នេះ ប្រធាន​ក្រុម​ចលនា GoGoCambodia លោក​បណ្ឌិត សាន វឌ្ឍនា ប្រាប់ថា ក៏​ព្រោះ ដោយសារ​តែ​ក្រមា​មាន​សាមញ្ញ​បំផុត​សម្រាប់​ប្រជាជាតិ​កម្ពុជា សាមញ្ញ​ត្រង់​ថា អ្នកណា​ក៏​ប្រើប្រាស់​ក្រមា អ្នកណា​ក៏​អាច​ចូលរួម​បំបែក​ឯតទគ្គ​កម្ម​ត្បាញ​ក្រមា​បាន​…
​សំឡេង​លោក សាន វឌ្ឍនា ៖

​ប្រធាន​ក្រុម​ចលនា GoGoCambodia រូបនេះ បញ្ជាក់​បន្តថា យុទ្ធនាការ​នេះ មិនមែន​ត្រឹមតែ​ជា​ក្រមា​ដែល​វែង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ទេ តែ​វា​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ការចូលរួម សាមគ្គីភាព​របស់​ពល​រដ្ឋ​កម្ពុជា​ទាំងអស់ ។ ការចូលរួម​រួមគ្នា​ទាំងនេះ នឹង​ទាក់ទាញ​ចិត្ត​ពលរដ្ឋ​ទាំងអស់​ឱ្យ​ជឿថា ខ្មែរ​យើង​ធ្វើបាន និង​រួម​គ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ​បន្តទៀត​…
សំឡេង​លោក សាន វឌ្ឍនា ៖

​លោក​បណ្ឌិត សាន វឌ្ឍនា បញ្ជាក់ថា ក្រមា​ដែល​គ្រោង​ត្បាញ មាន​ប្រវែង​១០០០​ម៉ែត្រ​នោះ គឺ​នឹង​ជ្រើសរើស​ពណ៌​ក្រហម​លា​យស ជា​ពណ៌​ក្រមា​របស់​ប្រជាជន​កម្ពុជា ច្រើន​និយម​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ លោក​រំពឹង​ថា នឹង​ទទួលបាន​ការគាំទ្រ ឬ​ចូលរួមបាន​ច្រើន តាមរយៈ​ការនិយាយ​អំពី​ក្រមា តាមដាន​អំពី​យុទ្ធនាការ​ក្រមា និង ត្បាញ​ក្រមា​រួមគ្នា ។ ប្រធាន​ក្រុមការងារ​រូបនេះ អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូលរួម​ត្បាញ​ឱ្យ​បាន​ទាំងអស់​គ្នា ចូលរួម​ច្រើន​កាលណា ការ​ត្បាញ​ក្រមា​ក៏​ឆាប់​ចប់​នៅពេល​នោះ​ដែរ ។​

​យ៉ាងណាម៉ិញ​តារា​សម្តែង​កញ្ញា មាន សូ​នី​តា ដែល​ត្រូវបាន​គេ​ហៅថា​ជា​រាជ​នី​ក្រមា ក៏​ព្រោះ​សកម្មភាព​នៃ​សិល្បៈ​លើកស្ទួយ​ក្រមា​ខ្មែរ​នោះ​បាន​ប្រាប់ថា កញ្ញា​មាន​អារម្មណ៍​សប្បាយចិត្ត​ត្រង់​ថា ក្តី​ស្រ​មៃនិង​សកម្មភាព​របស់​កញ្ញា​ដែល​ធ្វើឡើង ដើម្បី​លើកស្ទួយ​ក្រមា​ខ្មែរ​កន្លងមក ត្រូវ​បាន​ផុស​រូបរាង​ឡើង ។ កញ្ញា​ជឿថា ពលរដ្ឋ​ខ្មែរ​ទាំង​មូលនឹងចូលរួម និង​អាចធ្វើ​បាន​រួមគ្នា​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​នេះ​…
សំឡេង​កញ្ញា មាន សូ​នី​តា ៖

​ទន្ទឹមនឹងនេះ លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ថ្លែង​គាំទ្រ​យុទ្ធនាការ​នេះ​ទាំងស្រុង ។ លោក​បញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែរ នឹង​ចូលរួម​ចំណែក​បំបែក​កំណត់ត្រា​ថ្មី ហើយ​លោក​ជឿ​ថា​ខ្មែរ​នឹង​អាច​ធ្វើបាន​…
​សំឡេង​លោក ហ៊ុន ម៉ា​នី ៖

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូបនេះ ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​ទាំងអស់គ្នា បើ​ទោះបីជា​មិន​ចេះ​ត្បាញ​ក្រមា​ក៏ដោយ ក៏​មាន​អ្នកជំនាញ​រង់ចាំ​បង្ហាត់បង្ហាញ​ពី​ការ​ត្បាញ​នៅ​នឹង​កន្លែង​ស្រាប់​…
​សំឡេង​លោក ហ៊ុន ម៉ា​នី ៖

​គូសបញ្ជាក់ថា យុទ្ធនាការ​ត្បាញ​ក្រមា​ដែលមាន​ប្រវែង​វែង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក នឹង​ចាប់ផ្តើម ពិធី​ត្បាញ​សរសៃ​ដំបូង នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វា​ព្រះមេរុ ។ យុទ្ធនាការ​នេះ នឹង​បើក​ជា​សាធារណៈ សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​ប្រកាន់​និន្នាការ ដើម្បី​ចូលរួម​ត្បាញ​ដោយ​ផ្ទាល់​ដៃ​ទាំងអស់គ្នា ។ ក្នុងនោះ ដើម្បី​សម្រួល​ដល់​ការចូលរួម​ត្បាញ ក្រុម​ការងារ​ផ្នែក​បច្ចេកទេស បាន​ត្រៀម​រៀបចំ​ពិព័រណ៍​បង្ហាញ​ពី​របៀប​នៃ​ការ​ត្បាញ​ដោយ​អ្នក​តម្បាញ​ជំនាញ​នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​តែម្តង ។​

GoGoCambodia អំពាវនាវ​ដល់​ពលរដ្ឋ សាធារណជន និង​ជនរួមជាតិ​ទាំងអស់ មេត្តា​ចូលរួម​គាំទ្រ​យុទ្ធនាការ​ក្រមា តាមរយៈ​ការបន្ត​ផ្សព្វផ្សាយ​ពី យុទ្ធនាការ​ក្រមា បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ពិសេស​ជំរុញ​ឱ្យមាន​ការចូលរួម​ពី​មហា​គ្រួសារ​ខ្មែរ ដើម្បី​បំបែក​នូវ​ឯតទគ្គ​កម្ម​ថ្មី​មួយទៀត សម្រាប់​កម្ពុជា​ទាំងអស់​គ្នា ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

 

ព័ត៌មានផ្សេងទៀត