ក្រុមប្រឆាំង​ប្រមូលផ្តុំ​គ្នា​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​​នៅ​​ក្រៅ​ប្រទេស​​

13-01-2018 11:00 am 3082

​ថ្នាក់ដឹកនាំ សមាជិក និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស​។ ក្រុមប្រឆាំង​ថា ការបង្កើត​ចលនា​នេះ​ឡើង គឺ​ដោយ​​សារ​​ពួកគេ​អស់សង្ឃឹម​អំពី​ដង្ហើម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច ហៅ​ការបង្កើត​ចលនា​របស់​ក្រុមប្រឆាំង​នេះ ជា​ចលនា​ឧទ្ទាម​និយម​ខុសច្បាប់ ហើយ​ថា ពួក​គេ​​នឹង​គ្មាន​លទ្ធភាព​ធ្វើ​សកម្មភាព​អ្វី​នោះទេ​។

សេចក្តីថ្លែងការណ៍​ចលនា​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​១២ ខែមករា​ម្សិលមិញ បញ្ជាក់ថា ចលនា​នេះ​បង្កើតឡើង ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ ទាមទារ​ឲ្យមាន​ការដោះលែង លោក​កឹម​សុខា អ្នកទោស​មនសិកា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។ ក្រុម​មេដឹកនាំ​នៃ​ចលនា​សង្គ្រោះ​ជាតិ​អះអាងថា ចលនា​នេះ​នឹង​ចាប់ ផ្តើម​ប្រមូលផ្តុំ​រាល់​អ្នកស្នេហាជាតិ​ទាំងអស់ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​រហូត​បាន​ជោគជ័យ​។ ក្រុមប្រឆាំង​ទាំងនោះ ក៏បាន​អំពាវនាវ​ឲ្យដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូល​រួមជាមួយ​ចលនា​របស់ខ្លួន​ផងដែរ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន ហៅ​ការបង្កើត​ចលនា​របស់​ក្រុមប្រឆាំង​នេះ ជា​ចលនា​ឧទ្ទាម​និយម​ខុសច្បាប់ ហើយ​ថា ពួកគេ​នឹង​គ្មាន​លទ្ធភាព​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅ​ក្រៅប្រទេស​នោះទេ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​លើកឡើងថា រាល់​មហិច្ឆតា ឬ​ក្តី​ស្រម៉ៃ​របស់​ពួកគេ គឺ​មិន​អាចទៅរួច ហើយក៏​មិនអាច​ក្លាយជា​ការពិត​ដែរ​....
​សំឡេង​លោក​សុខ ឥសាន​៖

​គួរ​បញ្ជាក់ថា ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​កន្លងទៅ ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​មួយចំនួន បាន​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ហើយ​បាន​យក​ទឹកដី​បរទេស​ធ្វើជា​មូលដ្ឋាន ដឹកនាំ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ដែល​គាំទ្រ​ខ្លួន​ធ្វើបាតុកម្ម​តវ៉ា ទាមទារ​ឲ្យមាន​កិច្ច​អន្តរាគមន៍ពីសហ​គ​មន៍​អន្តរជាតិ​។ ហើយ​បច្ចុប្បន្ន ពួកគេ​នៅតែ​បន្ត​សុំ​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ដដែល​។​

​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ក្រុម​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​ទាំងនោះ បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​នេះ​ឡើង ដោយ​ក្នុង​សមាសភាព​ចលនា​មួយ​នេះ រួមមាន​លោក​អេង ឆៃអ៊ាង លោក​ជា គឹម​លី លោក​សម រង្ស៊ី លោក​អ៊ុង រិទ្ធី លោក​គា រី អ្នកស្រី​ជូ​ឡុង សូ​មួ​រ៉ា អ្នកស្រី​មួរ សុខ​ហួរ លោក​តុ វ៉ាន់​ចាន់ និង​លោក​ទួន យ​ក់ដា​។ តែ​យ៉ាងណា ចលនា​នេះ នៅ​មិនទាន់បាន​កំណត់​ទីតាំង​ច្បាស់លាស់ និង​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត